ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្តម អ៊ុន ចាន់ដា ណែនាំដល់អាជ្ញាធរស្រុក និងមន្ទីរពាក់ព័ន្ធ ត្រូវដាក់កម្លាំង​ប្រចាំការ​នៅ​តំបន់រង​ដោយ​ទឹកជំនន់ ដើម្បីជួយ​ប្រជាពលរដ្ឋ

AKP ព្រះវិហារ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ ​-ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត​ព្រះវិហារ បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងទឹកលិចជាក់ស្តែងស្ថិតនៅភូមិសួង និង ភូមិកំពង់ពោធិ ឃុំស្រឡៅ១ ត្រង់ទន្លេល្ពៅ និងទន្លេមេគង្គលើ និង​ ឃុំកំពង់​ស្រឡៅ២ ស្រុកឆែប កាលពីថ្ងៃអង្គារ ៤រោច ​ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ ។

ឯកឧត្តម អ៊ុន ចាន់ដា បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅ​តាមដង​ទន្លេមេគង្គ​លើ និងទន្លេល្ពៅ ក្នុងភូមិសាស្ត្រ ឃុំកំពង់ស្រឡៅ១ និងកំពង់ស្រឡៅ២ ក្នុងស្រុកឆែប ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ខណៈទឹកទន្លេកំពុងតែ​ឡើងជាបន្ដ​បន្ទាប់​ពីមួយ​ថ្ងៃទៅមួយថ្ងៃដែលបណ្តាលមកពីបាក់ទំនប់វារីអគ្គិសនីនៅប្រទេសឡាវ ។ ដូច្នេះ​មន្ត្រីជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ត្រូវចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ជាប្រចាំ ហើយបើមានការប្រែប្រួលយ៉ាងណាត្រូវធ្វើការជូនដំណឹងដល់ប្រជាពលរដ្ឋ និង ធ្វើការ​ជម្លៀសពួកគាត់មកទីទួលសុវត្ថិភាពជាបន្ទាន់ចៀសវាងការបង្កការគ្រោះថ្នាក់ដល់ពួកគាត់ ។

ឯកឧត្តម បានបន្តឱ្យដឹងថា ដោយពិនិត្យស្ថានភាពជាក់ស្តែង ទឹកទន្លេមាន​ការឡើងជា​បន្តបន្ទាប់ បណ្តាលឱ្យលិចផ្លូវ លិចដីស្រែរបស់ប្រជាពលរដ្ឋមួយចំនួន តែមិនទាន់​ធ្ងន់​ធ្ងរ​នៅឡើយទេ អាចធ្វើដំណើរបាន។ ដោយឡែកអាជ្ញាធរខេត្ត និងអាជ្ញាធរស្រុកឆែប ក៏បានត្រៀមមធ្យោបាយសម្រាប់បម្រើឱ្យការដឹកជញ្ជូនរួចជាស្រេចហើយដែរ ។ អាជ្ញាធរ​ស្រុកឆែប បានត្រៀមទីទួលសុវត្ថិភាពចំនួន២កន្លែង ដោយទីទួលទី១​ស្ថិត​នៅក្បែរ​ជើងភ្នំម្អមកំពង់ស្រឡៅទី១ និង ទីទួលទី២ នៅក្នុងបរិវេណអនុវិទ្យាល​កំពង់​ស្រឡៅទី២ សម្រាប់ឱ្យប្រជាពលរដ្ឋមកស្នាក់នៅបណ្តោះអាសន្ន ក្នុងករណីទឹកនៅតែ​បន្តឡើង ដែលធ្វើឱ្យប៉ះពាល់ដល់ការរស់នៅ ។

ក្នុងឱកាសនៃការអញ្ជើញចុះទៅពិនិត្យដោយផ្ទាល់ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានអំពាវ​នាវឱ្យពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីរក្សាសុវត្ថិភាពពីគ្រោះទឹកទឹកជំនន់ ជា​ពិសេស​ត្រូវថែទាំសុខភាព ហូបស្អាត ផឹកស្អាត និងមានអនាម័យល្អ ត្រូវមានការប្រុង​ប្រយ័ត្នខ្ពស់ ៕

ដោយ ទិត ស្រ៊