ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សភាសហព័ន្ធរុស្សីវាយតម្លៃខ្ពស់ចំពោះការចូលរួមបោះឆ្នោត របស់ប្រជាពលរដ្ឋកម្ពុជា ក្នុងការជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦នេះ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨–ឯកឧត្តម Stepan ZHIRYAKOV អនុប្រធានគណៈកម្មាធិការកសិកម្ម គោល នយោបាយស្បៀងអាហារ និងការគ្រប់គ្រងបរិស្ថាន នៃក្រុមប្រឹក្សាសហព័ន្ធ នៃសភាសហព័ន្ធ រុស្សី និងជាប្រធានក្រុមមិត្តភាពសភារុស្ស៊ី-កម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការចូលរួម ដ៏ច្រើនកុះកររបស់ប្រជាពលរដ្ឋកម្ពុជា នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។

នៅក្នុងជំនួបសម្តែងការគួរសមជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធាន ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ នៅវិមាន ព្រឹទ្ធសភា ឯកឧត្តម Stepan ZHIRYAKOV បានជម្រាបជូនសម្តេច ប្រធានព្រឹទ្ធសភាថា ក្រោយពីបានចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ សង្កេតឃើញថា ប្រជាពលរដ្ឋកម្ពុជាបានចូលរួម បោះឆ្នោតមានយ៉ាងច្រើនកុះករ ដែលបង្ហាញនូវការគាំទ្រចំពោះរាជរដ្ឋាភិបាល និងចំពោះមូល ហេតុសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។

ឯកឧត្តម Stepan ZHIRYAKOV បន្តថា តាមរយៈបេសកកម្មចូលរួមសង្កេតការណ៍ ​​នេះដែរ គណៈប្រតិភូរបស់ឯកឧត្តមបានគត់សម្គាល់ឃើញថា ប្រទេសកម្ពុជាមានការ រីកចម្រើន និងមានការលូតលាស់លើគ្រប់វិស័យក្នុងល្បឿនដ៏ឆាប់រហ័ស។

ឯកឧត្តម មានជំនឿជឿជាក់ថា នាពេលអនាគតទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ច សហប្រតិបត្តិការរវាងប្រជាជន ក៏ដូចជាស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរកាន់តែរីក ចម្រើនរឹងមាំថែមទៀត។ ជាមួយគ្នានេះ ឯកឧត្តមប្រធានគណៈប្រតិភូបានថ្លែងអំណរគុណ ចំពោះព្រឹទ្ធសភាកម្ពុជា ដែលបានអញ្ជើញគណៈប្រតិភូឯកឧត្តមមកចូលរួមសង្កេតការណ៍ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៅកម្ពុជានាពេលនេះ។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានស្វាគមន៍ចំពោះវត្តមាន ប្រធានគណៈប្រតិភូ ក្រុមប្រឹក្សាសហព័ន្ធ នៃសភាសហព័ន្ធរុស្សី និងសមាជិកគណៈប្រតិភូទាំងអស់ ដែលបាន អញ្ជើញមកសង្កេតការណ៍ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៦ នៅព្រះរាជាណា​ចក្រកម្ពុជា។ សម្តេចប្រធានព្រឹទ្ធសភា មានជំនឿជាក់ថា តាមរយៈដំណើរ បេសកកម្មរបស់គណៈប្រតិភូនាពេលនេះ នឹងរួមចំណែក ពង្រឹងពង្រីកទំនាក់ទំនង មិត្តភាព និងកិច្ចសហ​ប្រតិ​បត្តិ​ការល្អ រវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនថែមទៀតនា ពេលអនាគត។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានថ្លែងអំណរគុណចំពោះសហព័ន្ធរុស្ស៊ី ដែលបានអញ្ជើញគណៈប្រតិភូព្រឹទ្ធសភាកម្ពុជា ទៅចូលរួមសង្កេតការណ៍ការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីរុស្ស៊ី កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨។ សម្តេចវិបុលសេនាភក្តី បានជម្រាបជូនអំពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ កាលពីម្សិលមិញ ដែលបានប្រព្រឹត្តទៅដោយសេរី ត្រឹម​​ត្រូវ យុត្តិធម៌ មានតម្លាភាព ក្នុងសុខសន្តិភាព និងគ្មានអំពើហិង្សា។ សម្តេចប្រធានព្រឹទ្ធ​សភា បានថ្លែងអំណរគុណផងដែរ ដល់សភា សហព័ន្ធរុស្ស៊ី ដែលបានផ្តាំផ្ញើការសួរសុខទុក្ខចំពោះសម្តេច និងថ្នាក់ដឹកនាំនៃព្រះរាជាណា ចក្រកម្ពុជាពីថ្នាក់ដឹកនាំសភាសហព័ន្ធរុស្ស៊ី។

ជា​មួយគ្នានេះសម្តេចបានប្រកាសត្រៀមខ្លួន ដើម្បីទទួលដំណើរទស្សនកិច្ច របស់ លោកជំទាវ Valentina Matvienko ប្រធានក្រុមប្រឹក្សាសហព័ន្ធ នៃសភាសហព័ន្ធរុស្ស៊ី នៅព្រះរាជាណាចក្រកម្ពុជា នាខែធ្នូខាងមុខនេះ។ តាមរយៈគណៈប្រតិភូសម្តេច វិបុលសេនាភក្តី បានអញ្ជើញលោកជំទាវ Valentina Matvienko ប្រធានក្រុមប្រឹក្សាសហព័ន្ធ នៃសភាសហព័ន្ធនៃសហព័ន្ធរុស្ស៊ី ឱ្យមកចូលរួមវេទិកាសភា អាស៊ី-ប៉ាស៊ីហ្វិកលើកទី២៧ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នៅខេត្តសៀមរាបក្រោម ការរៀបចំរបស់សភាកម្ពុជា។ សម្តេចប្រធានព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមប្រឹក្សាសហព័ន្ធនៃ សភាសហព័ន្ធ នៃសហព័ន្ធរុស្ស៊ីមានការរីកចម្រើនគួរជាទី
មោទនៈ។

សម្តេចវិបុលសេនាភក្តី ក៏បានថ្លែងអំណរគុណចំពោះប្រទេសរុស្ស៊ី ដែលបានបង្កឱកាសដល់ព្រះរាជាណាចក្រកម្ពុជា បានចូលរួមកិច្ចប្រជុំប្រធានសភាអាស៊ី-អឺរ៉ុបនៅប្រទេសកូរ៉េខាងត្បូងកាលពីឆ្នាំ២០១៧ និងត្រៀមចូលរួមកិច្ចប្រជុំដូចគ្នានេះ នៅប្រទេសតួកគី នាខែតុលាខាងមុខ៕

ដោយ ប៉ាល់ សុង