ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្ដេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណជនរួមជាតិដែលបានចូលរួមការបោះឆ្នោតដ៏ច្រើនលើសលុប

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ –ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែង អំណរគុណចំពោះជនរួមជាតិ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលបានទៅចូលរួម ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដ៏ច្រើនលើសលុប នាថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨នេះ។

ក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នារសៀលថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ សម្ដេចតេជោបានសរសេរថា “អរគុណបងប្អូន កូនក្មួយ ជនរួមជាតិដែលបានទៅបោះឆ្នោតនៅថ្ងៃនេះដ៏ច្រើនលើសលុប។ បងប្អូនពិតជាបានជ្រើសរើស ផ្លូវប្រជាធិបតេយ្យ និងបានប្រើ ប្រាស់សិទ្ធិរបស់បងប្អូនដូចមាន ចែងក្នុងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូល របស់ប្រទេស។”

បើយោងតាមរបាយការណ៍ពី គ.ជ.ប បានឱ្យដឹងថា គិតមកត្រឹមម៉ោង ៣:០០ រសៀលនេះ ដែលជាម៉ោងបិទការិយាល័យ បោះឆ្នោត និងចាប់ផ្តើមរាប់សន្លឹកឆ្នោត គឺមាន ប្រជាពលរដ្ឋខ្មែរជាង៨០.៤៩ ភាគរយ ស្មើនឹងប្រមាណ៦.៧៤៤.៨៩៣លាននាក់ បានចូលរួម បោះឆ្នោតនៅថ្ងៃនេះ។ សម្ដេចតេជោបានបន្ដថា “ខ្ញុំសូមអររគុណបងប្អូនប្រជាពលរដ្ឋ និងកូន ក្មួយដែលបានចូលរួមបោះឆ្នោតជ្រើស តាំងតំណាងរាស្រ្ត និងបានគូសសន្លឹកឆ្នោតនៃគណ បក្សនយោបាយដែលខ្លួនពេញចិត្ត”។

សម្ដេចតេជោបានណែនាំឱ្យបងប្អូនតាមដានការប្រកាសលទ្ឋផលនៃការបោះឆ្នោតតាមវិទ្យុ និងទូរទស្សន៍ជាតិកម្ពុជា៕

ដោយ ជឹម ណារី