ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញទៅបោះឆ្នោតនៅការិយាល័យបោះឆ្នោត ក្នុងខេត្តកណ្ដាល

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨​ –នៅក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រគឺការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៦ នៃរដ្ឋសភា ឆ្នាំ២០១៨នេះបានមកដល់នោះ នាព្រឹកថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រី របស់គណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានអញ្ជើញ មកចូលរួមបោះឆ្នោត នៅការិយាល័យ លេខ ១៦៩៧ ដែលមានទីតាំង ស្ថិតនៅក្នុងសាលាគរុកោសល្យ និងវិក្រិត្យការក្រុង តាខ្មៅ ខេត្តកណ្ដាល។

វត្តមានរបស់សម្តេចទាំងពីរ នៅការិយាល័យបោះឆ្នោត ក្នុងសាលាគរុកោសល្យ និងវិក្រិត្យការខេត្តកណ្ដាលនេះ គឺមាន ការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ តំណាងស្ថានទូត អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ព្រមជាមួយនឹងតំណាងគណបក្សនយោបាយនានាបានមកថត ផ្តិតយករូបភាពដ៏មានសារៈសំខាន់ និង រង់ចាំសង្កេត មើលការបោះឆ្នោតនៅទីនោះផងដែរ។ ទន្ទឹមនេះ ជាការកត់សម្គាល់បានបង្ហាញថា ការបោះឆ្នោតនៅ ទីនេះ គឺបាន ប្រព្រឹត្តទៅក្នុងបរិយាកាសដ៏ល្អ ដែលមិនមានការគំរាមកំហែង បង្កការអុកឡុក ឬអំពើអវិជ្ជមានណាមួយ កើតឡើងនោះ ឡើយ។

បើតាមរបាយការណ៍របស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកណ្ដាល បានឱ្យដឹងថា ចំនួនការិយាល័យ និង ស្ថានីយ បោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨នេះ ខេត្តកណ្តាលមាន ស្ថានីយ បោះឆ្នោតចំនួន៥៧២ ការិយាល័យបោះឆ្នោតចំនួន១.៧៣៤ការិយាល័យ និងប្រជាពលរដ្ឋដែលមាន ឈ្មោះក្នុងបញ្ជីបោះ ឆ្នោតសរុបចំនួនជាង៧៣ម៉ឺននាក់ នៅក្នុងចំណោមស្រុកទាំង១១ និង១២៧ឃុំ សង្កាត់ ។

ការបោះឆ្នោតនៅស្ថានីយ និងការិយាល័យបោះឆ្នោត នៃសាលាគរុកោសល្យ និងវិក្រិត្យការ ក្រុងតាខ្មៅ ខេត្តកណ្តាល នេះ ជាទូទៅគេសង្កេតឃើញ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋ បានអញ្ជើញមកកាន់ការិយាល័យបោះឆ្នោត ប្រកបដោយទឹកមុខរីករាយ រង់ចាំចូលទៅធ្វើការបោះឆ្នោត ដើម្បីបំពេញកាតព្វកិច្ចរបស់ខ្លួន ក្នុងការជ្រើសរើសអ្នកដឹកនាំ ប្រទេសដែលខ្លួនពេញចិត្ត។

គួរបញ្ជាក់ដែរថា ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រនីតិកាលទី៦ឆ្នាំ២០១៨នេះ នៅទូទាំងប្រទេមាន ការិយាល័យ បោះឆ្នោតចំនួន ២២.៩៦៧ការិយាល័យ ហើយប្រជាពលរដ្ឋដែលមានសិទ្ធិទៅបោះ ឆ្នោតដែលបាន ចុះឈ្មោះក្នុងបញ្ជីបោះ ឆ្នោតមាន ចំនួន៨.៣៨០.២១៧នាក់ ។ ជាមួយគ្នានេះ សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី៦នេះ ក្នុង ក្របខ័ណ្ឌទូទាំងប្រទេស មានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន ២០គណបក្ស ខណៈដែលការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ឆ្នាំ២០១៣ មានគណបក្សនយោបាយ ចូលរួមប្រកួតប្រជែងត្រឹមតែ៨គណបក្ស តែប៉ុណ្ណោះ។ ដូច្នេះ ការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រសម្រាប់នីតិកាល ទី៦ដែលមានគណបក្សនយោបាយ ចូលរួមប្រកួតប្រជែង រហូតដល់២០គណបក្ស នេះ កាន់តែបង្ហាញឱ្យឃើញ ច្បាស់ថា លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស នៅកម្ពុជា កាន់តែចាក់ឫសជ្រៅ និងរីកលូតលាស់យ៉ាងរឹងមាំនៅកម្ពុជា៕

ដោយ ជឹម ណារី