ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អ្នកភ្នំពេញ បានទៅបោះឆ្នោត ៧២ ភាគរយ ស្របពេលសភាពការណ៍សន្តិសុខ និងសណ្តាប់ធ្នាប់សម្រាប់ការបោះឆ្នោតមានភាពល្អប្រសើរ

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ចន ណារិទ្ធ ៖

ភ្នំពេញ៖ គិតត្រឹមម៉ោង១រសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ សភាពការណ៍សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ នៅទូទាំងរាជធានីភ្នំពេញ មានភាពល្អប្រសើរ ដោយប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានអញ្ជើញទៅបោះឆ្នោតនៅតាមការិយាល័យរបស់ខ្លួន ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ ហើយបើគិតមកដល់វេលាម៉ោង១និង៣០នាទីរសៀលនេះមានប្រជាពលរដ្ឋប្រមាណ៧២ភាគរយបានមកបោះឆ្នោត។

នេះបើតាមលោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ដែលបានឲ្យអ្នកព័ត៌មានយើងដឹង មុននេះបន្តិច។

លោកបន្តថា សម្រាប់នៅរាជធានីភ្នំពេញ មានប្រជាពលរដ្ឋជាង៨៦ម៉ឺននាក់ដែលបានចុះបញ្ជីបោះឆ្នោត ហើយក្នុងចំនួននេះបើគិតមកដល់វេលាម៉ោង១និង៣០នាទីរសៀលនេះ គឺមានប្រជាពលរដ្ឋប្រមាណ៧២ភាគរយ បានមកបោះឆ្នោត។

ពាក់ព័ន្ធនិងសភាពការណ៍នៅក្នុងរាជធានីភ្នំពេញនេះដែរ បើតាម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បាន ឲ្យដឹងដែរថា សភាពការណ៍មានលក្ខណៈល្អប្រសើរ គ្មានអំពើហិង្សា ឬការគំរាមកំហែងណាមួយកើតឡើយ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ កម្លាំងនគរបាលកំពុងតែល្បាតនៅក្នុងមូលដ្ឋាន ដោយប្រើប្រាស់មធ្យោបាយរថយន្ដ និងម៉ូតូតាមគ្រប់រូបភាពទាំងអស់ ដើម្បីត្រៀមបង្ក្រាបបទល្មើសផ្សេងៗ ដែលអាចកើតឡើង ដោយសារតែប្រជាពលរដ្ឋបានបិទទ្វារផ្ទះ ហើយអញ្ជើញទៅបោះឆ្នោត៕