ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ទទួលយកលទ្ធផលនៃការបោះឆ្នោត

វិទ្យុជាតិកម្ពុជា៖ ដោយ លោក វ៉ាងភក្តី៖

អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ដែលចូលរួមឃ្លាំមើលដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោតនៅតាមការិយាល័យទូទាំងប្រទេស បានប្រកាសទទួលយកលទ្ធផលបឋម ដែលចេញផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប។

លោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងជាប្រធានគណៈកម្មការសម្របសម្រួលការងារអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ សម្រាប់ការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨នេះ មានប្រសាសន៍ថា តាមរយៈសង្កេតការណ៍តាមមណ្ឌល បោះឆ្នោតទូទាំងប្រទេសឃើញថា ដំណើរការបោះឆ្នោតបានប្រព្រឹត្តទៅដោយរលូន ប្រកបដោយសន្តិសុខ និងសុវត្ថិភាព ហើយប្រជាពលរដ្ឋបានទៅបោះឆ្នោតមានទឹកមុខសោមនស្សរីករាយ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃការសង្កេតការណ៍បោះឆ្នោតជ្រើសតំាងតំណាងរាស្រ្ត នីតិកាលទី៦ នៅថ្ងៃទី៣០ ខែកក្កដានេះ លោកបញ្ជាក់ថា លទ្ធផលដែលស្តែងចេញ ពីការចូលរួមរបស់ប្រជាពលរដ្ឋរហូតដល់ជាង៨២ភាគរយនេះ គឺបង្ហាញថា ប្រជាពលរដ្ឋស្រលាញ់នូវ លទ្ធិប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោតជ្រើសតាំងតំណាងរបស់ខ្លួន។

ចំណែក អ្នកសង្កេតការណ៍អន្តរជាតិ មកពីប្រទេសជាង៥០ប្រទេសមានដូចជា ម៉ាឡេស៊ី រុស្ស៊ី ឡាវ ឥណ្ឌា ថៃ វៀតណាម ចិន អង់គ្លេស សហភាពអឺរ៉ុប ជាដើមនេះ បានវាយតម្លៃថា ការបោះឆ្នោតល្អប្រសើរទាំងបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ ពិសេស ប្រព្រឹត្តទៅដោយរលូន មានសន្តិភាព ប្រសិទ្ធភាព តម្លាភាព យុត្តិធម៌ ត្រឹមត្រូវ អព្យាក្រឹត និងគ្មានអំពើហិង្សា ឬការបំភិតបំភ័យធំដុំឡើយ ហើយមន្រ្តីការិយាល័យបោះឆ្នោត បានគោរពតាមបទបញ្ជា និងនីតិវិធីយ៉ាងខ្ជាប់ខ្ជួន។ ជាមួយគ្នានេះ ប្រជាពលរដ្ឋជាច្រើនមានស្មារតីទៅបោះឆ្នោត ដើម្បីជ្រើសរើសអ្នកដឹកនាំតាមការសម្រេចចិត្តដោយគ្មានការបង្ខិតបង្ខំ។

ជាមួយគ្នានេះ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគ.ជ.ប បានច្រាលចោលការលើកឡើងរបស់រដ្ឋាភិបាលអាមេរិក ដែលថា ការបោះឆ្នោតនៅកម្ពុជា ជាការបោះឆ្នោតក្លែងក្លាយ។

យ៉ាងណាក៏ដោយ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ បានស្នើដល់គ.ជ.ប និងរាជរដ្ឋាភិបាល បន្តពង្រីកការផ្សព្វផ្សាយ និងបង្កើនការបណ្តុះបណ្តាលដល់ប្រជាពលរដ្ឋ ដើម្បីយល់ដឹងពីការបោះឆ្នោត និងការគូសសន្លឹកឆ្នោត ខណៈមានសន្លឹកឆ្នោតប្រហែល១៩ភាគរយ ត្រូវបានចាត់ទុកជាសន្លឹកឆ្នោតមិនបានការ។

យោងតាមរបាយការណ៍របស់គ.ជ.ប បានអះអាងថា ប្រជាពលរដ្ឋខ្មែរជាង៦លាន៨៨ម៉ឺននាក់ ស្មើនឹង៨២,១២ភាគរយ បានចេញទៅបោះឆ្នោត ខណៈក្នុងបញ្ជីបោះឆ្នោត មានប្រជាពលរដ្ឋជាង៨ម៉ឺន៣៨ម៉ឺននាក់៕