ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ចិនចេញមុខប្រកាសសាទរចំពោះការបោះឆ្នោតនៅកម្ពុជាកាលពីថ្ងៃទី២៩ កក្កដា

AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨–​រដ្ឋាភិបាលចេញតាមរយៈមន្ត្រីអ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រកាសសាទរ ចំពោះដំណើរការរៀបចំការបោះឆ្នោតនៅកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា និងជូនពរកម្ពុជា កាន់តែទទួលបាននូវការរីកចម្រើនសម្រាប់រាជរដ្ឋាភិបាល និងរដ្ឋសភា ក្នុងអាណត្តិទី៦នេះ។

​យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសចេញដែលចេញផ្សាយនៅថ្ងៃទី៣១ កក្កដា នេះ លោក Geng Shuang អ្នកនាំពាក្យក្រសួងការបរទេសចិន កាលពីថ្ងៃចន្ទទី៣០ ខែកក្កដា បានគូសបញ្ជាក់ថា ក្នុងនាមជាមិត្ត និងអ្នកជិតខាងល្អ ចិនសម្តែងការអបអរសាទរដ៏ស្មោះត្រង់ ចំពោះជោគជ័យនៃការបោះឆ្នោតនៅកម្ពុជា។

​អ្នកនាំពាក្យក្រសួងការបរទេស បានលើកឡើងថា ភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំ ទូលាយរវាង ចិននិងកម្ពុជាបានរក្សាសន្ទុះដ៏ល្អនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។

លោក ថា ការផ្លាស់ប្តូរទំនាក់ទំនងកម្រិតខ្ពស់រវាងប្រទេសទាំងពីរ បានផ្តល់ផលប្រយោជន៍ឱ្យគ្នា ទៅវិញទៅមកនៅក្នុងវិស័យផ្សេង។

​ជំហររបស់ប្រទេសចិននេះ គឺវាផ្ទុយទៅនឹងជំហររបស់រដ្ឋាភិបាលអាម៉េរិក និងប្រទេសមួយចំនួនដែលបានចេញមុខប្រតិកម្មចំពោះការបោះឆ្នោតនៅកម្ពុជា ដោយក្នុងអាម៉េរិកបានចាត់ ទុកការបោះឆ្នោតលើកនេះគឺគ្មានភាពសេរី និងយុត្តិធម៌។ អាម៉េរិកក៏ព្រមានចាត់វិធានការបន្ថែមទៀតចំពោះកម្ពុជាផងដែរ។
​យោងតាមលទ្ធផលបឋមរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ថា ប្រជាពលរដ្ឋបានទៅចូលរួមបោះឆ្នោតនៅទូទាំងប្រទេសមាន ចំនួនជាង៧ លាននាក់ ស្មើនឹង៨២.៨៩ ភាគរយ ដែលចំនួននេះមានការ កើនឡើងយ៉ាងខ្លាំង លើសពីឆ្នាំ២០១៣ ដែលមានតែ៦៩.៦១ ភាគរយតែប៉ុណ្ណោះ។

​ការបោះឆ្នោតលើកនេះ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រនាំមុខគេ ច្រើនលើសលុបរហូតដល់ ៤,៨៧៥,១៨៩ ដែលស្មើនឹងចំនួន ៧៦.៧៨ភាគរយ នៃចំនួនអ្នកទៅបោះឆ្នោតទាំងមូល៕

ដោយ ចាន់ សុធីវង្ស