ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

កងទ័ពស៊ីរីពង្រឹងទីតាំងនៅ ស្វេដា ប្រឆាំងនឹងការវាយប្រហារដែលអាចមានរបស់ IS

AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ — ក្រុមត្រួតពិនិត្យមើលមួយរាយការណ៍ពីថ្ងៃចន្ទនេះថា យោធាស៊ីរី និងពួកយុទ្ធជនស្និទ្ធរដ្ឋាភិបាល នៅក្នុងខេត្តស្វេដា នៅ​ភាគខាងត្បូង បានពង្រឹងទីតាំងរបស់ពួកគេប្រឆាំងនឹងការវាយប្រហារជាថ្មីដែលអាចមានដោយពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម​(​ IS ) ។


កិច្ចប្រឹងប្រែងពង្រឹងទីតាំងនេះ ធ្វើឡើងបន្ទាប់ពីក្រុមសកម្មប្រយុទ្ធ IS បានបើកការវាយប្រហារដ៏ធំមួយលើស្វេដា កាលពីថ្ងៃ ពុធកន្លងទៅ ។ IS បានចាប់ពង្រត់ស្ត្រី​៣៦នាក់ ក្នុងអំឡុងការវាយលុកនោះដែលនាំឱ្យមានមនុស្សស្លាប់ ២៥៥នាក់ ដែលរួមមានពួកជនស៊ីវិល និងពួកយុទ្ធជនដែលបានស្លាប់ដោយការពារទីក្រុងរបស់ពួកគេពីការវាយប្រហាររបស់ IS ។

តាមកន្លែងសង្កេតមើលសិទ្ធិមនុស្សស៊ីរីឱ្យដឹងថា បន្ទាប់ពីការចាប់ពង្រត់ពួកសកម្មប្រយុទ្ធ IS បានទាមទារឱ្យបញ្ឈប់ការវាយប្រហារដោយយោធាស៊ីរីទៅលើតំបន់តូចៗ ដែលនៅសេសសល់ដែលស្ថិតនៅក្រោមការត្រួតត្រារបស់ IS ក្នុងតំបន់ដីសណ្ត Yarmouk ក្នុងទីជនបទភាគខាងលិច នៃខេត្តដារ៉ាអា ប្រទេសស៊ីរីភាគខាងត្បូង ក្នុងការប្តូរគ្នាសម្រាប់ស្ត្រី ដែលបានបានចាប់ពង្រត់នេះ ។

ប៉ុន្តែដោយមានការជួយពីពួកយុទ្ធជនក្នុងស្រុកនោះ កងកម្លាំងស៊ីរីបានទទួលជោគជ័យក្នុងការរុញច្រាញពួក IS ទៅវិញចេញពីតំបន់ខ្លះ ដែលគេបានជ្រៀតចូលក្នុងអំឡុងការវាយប្រហារនោះ ។

ក្រុមសង្កេតមើលមានមូលដ្ឋាននៅទីក្រុងឡុងបាននិយាយថា កងកម្លាំងស៊ីរីបានបន្តការវាយប្រហារពីអាកាសរបស់ពួកគេ ព្រមទាំងការបាញ់ផ្លោងដាក់តំបន់ដែល IS កាន់កាប់នៅដារ៉ាអា កាលពីព្រឹកថ្ងៃអាទិត្យ ដែលបង្កឱ្យមានការភ័យខ្លាចនៅ ស្វេដា សម្រាប់អាយុជីវិត នៃពួកអ្នកដែលគេចាប់ពង្រត់នោះ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )