ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រដ្ឋបាលរាជធានី បង្កើតឡតិ៏ដុតសំរាម នៅខណ្ឌជាយក្រុង ដែលក្រុមហ៊ុនប្រមូលសម្រាមស៊ីនទ្រីយកមិនអស់

វិទ្យុជាតិកម្ពុជា៖ អត្ថបទ លោក អ៊ួង វុធ រូបថតលោក ចន ណារិទ្ធ៖

រដ្ឋបាលរាជធានីភ្នំពេញ បង្កើតឡតិ៏ដុតសំរាមថ្មី នៅខណ្ឌជាយក្រុង ក្នុងសហគមន៍អណ្តូង ស្ថិតក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ ដើម្បី កាត់បន្ថយកាកសំណល់សំរាម បង្កើតឲ្យមានបរិស្ថានល្អជូនបងប្អូនប្រជាពលរដ្ឋរស់នៅសហគមន៍។

ក្នុងដំណើរចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងត្រួតពិនិត្យឡត៏ដុតសំរាមថ្មីនៅសហគមន៍អណ្តូង ក្នុង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ កាលពីព្រឹកថ្ងៃទី៣១ កក្តដា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំ ពេញបានណែនាំដល់អាជ្ញាធរមូលរដ្ឋាន សង្កាត់ ខណ្ឌ ពិសេសប្រជាពលរដ្ឋខ្លួនឯងតែម្តង ត្រូវរួមគ្នាយកចិត្តទុកដាក់គិតគូរអំពីការទុកដាក់សំរាមឲ្យបានល្អ ធ្វើយ៉ាងណា រួមគ្នាសំអាតមូលដ្ឋានខ្លួន ដើម្បី កាត់បន្ថយកាកសំណង់សំរាម បង្កើតឲ្យមានបរិស្ថានល្អ ប្រសើរឡើង ព្រោះនៅពេលនេះ អាជ្ញាធរបានបង្កើត ឲ្យមានឡត៏ដុតសំរាមនៅក្នុងសហគមន៍របស់ខ្លួនហើយ ។

ឯកឧត្តមអភិបាលបន្តថា ការបង្កើតឲ្យមានឡត៏ដុតសំរាម នៅខាងក្រៅក្រុង តាមបណ្តាខណ្ឌជាយក្រុងនេះ ដោយសារក្រុមហ៊ុនស៊ីនទ្រីចុះយកមិនអស់។ ម្យ៉ាងទៀត ឯកឧត្តម ក៏ធ្លាប់សុំគោលការណ៏ ពីក្រសួងបរិស្ថានផងដែរ ព្រោះការបង្កើតឡត៏ដុតសំរាមនេះ វាធ្វើឲ្យបរិស្ថានប្រសើរជាងការទុកចោល ដែលបង្ករនាំឲ្យមានក្លិនមិនល្អ កើតមានមេរោគប៉ះពាល់ដល់សុខភាពសាធារណៈ ។

ក្នុងនោះដែរ ឯកឧត្តម អភិបាលក៏បានជំរុញឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ រៀបចំធ្វើផ្លូវ ប្រព័ន្ធលូ បង្ហូរទឹក នៅក្នុងសហគមន៍នេះ ឲ្យបានល្អដើម្បី ភាពងាយស្រួលក្នុងការរស់នៅរបស់បងប្អូនឲ្យកាន់តែប្រសើរឡើង។ ក្រៅពីការសួរសុខទុក្ខ និងពិនិត្យឡត៏ដុតសំរាម នៅសហគមន៍អណ្តូង ឯកឧត្តមអភិបាល បានបន្តទៅកាន់សហគមន៍សំព័រថ្មីនិងសហគមន៍អណ្តូងថ្មីរុងរឿង២បន្តទៀត បានណែនាំមន្ត្រីជំនាញ ឲ្យរៀបចំហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដូចជាការដាក់បង្គោលភ្លើង និងធ្វើផ្លូវជូនបងប្អូនជាដើម។ បន្ទាប់ពី សហគមន៏ខាងលើ ឯកឧត្តមអភិបាល បន្តដំណើរចុះត្រួតពិនិត្យ ការរៀបចំប្រព័ន្ធលូ បង្ហូរទឹក និងផ្លូវមួយខ្សែរ នៅក្នុងសហគមន៍សំរោងមានជ័យ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ បាន ដាក់ផែនការឲ្យមន្ត្រីជំនាញពាក់ព័ន្ធ ពន្លឿនរៀបចំកសាងផ្លូវជូនបងប្អូនបន្ថែមទៀត ។

សូមបញ្ជាក់ថា៖ ប្រជាពលរដ្ឋ ដែលកំពុងរស់នៅសហគមន៏អណ្តូងនេះ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ បញ្ជូនមកពីសហគមន៏មិនរៀបរយនានាក្នុងរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៦ ដូចជាអគារប៊ូលឌីញ សំណង់មិនរៀបរយសំបុក្រចាប ដីក្រហម និងបូរីកីឡាជាដើម។ រហូតមកដល់បច្ចុប្បន្ន សហគមន៏ទាំងនេះ ទទួលបានការអភិវឌ្ឍរីកចំរើនលើផ្នែកហេដ្ឋារចនាសម្ព័័ន្ធមាន សាលា ផ្សារ មន្ទីរពេទ្យ ផ្លូវ លូ បណ្តាញទឹកជាដើម។ដែលទាំងអស់នេះ គឺបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ មកលើប្រជាពលរដ្ឋ ៕