ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញ សម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ការណូតដឹកអ្នកដំណើរ ពីព្រែកព្នៅ ទៅក្រុងតាខ្មៅ នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨នេះ

វិទ្យុជាតិកម្ពុជា៖ អត្ថបទ និងរូបថត ដោយ លោក ចន ណារិទ្ធ៖

រាជធានីភ្នំពេញ៖ បើមិនមានការប្រែប្រួលនោះទេ នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាច្រកម្ពុជា នឹងអញ្ជើញសម្ផោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាណូតដឹកអ្នកដំណើរ ពីចំណតព្រែកព្នៅ រាជធានីភ្នំពេញ ទៅក្រុងតាខ្មៅ ខេត្តកណ្ដាល ។

ឯកឧត្តម ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា កាណូតដឹកអ្នកដំណើរពីចំណតព្រែកព្នៅ រាជធានីភ្នំពេញ ទៅក្រុងតាខ្មៅខេត្តកណ្ដាលនេះក្នុង១គ្រឿងមានតម្លៃជាង២០ម៉ឺនដុល្លារ គឺដើម្បីដោះស្រាយបញ្ហាការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ ។ឯកឧត្តម បន្តថា តាមគម្រោងសេវាកម្មដឹកអ្នកដំណើរតាមផ្លូវទឹក មានកាណូតល្បឿនលឿន ចំនួន២០គ្រឿង ដែលក្នុងមួយគ្រឿង អាចផ្ទុកអ្នកដំណើរ បានចំនួន៩៩នាក់ និងមានពោងសុវត្ថិភាពជាដើម ដោយចាប់ដំណើរការ ពីម៉ោង ៦ព្រឹករហូតដល់ម៉ោង ៨ យប់ ។

ឯកឧត្តម ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា នៅថ្ងៃអនាគត ក្រសួងនឹងធ្វើយ៉ាងណាខិតខំធ្វើការពង្រីកប្រពន្ធ័ផ្លូវទឹក ផ្លូវដែក ផ្លូវគោក និងភ្ជាប់ជាមួយរថយន្ដក្រុងសាធារណៈ ដើម្បីផ្ដល់ភាពងាយស្រួលជូនអ្នកដំណើរ ។

សូមបញ្ជាក់ថា ការណូតដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹក ពីចំណតព្រែកព្នៅ រាជធានីភ្នំពេញ ទៅក្រុងតាខ្មៅ ខេត្តកណ្តាលនេះ ដោយឆ្លងកាត់ស្ថានីយ៍រង់ចាំអ្នកដំណើរចំនួន៦កន្លែង គឺចំណតព្រែកព្នៅ ចំណត មុខឃ្លាំងសាំងឫស្សីកែវ ចំណតបណ្តែត ចំណតណាហ្គា ចំណតភូមិដើមចាន់ច្បារអំពៅ និងចំណតសួនច្បារតាខ្មៅ ដោយប្រើប្រាស់ពេលវេលាជិត១ម៉ោង ។

គួររំលឹកថា ការណូតដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹក ពីចំណតព្រែកព្នៅ រាជធានីភ្នំពេញ ទៅក្រុងតាខ្មៅ ខេត្តកណ្តាលនេះ ត្រូវបានដាក់ឱ្យដំណើរការបណ្ដោះអាសន្ន ស្ថិតក្នុងអធិបតីភាព ឯកឧត្តម ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីព្រឹក ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ កន្លងមក ។