ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

កម្ពុជាផ្តល់ជំនួយមនុស្សធម៌ទឹកប្រាក់ចំនួន១០ម៉ឺនដុល្លារអាមេរិកទៅប្រទេសឡាវ

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាៈ ដោយ វ៉ែនសុវទ្ធី

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ជំនួយមនុស្សធម៌ទឹកប្រាក់ចំនួន ១០ ម៉ឺនដុល្លារអាមេរិកដល់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សម្រាប់ជនរងគ្រោះដោយមហន្តរាយទឹកជំនន់បង្កឡើងដោយការរលំបាក់ទំនប់វារីអគ្គីសនី សេពៀន សេណាំណូយ នៅក្នុងខេត្តអាតាពើ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកាលពីព្រឹកថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០១៨នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឲ្យដឹងថា ការផ្តល់ជំនួយនេះ តាមរយៈឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋលេខាធិការ តំណាងឲ្យឯកឧត្តម ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រគល់ជូនឯកឧត្តម ប្រាសិទ្ធ សាយ៉ាសិទ្ធ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា ។

សេចក្តីប្រកាស់ព័ត៌មានដដែលបានបញ្ជាក់ថា ដោយមានការរំជួលចិត្ត និងសោកសៅចំពោះសោកនាដកម្មនេះ នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានផ្ញើសារលិខិតជូនឯកឧត្តមបណ្ឌិត       ថោងលន់ ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដោយសម្តែងនូវការចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅ ចំពោះការបាត់បង់នៅក្នុងឧបត្តិហេតុដ៏សោកនាដ កម្ម និងអកុសលនេះ។

ក្នុងពេលជាមួយគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានផ្ញើលិខិតរំលែកទុក្ខជូនឯកឧត្តម សាលើមសៃ គុំម៉ាស៊ីត  រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ ដោយសម្តែងនូវ សមានចិត្ត និងទុក្ខព្រួយយ៉ាងជ្រាលជ្រៅ ជូនចំពោះប្រជាជនដែលរងផលប៉ះពាល់ និងជនរងគ្រោះ សំរាប់ការឈឺចាប់ និងការបាត់បង់ដ៏សោកនាដកម្មនេះ៕