ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតនៅក្នុងខេត្ដព្រះសីហនុ មានគណបក្យនយោបាយចំនួន០២ បើកយុទ្ធនាការហែក្បូន

AKP ព្រះសីហនុ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨–​លោក ហួត ផុន ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្ដព្រះសីហនុ បានឱ្យដឹង នៅព្រឹកថ្ងៃសុក្រ ១៥កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ថាក្នុងថ្ងៃបិទយុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសតាំងតំណាង រាស្ត្រនីតិកាលទី៦ នៅខេត្តព្រះសីហនុ គឺមានគណបក្យនយោបាយចំនួន២ បានរៀបចំយុទ្ធ នាការហែក្បូន ក្នុងនោះគណបក្សប្រជាជនកម្ពុជា មានការរៀបចំហែក្បួនទ្រង់ទ្រាយធំតាម ក្រុង និងស្រុកទាំង៣ ក្នុងនោះសម្រាប់ក្រុងព្រះសីហនុ ជួបជុំសមាជិករបស់ខ្លួននៅ វេទិកាបុណ្យជាតិ ៧មករា ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ និងគណបក្សហ្វ៊ិនស៊ិនប៉ិច ដង្ហែក្បួននៅវេលាម៉ោង២រសៀល ចេញពីស្នាក់ការគណបក្សនៅសង្កាត់លេខ១ ក្រុង ខេត្តព្រះសីហនុ។

​លោក ហួត ផុន បានឱ្យដឹងទៀតថា ការបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រនីតិកាលទី៦ ចាប់ពីថ្ងៃទី០៧ ដល់ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ មានគណបក្សនយោបាយចំនួន១២ ក្នុងចំណោមគណបក្ស១៤ ដែលបានឈរឈ្មោះតំណាង រាស្ត្រនៅខេត្តព្រះសីហនុ បានធ្វើសកម្មភាព ក្នុងនោះមាន គណបក្សខ្មែររួមរួមជាតិ, គណបក្សសញ្ជាតិកម្ពុជា, គណបក្សខ្មែរក្រោក, គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, គណបក្សប្រជាធិបតេយ្យមូលដ្ឋាន, គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ, គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ, គណបក្សខ្មែរឈប់ក្រ, គណបក្សហ៊្វុនស៊ិនប៊ិច, គណបក្សយុវជនកម្ពុជា, គណបក្សឆន្ទ:ខ្មែរ និងគណបក្សប្រជាជនកម្ពុជា ក៏ប៉ុន្តែគណបក្សខ្លះ គ្រាន់តែដើរផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សរបស់ខ្លួនតែប៉ុណ្ណោះ។

​លោកបានបញ្ជាក់ថា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ នៅខេត្តព្រះសីហនុ គឺមានគណបក្សនយោបាយចំនួន១៤ ដែលបានចុះបញ្ជីបេក្ខជនឈរឈ្មោះតំណាងរាស្ត្រក្នុងនោះរួមមាន៖ គណបក្សខ្មែររួបរួមជាតិ, គណបក្សសញ្ជាតិកម្ពុជា, គណបក្សខ្មែរក្រោក, គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, គណបក្សប្រជាធិបតេយ្យមូលដ្ឋាន, គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ, គណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ, គណបក្សខ្មែរឈប់ក្រ, គណបក្សហ៊្វុនស៊ិនប៉ិច, គណបក្សយុវជន កម្ពុជា, គណបក្សឆន្ទៈខ្មែរ, និងគណបក្សប្រជាជនកម្ពុជា ក្នុងចំណោមគណបក្សនយោបាយ ដែលបានចុះឈ្មោះបោះឆ្នោតជ្រើសតាំងតំណាង រាស្រ្តនីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ។

​សូមរម្លឹកថា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ នៅខេត្តព្រះ សីហនុ មានអាសនៈចំនួន០៣។ ដោយឡែកការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៥ នៅខេត្តព្រះសីហនុមានតែមួយអាសនៈប៉ុណ្ណោះ៕

ដោយ ងូ សុមុនី