ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

គ.ជ.ប អះអាងថា យុទ្ធនាការឃោសនាបោះឆ្នោត ឆ្នាំ២០១៨នេះ គ្មានអំពើហិង្សាកើតឡើង

វិទ្យុេជាតិកម្ពុជា៖ ដោយ លោក វ៉ាង ភក្តី៖

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានអះ​អាង​ថា យុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ២០១៨នេះ គ្មានអំពើហិង្សា​កើត​ឡើង​ក្នុងក្របខណ្ឌទូទាំងប្រទេស បើទោះបីជាមានបណ្តឹងមួយចំនួន ត្រូវបាន​ប្តឹង​នៅថ្នាក់គណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត និងគណៈកម្មការ​រាជធានីខេត្តរៀបចំការបោះឆ្នោត។
ថ្លែងក្នុងសន្និសីទជាមួយ​ភាគីពាក់ព័ន្ធនៅរសៀលថ្ងៃទី២៧ ខែកក្កដានេះ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគ.ជ.ប ក្នុងអំឡុងពេល​យុទ្ធនាការឃោសនាបោះឆ្នោតនេះ មានមនុស្សជាង២លាននាក់ បានចេញ​ហែក្បួនឃោសនា ជាមួយនឹងរថយន្តជាង៦ម៉ឺនគ្រឿង និងម៉ូតូ រ៉ឺម៉ក់កង់បី​រាប់​សិបគ្រឿង។ លោកបន្តថា យុទ្ធនាការរយៈពេល២១ថ្ងៃនេះ បានប្រកប​ដោយបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ និងប្រ​ព្រឹត្តទៅដោយលូន គ្មានអំពើហិង្សា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប បានឱ្យដឹងថា មានបណ្តឹង​ចំ​នួន​៥ ពាក់ព័ន្ធនឹងយុទ្ធនាការម្រាមដៃស្អាត ក្នុងអំឡុងពេលនៃយុទ្ធនាការ​ឃោសនារកសំឡេងឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ រយៈពេល​២១ថ្ងៃ គិតចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែកក្កដានេះ។

គ.ជ.ប បានបញ្ជាក់ថា បណ្តឹងចំនួន៥នេះ ត្រូវបានគណៈកម្មការរៀប​ចំការ​បោះឆ្នោតខេត្តបាត់ដំបង សម្រេចយល់ព្រមតាមដើមបណ្តឹង ដោយពិន័យ​ជាប្រាក់ទៅចុងបណ្តឹងចំនួនបុគ្គល៥នាក់ ដោយក្នុងម្នាក់ៗចំនួន១០​លាន​រៀល។

គ.ជ.ប បានឱ្យដឹងបន្ថែមថា ក្នុងអំឡុងពេលនៃយុទ្ធនាការឃោស​នាបោះ​ឆ្នោត​នេះ មានបណ្តឹងសរុបចំនួន៣០បណ្តឹង ដែលត្រូវបានប្តឹង ប៉ុន្តែមាន​២៩បណ្តឹង ត្រូវបានដោះស្រាយចប់រួចរាល់នៅថ្នាក់គណៈកម្មការ​ឃុំ​សង្កាត់​រៀបចំការបោះឆ្នោត ខណៈ១បណ្តឹងទៀត ត្រូវបានដាក់ផ្ទាល់នៅគណៈ​កម្ម​ការរាជធានីខេត្តរៀបចំការបោះឆ្នោត។

ឯកឧត្តម ហង្ស ពុទ្ធា បានឲ្យដឹងបន្ថែមថា បានអនុញ្ញាតឱ្យអ្នកសារព័ត៌មាន​អន្តរជាតិជាង២០៣នាក់ មកពី៦៦អង្គភាព ចូលយកព័ត៌មានបោះឆ្នោត​ជ្រើស​​​តាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា​ខាង​មុខ​នេះ។ជាមួយគ្នានេះ ក៏បានទទួលស្គាល់អ្នកសង្កេតការណ៍ជាតិ និងអន្តរ​​​ជាតិចូលរួមឃ្លាំមើលការបោះឆ្នោតកើនដល់ជាង៨ម៉ឺននាក់ចូលរួមឃ្លាំ​មើល​​​ការបោះឆ្នោតកើនដល់ជាង៨ម៉ឺននាក់ ក្នុងនោះអ្នកសង្កេតការណ៍​បោះឆ្នោត​អន្តរជាតិចំនួន៣២២នាក់ មកពីប្រទេស ស្ថាប័ន និងស្ថានទូតចំនួន៤២៕