ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាបបង្ហាញថា ភ្ញៀវទេសចរដែលមកកម្សាន្តនៅក្នុងខេត្ត មានការចាប់អារម្មណ៍ទៅកម្សាន្តនៅតាមសហគមន៍ទេសចរណ៍

AKP សៀមរាប ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨–​ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាបបង្ហាញថា គម្រោងសៀមរាបក្រៅពីមាន ប្រាសាទ ខេត្តបានកំពុងតែទាក់ទាញអ្នកទេសចរឱ្យទៅកម្សាន្តនៅសហគមន៍ទេសចរណ៍ កាន់តែច្រើន និងបានផ្តល់ប្រាក់ចំណូលដល់ប្រជាពលរដ្ឋនៅសហគមន៍ធ្វើឱ្យជីវភាពរបស់ ពួកគាត់ល្អប្រសើរជាងមុន។

​លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាបបាន ឱ្យដឹងនៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨នេះថា ដើម្បីឱ្យប្រជាពលរដ្ឋនៅតាមសហគមន៍ ទទួលបានចំណូលដោយផ្ទាល់ពីវិស័យទេសចរណ៍រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតឱ្យមាន កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចនៅជនបទដែលគំាទ្រថវិកាដោយរដ្ឋាភិបាលអាល្លឺម៉ង់ និងស៊្វីស។

កម្មវិធីនេះសម្រាប់នៅខេត្តសៀមរាប គឺបានកំពុងអនុវត្តន៍លើគម្រោងសៀមរាប ក្រៅពីប្រាសាទ ក្នុងគោលបំណងជំរុញឱ្យភ្ញៀវទេសចរដែលមកទស្សនាខេត្តសៀមរាប និងប្រាសាទនៅតំបន់អង្គរ ស្នាក់នៅយូរជាងមុន និងទទួលបានបទពិសោធន៍ពីតំបន់ ទេសចរណ៍ផ្សេងៗទៀតនៅក្នុងខេត្តសៀមរាប។

​លោកបន្តថា ក្រៅពីប្រាសាទបុរាណខេត្តសៀមរាបមាន ផ្ទះស្នាក់បែបបុរាណ ភោជនីយដ្ឋានក្នុងស្រុក ទំនៀមទម្លាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាជន វប្បធម៌ និងសហគមន៍ទេសចរណ៍ជាច្រើនទៀត ដែលភ្ញៀវទេសចរ តែងតែចង់ឈ្វេងយល់ និងទៅដោយផ្ទាល់។ ដើម្បីឱ្យអ្នកទេសចរបានស្គាល់ពីរមណីយដ្ឋានធម្មជាតិជាច្រើន ដែលមាននៅសៀមរាបក្រៅពីប្រាសាទបុរាណ គម្រោងនេះបានបង្កើតឱ្យមានផែនទី ទេសចរណ៍សៀមរាបក្រៅពីប្រាសាទ ដែលផែនទីនេះបានបង្ហាញអំពីរមណីយដ្ឋាន ធម្មជាតិទាំងអស់នៅក្នុងខេត្តសៀមរាបឱ្យអ្នកទេសចរបានដឹង និងដាក់ទៅជូនទៅ ទីភ្នាក់ងារទេសចរណ៍ទំាងអស់ ដើម្បីដាក់បញ្ជូលទៅក្នុងកញ្ចប់ទស្សនា ដែលបានលក់ជូនអ្នកទេសចរ។

​លោក ង៉ូវ សេងកាត់ បានបញ្ជាក់ថា បន្ទាប់ពីបានអនុវត្តន៍ គម្រោងសៀមរាបក្រៅពីប្រាសាទបុរាណអស់រយៈពេល២ឆ្នាំកន្លងមកនេះ ឃើញថាបច្ចុប្បន្ននេះ មានភ្ញៀវទេសចរជាច្រើនបានចាប់អារម្មណ៍ ទៅកម្សាន្តនៅ តាមរមណីយដ្ឋានធម្មជាតិ និងសហគមន៍ទេសចរណ៍ ដូចជានៅសហមគន៍ ទេសចរណ៍បន្ទាយស្រី រមណីដ្ឋានត្រាវកុដ្ឋ រមណីយដ្ឋានចង្កានរយ និងការរៀបចំឱ្យ អ្នកទេសចរបានបោះតង់ស្នាក់នៅតាមសហគមន៍ទេសចរណ៍ ការជិះទូកកម្សាន្ត ការជិះរទេះគោ និងការទៅឈ្វេងយល់អំពីទំនៀបទម្លាប់ការ រស់នៅរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍ដោយផ្ទាល់។

​លោកបានបន្តថា ទន្ទឹមនឹងភ្ញៀវទេសចរចាប់អារម្មណ៍ទៅកម្សាន្តច្រើន នៅតាមសហគមន៍ទេសចរណ៍មន្ទីរទេសចរណ៍ក៏បានបញ្ជូនមន្រ្តីជំនាញរបស់ខ្លួនឱ្យទៅជួយដល់ប្រជាពលរដ្ឋក្នុងការរៀបចំផ្ទះស្នាក់ឱ្យបានល្អ ម្ហូបអាហារមានគុណភាព និងអនាម័យ ដើម្បីឱ្យអ្នកដែលបានស្នាក់នៅទទួលទានអាហារហើយមានការពេញចិត្ត។

ក្រៅពីនេះមន្ទីរទេសចរណ៍ជាពិសេសអាជ្ញាធរខេត្តសៀមរាបបានកំពុងតែជួយរៀបចំសហគមន៍ដែលមានសក្តានុពលទេសចរណ៍ស្រាប់ឱ្យក្លាយទៅជាសហគមន៍ទេសចរណ៍ជំរុ ញភ្ញៀវឱ្យទៅកម្សាន្តសហមគន៍ទាំងនេះ ដើម្បីធ្វើឱ្យចំណូលដែលបានមក ពីវិស័យ ទេសចរណ៍ បានដល់ដៃប្រជាពលរដ្ឋនៅសហគមន៍ដោយផ្ទាល់និងធ្វើឱ្យជីវភាព របស់ពួកគាត់ល្អប្រសើរជាងមុន៕

ដោយ ឃុត សៅ