ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្តេចប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យគណៈប្រតិភូសភារុស្សី ចូលជួបធ្វើសវនាការ និងសម្តែងការគួ

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ដោយលោកចេម ហួត

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង៩:០០នាទី សម្តេចវិបុលសេនាភក្តី  សាយ  ឈុំ  ប្រធានព្រឹទ្ធសភា នៃព្រះរាជា​​ណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមប្រឹក្សាសហព័ន្ធ នៃសភាសហព័ន្ធ នៃសហព័ន្ធរុស្ស៊ី ដឹកនាំដោយឯកឧត្តម Stepan ZHIRYAKOV អនុប្រធានគណៈកម្មាធិការកសិកម្ម គោលនយោបាយស្បៀងអាហារ និងការគ្រប់គ្រងបរិស្ថាន នៃក្រុមប្រឹក្សាសហព័ន្ធ នៃសភាសហព័ន្ធ នៃសហព័ន្ធរុស្សី និងជាប្រធានក្រុមមិត្តភាពសភារុស្ស៊ី-កម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវសេចក្តីរីករាយ និងសូមស្វាគមន៍ចំពោះវត្តមាន របស់ឯកឧត្តមប្រធានគណៈប្រតិភូ និងសមាជិកគណៈប្រតិភូទាំងអស់ ដែលបានអញ្ជើញមកសង្កេតការណ៍ ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៦ នៅព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ សម្តេច ប្រធានព្រឹទ្ធសភា ក៏បានថ្លែងអំណរគុណចំពោះសភា និងរដ្ឋាភិបាលសហព័ន្ធរុស្សី ដែលបានឆ្លើយតប ចំពោះការអញ្ជើញរបស់ព្រឹទ្ធសភា រដ្ឋសភាកម្ពុជា ហើយបានបញ្ជូនគណៈប្រតិភូមកចូលរួមធ្វើជា អ្នកសង្កេត ការណ៍ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៦ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ម្សិលមិញនេះ។

សម្តេចប្រធានព្រឹទ្ធសភា មានជំនឿជាក់ថា តាមរយៈដំណើរបេសកកម្មរបស់គណៈប្រតិភូនាពេលនេះ នឹងរួមចំណែកពង្រឹងពង្រីកទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរតាំងពីយូរ យារមកហើយ ឱ្យកាន់តែរីកចម្រើនថែមទៀតនាពេលអនាគត។

ឯកឧត្តម Stepan ZHIRYAKOV បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលជួបជាមួយនឹងគណៈប្រតិភូ នាពេលនេះ និងថ្លែង អំណរគុណចំពោះប្រទេសកម្ពុជា ដែលអញ្ជើញប្រទេសរុស្ស៊ីមកចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត នីតិកាលទី៦ នៅប្រទេសកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការគោរពពីថ្នាក់ដឹកនាំនៃសភាទាំងពីររបស់ប្រទេសរុស្ស៊ី ជូនចំពោះសម្តេចប្រធានព្រឹទ្ធសភា និងថ្លែង អំណរគុណចំពោះព្រឹទ្ធសភា និងសម្តេចប្រធានព្រឹទ្ធសភា ដែលអញ្ជើញលោកជំទាវ Valentina Matvienko ប្រធានក្រុមប្រឹក្សាសហព័ន្ធ នៃសភាសហព័ន្ធនៃសហព័ន្ធរុស្ស៊ី មកបំពេញទស្សនកិច្ចនៅ ព្រះរាជាណាចក្រកម្ពុជា នាខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ។

ឯកឧត្តម Stepan ZHIRYAKOV បានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភាថា គណៈប្រតិភូ បានចូល រួមសង្កេតការណ៍បោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត នីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដោយសង្កេតឃើញថា អ្នកចូលរួមបោះឆ្នោតមានយ៉ាងច្រើនកុះករ ដែលបង្ហាញនូវការគាំទ្រចំពោះរាជរដ្ឋាភិបាល និងចំពោះមូលហេតុសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។ តាមរយៈបេសកកម្មនេះ គណៈប្រតិភូបានគត់សម្គាល់ ឃើញថា ប្រទេសកម្ពុជាមានការរីកចម្រើន និងលូតលាស់លើគ្រប់វិស័យក្នុងល្បឿនដ៏ឆាប់រហ័ស។

