ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្ដេចតេជោនាយករដ្ឋមន្ត្រី៖ កម្ពុជាបានសម្រេចជោគវាសនារបស់ប្រទេសជាតិ តាមរយៈការបោះឆ្នោតដោយសេរីត្រឹមត្រូវ និងយុត្តិធម៌

  • AKP ភ្នំពេញ ​ថ្ងៃទី៣១ ​ខែកក្កដា ​ឆ្នាំ២០១៨ –នៅលើបណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុក នៅថ្ងៃអង្គារ ៤រោច​ខែទុតិយាសាឍ ឆ្នាំច​ សំរឹទ្ធិស័ក ព. ​២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨នេះ សម្ដេអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសរសេរថា កម្ពុជាបានសម្រេចជោគវានាប្រទេជាតិ តាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។

តាមរយៈលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅនេះ ដែលមានពលរដ្ឋទៅបោះឆ្នោត ៨២,៨៩ភាគរយ នៃចំនួនអ្នក​​បោះឆ្នោតសរុប .៣៨០.២១៧នាក់ និងមានគណបក្សនយោបាយចំនួន ២០ បានចូលរួម គឺបានបង្ហាញច្បាស់ថា ពលរដ្ឋកម្ពុជាច្រើនលើសលុបបំផុតគាំទ្រការបោះឆ្នោត តាមបែបលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលជាបំណងប្រាថ្នាដ៏ធំបំផុតរបស់ពលរដ្ឋខ្មែរ ហើយដែលត្រូវបានចែងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ។

សម្ដេចតេជោបានបន្តថា ប្អូនបានបង្ហាញនូវឆន្ទៈដ៏ឧត្តុង្គឧត្តមបំផុតក្នុងការប្រើ ប្រាស់សិទ្ធិសេរីភាពទៅបោះឆ្នោតជ្រើតាំងតំណាងរាស្រ្តមកពីគណបក្សនយោបាយនានា ដែលខ្លួនពេញចិត្តដោយសេរី គ្មានការគាសង្កត់ ឬបង្ខិតបង្ខំអ្វីឡើយ។ ការបោះឆ្នោតកន្លង ទៅនេះ គឺបានប្រព្រឹត្តទៅដោយរលូន និងគ្មានអំពើហិង្សាទៀតផង។ ទន្ទឹមនឹងនេះដែរក៏មាន អ្នកសង្កេតការណ៍ជាតិ នៃសហគមន៍អង្គការមិនមែនរដ្ឋាភិបាលប្រមាណ ជាង៩ម៉ឺននាក់ និងអ្នកសង្កេតការណ៍អន្តរជាតិជាង​ ៥០០នាក់ក៏បានចូលរួមអង្កេត តាមដាន និងពិនិត្យ ដំណើរការបោះឆ្នោតដោយហ្មត់ចត់បំផុត។ កម្ពុជាគឺជាប្រទេសមានឯករាជ្យ និងអធិបតេយ្យ ភាពត្រឹមត្រូវ នឹងបន្តរៀបចំការបោះឆ្នោតនៅរៀងរាល់ ៥ឆ្នាំម្តនៅថ្ងៃអាទិត្យក្នុងសប្តាហ៍ទី៤ នៃខែកក្កដា ដើម្បីពលរដ្ឋមានឱកាសចូលរួមបោះឆ្នោតសម្រេចជោគវាសនាប្រទេសជាតិ ទាំងអស់គ្នាដោយសេរី និងដើម្បីលើកស្ទួយលទ្ធិប្រ​​ជាធិបតេយ្យ និង នីតិរដ្ឋឱ្យកាន់តែរឹងមាំ ថែមទៀតនៅក្នុងប្រទេស។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏សូមអរគុណបងប្អូនជនរួមជាតិ និងកូនក្មួយយុវជននៅទូទាំងប្រទេសដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ ដើម្បីបន្តដឹកនាំកម្ពុជាឆ្ពោះ​​ទៅរកវឌ្ឍនភាព ដែលនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ និង ប្រទេសជាតិយើទាំងមូល៕

ដោយជឹម ណារី