ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រសួងវប្បធម៌ ជំរុញការថតខ្សែភាពយន្តបរទេសនៅកម្ពុជាឲ្យបានកាន់តែច្រើន

វិទ្យុជាតិកម្ពុជា៖ ដោយ លោក វ៉ាង ភក្តី៖

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជំរុញការថតភាពយន្តបរទេសនៅកម្ពុជា ខណៈការផលិតក្នុងស្រុកយ៉ាងហោចណាស់បានតែជាង២០រឿង ក្នុងមួយឆ្នាំៗ ហើយមានការនាំចូលភាពយន្តបរទេសជាង២០០រឿង។

លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រាជរដ្ឋាភិបាល ចង់ឱ្យកម្ពុជាក្លាយជាដែនដីថតភាពយន្តបរទេស តាមរយៈជំរុញការថតភាពយន្តក្នុងស្រុក និងទាក់ទាញផលិតករបរទេសឱ្យមកថតភាពយន្តនៅកម្ពុជា។

ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ស្តីពីការសម្រួលការផលិតស្នាដៃភាពយន្តក្នុងប្រទេសកម្ពុជា ដែលធ្វើនៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រឹកថ្ងៃទី៣១ ខែកក្កដានេះលោកជំទាវ បានបញ្ជាក់ថា នៅពេលកម្ពុជាទទួលបានការមកថតភាពយន្តពីបរទេសកាន់តែច្រើន វានឹងជំរុញដល់ចំណូលសេដ្ឋកិច្ចជាតិ ភាពល្បីរន្ទឺពីប្រទេសកម្ពុជា និងអាចផ្តល់នូវចំណេះដឹង និងបទពិសោធន៍ដល់ផលិតករក្នុងស្រុកផងដែរ។ លោកជំទាវ ស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែន ធ្វើការសហការគ្នា ក្នុងការគ្រប់គ្រងការថតភាពយន្តរបស់ជនបរទេសនៅលើទឹកកម្ពុជា ដើម្បីចៀសវាងការបាត់បង់ផលប្រយោជន៍ជាតិ ដោយសារឧបសគ្គមិនបានថត ឬការថតភាពយន្តណា ដែលធ្វើឱ្យប៉ះពាល់ផលប្រយោជន៍ និងកិត្តិយសជាតិ នៅពេលត្រូវបានផ្សព្វផ្សាយ។

លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បានឱ្យដឹងថា សេវាសាធារណៈសម្រាប់វិស័យភាពយន្តមានរហូតដល់៦៨ទម្រង់ជាអាទិ៍៖ ការផ្តល់អាជ្ញាបណ្ណផលិតភាពយន្ត ការសុំអនុញ្ញាតនាំចូលភាពយន្ត ការចុះបញ្ជីបើកអាជីកម្មផលិតភាពយន្ត សេវាពិនិត្យ អត្ថបទភាពយន្ត ការផ្តល់លិខិតអនុញ្ញាតឱ្យថតភាពយន្ត ជាដើម។ ផលិតកម្មអន្តរជាតិ ដែលបានមកសុំច្បាប់ និងទិដ្ឋាការថតភាពយន្តនៅកម្ពុជាមានដូចជា ភាពយន្តខ្នាតវែង ភាពយន្តខ្នាតធំ និងភាពយន្តឯកសារ ជាដើម។

យោងតាមរបាយការណ៍ពីនាយកមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញ និងទទួលថតភាពយន្តនៅកម្ពុជា បានឱ្យដឹងថា ផលិតករភាពយន្ត ផលិតករឯកសារ និងផលិតករទូរទស្សន៍បរទេស ដែលមកថតនៅកម្ពុជាមានការកើនឡើងជារៀងរាល់ឆ្នាំ។

ការថតភាពយន្តបរទេសនៅកម្ពុជា ក្នុងមួយរឿង មានតម្លៃចាប់ពី២៥ម៉ឺនដុល្លារ រហូតដល់ជាង៣០លានដុល្លារ ដូចជា រឿង«មុនដំបូងខ្មែរក្រហមសំលាប់ឪពុកខ្ញុំ»៕