ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អង្គការសង្កេតការណ៍អន្តរជាតិទាំងអស់បានលើក​ឡើងថា ការបោះឆ្នោត​នៅកម្ពុជា ឆ្នាំ២០១៨ បានប្រព្រឹត្តទៅ​ប្រកបដោយ​សេរី យុត្តិធម៌ និងតម្លាភាព

AKP ភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ -អ្នកសង្កេតការណ៍​បោះឆ្នោតអន្តរជាតិ​ទាំងអស់បានលើកឡើងដូចៗគ្នាថា ការបោះឆ្នោតនៅកម្ពុជាកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨​​ បានប្រព្រឹត្តទៅប្រកបដោយសេរី យុត្តិ​ធម៌ និងតម្លាភាព។ លទ្ធផលនៃការ​បោះឆ្នោតនេះឆ្លុះបញ្ចាំងឱ្យឃើញពីឆន្ទៈពិតប្រាកដរបស់ប្រជាជនកម្ពុជា ដែលមាន​ជំនឿ​ទុកចិត្តលើប្រព័ន្ធនយោបាយពហុបក្ស ហើយអត្រាអ្នកទៅបោះឆ្នោតចំនួន ៨២,១៧​ភាគរយ គឺជាអត្រាមួយខ្ពស់ឆ្ងាយ​ជាងអត្រាបោះឆ្នោត​នៅឆ្នាំ២០១៣ ដែលមានចំនួនត្រឹមតែ ៦៩,១០ភាគរយប៉ុណ្ណោះ ដែលនេះឆ្លុះបញ្ចាំង​នូវសេចក្តី​សប្បាយ​រីករាយរបស់ប្រជាជនកម្ពុជាចំពោះលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការសម្ព័ន្ធសង្គមស៊ីវិល នៃ​ព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃចន្ទ ៣រោច​ខែទុតិយាសាឍ​ ឆ្នាំច សំរឹទ្ធិស័ក ព.ស​២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែកក្ក​ដា ឆ្នាំ២០១៨។ អង្គការសម្ព័ន្ធសង្គមស៊ីវិល នៃ​ព្រះរាជាណាចក្រកម្ពុជា បាន សម្តែងនូវការដឹងគុណដ៏ស្មោះចំពោះស្ថាប័ន និងអង្គការ​អន្តរជាតិ អ្នកការទូតបរទេស សមាជិ​ក​ព្រឹទ្ធសភាបរទេស ដែលមកពីប្រទេសចំនួន ៥២ ក្នុងទ្វីបចំនួន ៥ ដែលបានអញ្ជើញមកចូលរួម​សង្កេតការណ៍នៅក្នុងព្រឹត្តិការណ៍​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាលទី៦ នៅព្រះរាជាណាចក្រកម្ពុជា កាល​ពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងមកនេះ។

សេចក្តីប្រកាសព័ត៌មានដដែលក៏បានឱ្យដឹងដែរថា ស្ថាប័ន និងអង្គការអន្តរជាតិ អ្នក​ការទូតបរទេស សមាជិ​ក​ព្រឹទ្ធសភាបរទេស ដែលមកពីប្រទេសចំនួន ៥២ ក្នុងទ្វីបចំនួន ៥នោះរួមមាន៖ អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ(CDI) , សន្និសីទ​អន្តរជាតិ នៃគណបក្សនយោបាយអាស៊ី ,  អង្គការអ្នកប្រជាធិបតេយ្យ​និយម​កណ្តាល​អាស៊ីប៉ាស៊ីហ្វិក (CAPDI) ,  មហាសន្និបាតសភាអាស៊ី(APA) , មហាសន្និបាត​អន្តរ​សភាអាស៊ាន(AIPA), អង្គការសហប្រតិបត្តិការសៀងហៃ , អង្គការសង្គមអន្តរជាតិ , ក្រុមប្រឹក្សាយុវជនអាស៊ី(AYC) , សមាគមន៍បញ្ញាវន្ត នៃម៉ូស្លីមឥណ្ឌូនេស៊ី , វិទ្យាស្ថាន​អនាគត និងសន្តិសុខអឺរ៉ុបមកពីប្រទេសនិយាយភាសាបារាំង , ក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន , គណបក្សCPC នៃសាធារណរដ្ឋប្រជាមានិតចិន, អង្គ​ការសង្គមស៊ីវិលចិន , សាធារណរដ្ឋឥណ្ឌូនេស៊ី , សេចក្តីថ្លែងការណ៍​របស់អ្នក​សង្កេត​ការណ៍សហព័ន្ធរុស្ស៊ី , សភាជាន់ទាបរបស់សហព័ន្ធរុស្ស៊ី , សភាសម្ព័ន្ធសង្គមស៊ីវិល​នៃ​សហព័ន្ធរុស្ស៊ី , អង្គការសង្គមស៊ីវិលរបស់​សាធារណរដ្ឋនេប៉ាល់ , សេចក្តីថ្លែង​ការណ៍​របស់​គណៈកម្មាធិការសិទ្ធិមនុស្សនៃប្រទេសម៉ាល់ឌ័រ , គណៈកម្មការបោះឆ្នោត​​នៃ​ប្រទេសម៉ាល់ឌ័រ , មូលនិធិដើម្បីការផ្សះផ្សា និងអភិវឌ្ឍន៍(US) , ព្រឹទ្ធសមាជិក​សភាអាម៉េ   រិក  និងអ្នកការទូតមកពីប្រទេសតួកគី, ហ៊្វីលីពីន, សាធារណរដ្ឋ​ប្រជា​មានិតចិន, រុស្ស៊ី, រូម៉ានី, សាធារណរដ្ឋឥណ្ឌូណេស៊ី, និងសាធារណរដ្ឋប៉ាគីស្ថាន។

សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ប្រតិភូអន្តរជាតិបានធ្វើការសង្កេត​ការណ៍​បោះឆ្នោតយ៉ាងសកម្ម និងប្រកបដោយវិជ្ជាជីវៈ។ គណៈប្រតិភូអន្តរជាតិ​ទាំងអស់បាន​តាមដានយ៉ាងដិត​ដល់ចំពោះយុទ្ធនាការបោះឆ្នោត ជួបជាមួយថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា និងគណបក្សនយោបាយ និងបានធ្វើការផ្លាស់ប្តូរយោបល់​ជា​មួយ​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.) និងអ្នកជំនាញការបោះឆ្នោត។ អ្នកសង្កេតការណ៍បោះឆ្នោតចំនួន ១០៣៦ មកពីអង្គការ និងសមាគមន៍ក្នុងស្រុកចំនួន ៩៣ នៅទូទាំង ២៥ រាជធានី-ខេត្ត ក៏បានចូលរួមសង្កេតការណ៍​បោះឆ្នោតឆ្នាំ២០១៨​នេះផងដែរ៕

ដោយ ប៉ាល់ សុង