ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

វៀតណាមចង់បង្កើនកិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប

AKP ភ្នំពេញ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ –នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានជូនដំណឹងដល់លោក Bernd Lange ប្រធានគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិ (INTA) នៃសភាពអឺរ៉ុបថា «វៀតណាមជានិច្ចកាលតែងតែជំរុញទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការ ជាមួយសហភាពអឺរ៉ុប»។

អំឡុងពេលនៃកិច្ចប្រជុំនៅទីក្រុងហាណូយកាលពីថ្ងៃទី ២៦ ខែកក្កដា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានសម្តែងសេចក្តីសប្បាយរីករាយចំពោះទំនាក់ទំនងល្អរវាងវៀតណាម និង សហភាពអឺរ៉ុប ក្នុងរយៈពេល កន្លងមក ជាពិសេសនៅលើវិស័យពាណិជ្ជកម្ម និងការវិនិយោគ។

ថ្នាក់ដឹកនាំរូបនេះបាននិយាយថា ក្រៅពីកិច្ចព្រមព្រៀងក្របខ័ណ្ឌអ៊ឺរ៉ុប – វៀតណាម ស្តីពីភាពជាដៃគូ គ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការ (PCA) ដែលបានចូលជាធរមាននោះ នៅមានកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីរវាង សហភាពអឺរ៉ុប និងវៀតណាម (EVFTA) ដែលនឹងចុះហត្ថលេខានាពេលខាងមុខនេះ នឹងក្លាយទៅជាព្រឹត្តិការណ៍ ដ៏សំខាន់មួយ ក្នុងការជួយលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យកាន់តែល្អថែម ទៀត។ ទាំងវៀតណាម និងសហភាពអឺរ៉ុប សង្ឃឹមថា កតិកាសញ្ញានេះនឹងនាំមកនូវអត្ថប្រយោជន៍ជាក់ ស្តែងដល់បណ្តាក្រុមហ៊ុនអាជីវកម្ម និងប្រជាជនរបស់ខ្លួន។

លោក Phuc បានថ្លែងអំណរគុណដល់សភាអឺរ៉ុប គណៈកម្មការអឺរ៉ុប និងភ្នាក់ងារពាក់ព័ន្ធក្នុងការ ម្រប សម្រួលកិច្ចចរចារ EVFTA ។

លោកបាននិយាយថា «នេះ គឺជាឱកាសមាសមួយសម្រាប់វៀតណាម និងសហភាពអឺរ៉ុប ដើម្បីចុះ ហត្ថលេខាលើ កិច្ចព្រមព្រៀងនេះ»។ លោកបានកត់សម្គាល់ពីក្តីសង្ឃឹមរបស់លោកថា ភាគីទាំងពីរ នឹងបន្តកិច្ចសម្របសម្រួល របស់ខ្លួនដើម្បីសម្រេចកិច្ចព្រមព្រៀងនេះនៅចុងឆ្នាំនេះ។

នាយករដ្ឋមន្ត្រីរូបនេះបាននិយាយទៅកាន់ភ្ញៀវរបស់លោកថា រដ្ឋាភិបាលវៀតណាម បានណែនាំដល់ ក្រសួង ស្ថាប័ននានា ឱ្យធ្វើការយ៉ាងជិតស្និទ្ធជាមួយគណៈប្រតិភូរបស់ INTA ដើម្បីលុបបំបាត់ការរាំង ស្ទះនានា ដើម្បីបង្កើនទំនាក់ទំនងពាណិជ្ជកម្មរវាងវៀតណាម និងសហភាពអឺរ៉ុប ព្រមទាំងពន្លឿនការ ចុះហត្ថលេខាលើ EVFTA នេះផងដែរ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)