ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ខេត្តកំពង់ឆ្នាំងបើកកិច្ចប្រជុំបូក​សរុបលទ្ធផល​ការងារ​ឆមាសទី១និង​លើក​ទិសដៅ​អនុវត្តន៍បន្ត

AKP កំពង់ឆ្នាំង ថ្ងៃទី៣១ ខែកក្កដា ​ឆ្នាំ២០១៨ -រដ្ឋបាលខេត្តកំពង់ឆ្នាំង​បានបើក​កិច្ចប្រជុំបូកសរុបលទ្ធផល​ការងារឆមាសទី១ និងលើកទិសដៅ​អនុវត្តន៍​បន្ត ក្រោម​អធិបតីភាព ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង​ នៅសាលប្រជុំខេត្ត​កំពង់ឆ្នាំង កាលពីថ្ងៃចន្ទ ៣រោច​ ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវ​នឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ ។

ក្នុងពិធីបើកកិច្ចប្រជុំនេះឯកឧត្តម ឈួរ ច័ន្ទឌឿន បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ​គ្រប់លំដាប់ថ្នាក់​ កងកម្លាំង​​​ប្រដាប់អាវុធ រដ្ឋបាលស៊ីវិល ដែលបានរួមចំណែក និងផ្ដល់​នូវកិច្ចសហការគាំទ្រយ៉ាង​សកម្មធ្វើ​ឱ្យរដ្ឋបាលឯកភាព​ខេត្តសម្រេចបានសមិទ្ធផល​ជា​ច្រើនលើគ្រប់ វិស័យ ។

ឯកឧត្តមបានមានប្រសាសន៍ថា លទ្ធផលដែលយើងសម្រេចបានខាងលើនេះ គឺពិត​ជាមិន​អាចកាត់ផ្ដាច់​បាន​​ពីការខិត​ខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្ត ដោយឈរលើ​ស្មារតីទទួលខុសត្រូវខ្ពស់​ក្នុងការការពារ​ ថែរក្សា​បាននូវសុខ​សន្តិភាព​ សន្តិសុខ​សណ្ដាប់​ធ្នាប់សង្គមបានល្អប្រសើររបស់​កងកម្លាំងប្រដាប់​អាវុធគ្រប់​ប្រភេទ ក្នុងការ​បង្ការទប់ស្កាត់​បង្ក្រាបបានជាបន្តបន្ទាប់​នូវបទល្មើសផ្សេងៗ ដែលកើតមាន​នៅ​ក្នុងខេត្ត និងដោយមាន​ការខិតខំប្រឹងប្រែង​យកចិត្តទុកដាក់ខ្ពស់របស់​អាជ្ញាធរគ្រប់ថ្នាក់ មន្ទីរ ​អង្គភាពជុំវិញខេត្ត ក្នុង​ការអនុវត្តតួនាទី​ភារកិច្ចរបស់ខ្លួន ។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ដោយសារនៅដំណាច់ឆមាសទី១នេះ មានសេស​សល់ការងារមួយចំនួនពីចុងឆ្នាំ២០១៧  និងការងារ​ថ្មីៗជាច្រើនទៀតនៅដើមឆ្នាំ២០១៨ ​កំពុងរង់ចាំ​ដែលទាមទារនូវ​បទពិសោធន៍​ភាពឆ្នៃប្រឌិត​ឱ្យកាន់តែស៊ីជម្រៅ និងរស់រវើក​ថែម​ទៀតនោះ​ទាមទារ​ឱ្យអាជ្ញាធរដែនដី​គ្រប់ជាន់ថ្នាក់ គ្រប់ភាគី​ពាក់ព័ន្ធទាំងអស់ ត្រូវ​ខិតខំរួមគ្នា​ធ្វើការវាយតម្លៃ​បញ្ហាប្រឈម​​មូលហេតុនៃបញ្ហាប្រឈម និងជម្រើសនានា​សម្រាប់ជាដំណោះស្រាយ សម្រាប់ជាមូលដ្ឋាន​លើក​​កម្ពស់​​ប្រសិទ្ធភាព​អនុវត្តន៍ទិសដៅ និងភារកិច្ចដើម្បីយកមកអនុវត្តន៍បន្តទៅមុខទៀត។

ឯកឧត្តមបានមានប្រសាសន៍បន្តថា រដ្ឋបាល​ខេត្តមាន​​គោលបំណង​បង្ហាញ​អំពីការ​សម្រប​​សម្រួល​រវាង​អ្នកពាក់ព័ន្ធ និងការបន្ស៊ីគ្នា​នូវ​គម្រោង​កម្មវិធីវិ​និ​យោគ​ក្រុង ​ស្រុក​ និងពង្រឹងកិច្ច​សហប្រតិបត្តិការ​​គ្រប់ជ្រុងជ្រោយ ​រវាងរដ្ឋបាលខេត្ត ក្រុង ស្រុក និង​ភាគីពាក់ព័ន្ធ​នានា​ដែល​កំពុង និង​បន្តកម្មវិធី​អភិវឌ្ឍន៍នានាក្នុង​ខេត្ត​ដើម្បីកៀរ​គរធនធាន​​សម្រាប់អនុវត្តន៍​​គម្រោង​វិនិយោគ​នានា​ដែលស្នើឡើង​ និងដែលមាន​ក្នុងផែនការ​អភិវឌ្ឍន៍​​របស់រដ្ឋបាល​​ខេត្ត​ ក្រុង ស្រុក ។ ម្យ៉ាង​ទៀត​ដើម្បីពិនិត្យមើល​គម្រោង​ដូចគ្នា ​ជាន់គ្នាដែលបាន​រៀបចំ​ដោយ​អង្គការសង្គម​ស៊ីវិល​វិស័យ​ឯកជន​ និងដៃគូអភិវឌ្ឍន៍​​សំដៅធ្វើ​យ៉ាងណា​ជំរុញល្បឿន​ការអភិវឌ្ឍ​​ខេត្តឱ្យកាន់តែមានការ​រីកចម្រើនថែមទៀត ដើម្បី​ធ្វើឱ្យជីវភាព​​​រស់នៅ​​របស់​​ប្រជា​ពលរដ្ឋ​កាន់​តែប្រសើរ​ឡើង។

ឯកឧត្តមអភិបាលបានបញ្ជាក់ទៀតថា នៅពេលនេះគឺយើងបាន​បូកសរុប​លទ្ធផល អនុវត្តន៍ការងារ​លើគ្រប់វិស័យនៅក្នុង​ខេត្ត​ដែលសម្រេចបាន​​​ក្នុងឆមាសទី១ ការចែក​រំលែកព័ត៌ មាន និងបទពិសោធន៍ការងារ​ដើម្បីពិភាក្សា​វាយតម្លៃចំណុចខ្លាំង និងចំណុច​ខ្សោយ​​ បញ្ហាប្រឈម​ និងដាក់វិធាន​ការដោះស្រាយ លើកទិសដៅអនុវត្តន៍​ការងារ​សម្រាប់​ឆមាសទី២ ឆ្នាំ២០១៨ ស្របតាមកម្មវិធី​នយោបាយ និងយុទ្ធសាស្រ្ត​ចតុកោណ ដំណាក់កាលទី៣ របស់រាជ  រដ្ឋាភិបាល ដោយផ្អែកតាមសក្ដានុពល និងតម្រូវការជាក់​ស្ដែរបស់​ខេត្ត ក្រោមការដឹកនាំ​ប្រកបដោយគតិបណ្ឌិត​របស់​សម្ដេចអគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ ព្រះរាជាណាចក្រកម្ពុជា ៕

ដោយ បៃ ស៊ីថុន