ឯកឧត្តម Stepan ZHIRYAKOV  មានជំនឿជឿជាក់ថា នាពេលអនាគត ទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន  ក៏ដូចជាស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ កាន់តែរីក ចម្រើនរឹងមាំថែមទៀត ដើម្បីបម្រើផលប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសទាំងពីរ។ ជាមួយគ្នានេះ ឯកឧត្តមប្រធានគណៈប្រតិភូ បានថ្លែងអំណរគុណចំពោះគណៈប្រតិភូព្រឹទ្ធសភា ដែលបានអញ្ជើញចូលរួម សង្កេតការណ៍ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរុស្ស៊ី កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ កន្លងទៅនេះ។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានថ្លែងអំណរគុណចំពោះប្រទេសរុស្ស៊ី ដែលបានអញ្ជើញ គណៈប្រតិភូព្រឹទ្ធសភាកម្ពុជា ទៅចូលរួមសង្កេតការណ៍ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរុស្ស៊ី កាលពី ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨។ សម្តេចវិបុលសេនាភក្តី បានជម្រាបជូនគណៈប្រតិភូអំពី ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ កាលពីម្សិលមិញ ដែលបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ មានតម្លាភាព ក្នុងសុខសន្តិភាព និងគ្មានអំពើហិង្សា។

សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណដល់សភារុស្ស៊ី ដែលបានផ្តាំផ្ញើការសួរសុខទុក្ខចំពោះ សម្តេច និងថ្នាក់ដឹកនាំនៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ សម្តេចបានប្រកាសត្រៀមខ្លួនដើម្បីទទួល ដំណើរទស្សនកិច្ចរបស់លោកជំទាវ Valentina Matvienko ប្រធានក្រុមប្រឹក្សាសហព័ន្ធ នៃសភាសហព័ន្ធ នៃសហព័ន្ធរុស្ស៊ី នៅព្រះរាជាណាចក្រកម្ពុជា នាខែធ្នូខាងមុខនេះ។ តាមរយៈគណៈប្រតិភូ សម្តេច វិបុលសេនាភក្តី បានអញ្ជើញលោកជំទាវ Valentina Matvienko ប្រធានក្រុមប្រឹក្សាសហព័ន្ធ នៃសភា សហព័ន្ធនៃសហព័ន្ធរុស្ស៊ី មកចូលរួមវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី២៧ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នៅខេត្តសៀមរាប។

សម្តេចប្រធានព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិ បត្តិការរវាងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធនៃសហព័ន្ធរុស្ស៊ី មានការរីកចម្រើន គួរជាទីមោទនៈ។ ទន្ទឹមគ្នានេះ សម្តេចវិបុលសេនាភក្តី បានថ្លែងអំណរគុណចំពោះប្រទេសរុស្ស៊ី ដែលបានបង្កឱកាសដល់ព្រះរាជាណាចក្រកម្ពុជា បានចូលរួមកិច្ចប្រជុំប្រធានសភាអាស៊ី-អឺរ៉ុប នៅប្រទេសកូរ៉េ ខាងត្បូង កាលពីឆ្នាំ២០១៧ និងត្រៀមចូលរួមកិច្ចប្រជុំដូចគ្នានេះ នៅប្រទេសតួកគី នាខែតុលា ខាងមុខ។

សម្តេចប្រធានព្រឹទ្ធសភា បានប្រសិទ្ធិពរសូមឱ្យកិច្ចសប្រតិបត្តិការជាប្រពៃណីរវាងប្រទេស និង ប្រជាជនទាំងពីរ កាន់តែរីកចម្រើនបន្តទៅអនាគត និងសូមប្រសិទ្ធពរជូនគណៈប្រតិភូ ឱ្យមានសុខភាពល្អ និងជោគជ័យ ព្រមទាំងជូនពរឱ្យគណៈប្រតិភូទទួលបានលទ្ធផលល្អ ក្នុងជំនួបជាមួយនឹងក្រុមមិត្តភាព ទ្វេភាគីព្រឹទ្ធសភាកម្ពុជា ជាមួយក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធនៃសហព័ន្ធរុស្ស៊ី នាព្រឹកនេះផងដែរ៕