ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ វាយតម្លៃថា ការបោះឆ្នោតល្អប្រសើរ

វិទ្យុជាតិកម្ពុជា៖ ដោយ លោក វ៉ាង ភក្តី៖

ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ បានវាយតម្លៃថា ការបោះឆ្នោតល្អប្រសើរ ទាំងបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ និងនីតិវិធីនៃការបោះឆ្នោត។

តំណាងគណៈប្រតិភូអ្នកសង្កេតការណ៍មកពីប្រទេសចិន បានបញ្ជាក់ថា ការបោះឆ្នោតលើកនេះ ប្រព្រឹត្តទៅដោយរលូន មានសន្តិភាព ប្រសិទ្ធភាព តម្លាភាព គ្មានអំពើហិង្សា ឬការបំភិតបំភ័យធំដុំឡើយ ហើយមន្រ្តីការិយាល័យបោះឆ្នោត បានគោរពតាមបទបញ្ជា និងនីតិវិធីយ៉ាងខ្ជាប់ខ្ជួន។ ជាមួយគ្នានេះ ប្រជាពលលរដ្ឋជាច្រើនមានស្មារតីទៅបោះឆ្នោត ដើម្បីជ្រើសរើសអ្នកដឹកនាំតាមការសម្រេចចិត្តដោយគ្មានការបង្ខិតបង្ខំ។ ចំណែក មន្ត្រីនៅតាមការិយាល័យបោះឆ្នោត ក៏បានអនុវត្តការងាររបស់ខ្លួនបានល្អប្រសើរ តាំងពីការបង្កភាពងាយស្រួលដល់អ្នកបោះឆ្នោត ការពិនិត្យបញ្ជីបោះឆ្នោត ការផ្តល់ឯកសារបោះឆ្នោត ជាដើម។

តំណាងគណៈប្រតិភូអ្នកសង្កេតការណ៍មកពីប្រទេសម៉ាវឌីវ បានកត់សម្គាល់ថា ការ​​បោះឆ្នោត បានដំណើរការដោយសេរី យុត្តិធម៌ ត្រឹមត្រូវ តម្លាភាព និងអព្យាក្រឹត តាមរយៈកំណើនប្រជាពលរដ្ឋកម្ពុជាជាង៨០ភាគរយ បានចេញទៅបោះឆ្នោត ដែលនេះបញ្ជាក់ថា កម្ពុជាបានអនុវត្តនូវប្រព័ន្ធលទ្ធិប្រជាធិបតេយ្យបានយ៉ាងល្អប្រសើរ។

ចំណែក តំណាងគណៈប្រតិភូអ្នកសង្កេតការណ៍មកពីសហគមន៍អឺរ៉ុប ដែលបានចូលរួមសង្កេតការណ៍បោះឆ្នោតនៅកម្ពុជាជាង២០០ការិយាល័យ ក្នុងចំណោមជាង២ម៉ឺនការិយាល័យ បានវាយតម្លៃថា ការចូលរួមរបស់យុវជនមានកម្រិតខ្ពស់ ខណៈដំណើរការមានភាពស្ងប់ស្អាត់មិនមានការរាំងស្ទះ បើទោះបីមានប្រជាជនមួយចំនួនមិនបានទៅបោះឆ្នោត និងចំនួនសន្លឹកឆ្នោតដែលរាប់តាមការិយាល័យ មានសន្លឹកឆ្នោតមិនបានការច្រើនក្តី។