ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

មជ្ឈមណ្ឌលលើកកម្ពស់ទេសចរណ៍អាស៊ាន-ក្វាងស៊ីប្រទេសចិនបង្កើតស្នាក់ការនៅកម្ពុជា

វិទ្យុជាតិកម្ពុជា៖ ដោយ លោក វ៉ាង ភក្តី៖

មជ្ឈមណ្ឌលលើកកម្ពស់ទេសចរណ៍អាស៊ាន-ក្វាងស៊ីប្រទេសចិន ត្រូវបានបង្កើតស្នាក់ការនៅកម្ពុជា ក្រោយពីរាជរដ្ឋាភិបាលដឹកគោលដៅទេសចរទាក់​ទាញទេសចរអន្តរជាតិឲ្យបានជាង៧លាននាក់ ក្នុងនោះទេសចរពីប្រទេសចិនចំនួន២​លាន​នាក់ នៅ​​ត្រឹម​ឆ្នាំ​២០២០ ។

លោកស្រី Hu Jing Bo អគ្គនាយករងនៃគណៈកម្មាធិការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តក្វាងស៊ី បានឲ្យដឹងថា ការបើកស្នាក់ការប្រចាំនៅកម្ពុជានេះ គឺដើម្បីឱ្យប្រជាពលរដ្ឋកម្ពុជា បានឈ្វេងយល់កាន់តែស៊ីជម្រៅអំពីវិស័យទេសចរណ៍វប្បធម៌ក្វាងស៊ី ក៏ដូចជាការជំរុញឱ្យកិច្ចសហប្រតិបត្តិការក្នុងការផ្សព្វផ្សាយ ការទទួលស្វាគមន៍ភ្ញៀវទេសចរ ការពង្រីកទីផ្សាររួមគ្នា និងផ្នែកផ្សេងៗទៀតរវាងកម្ពុជា និងខេត្តក្វាងស៊ីប្រទេសចិន កាន់តែស៊ីជម្រៅមួយកម្រិតទៀត។

ថ្លែងក្នុងពិធីសម្ពោធមជ្ឈមណ្ឌលលើកកម្ពស់ទេសចរណ៍អាស៊ាន-ក្វាងស៊ីប្រទេសចិន ដែលមានស្នាក់ការនៅភ្នំពេញ ប្រទេសកម្ពុជា នារសៀលថ្ងៃទី២៧ ខែកក្កដានេះ លោកស្រី បានបញ្ជាក់ថា ភូមិសាស្ត្រជិតគ្នារវាងកម្ពុជា និងខេត្តក្វាងស៊ី បានបង្កើនកិច្ចសហប្រតិបត្តិការកាន់តែជិតស្និតឡើង។ លោកស្រី មានប្រសាសន៍ថា «កម្ពុជា និងក្វាងស៊ីតែងទុកគ្នាជាតំបន់ទេសចរណ៍ដ៏សំខាន់។ នៅឆ្នាំ២០១៧ ទេសចរកម្ពុជាទៅខេត្តក្វាងស៊ីជាង១,៣៣លាននាក់ ចំណេក នៅពាក់កណ្តាលដើមឆ្នាំនេះ មានចំនួនភ្ញៀវ៨.៨១៥នាក់ ជាមួយកំណើន៤៤,៨ភាគរយ»។ លោកស្រីបន្ត ថា គណៈកម្មាធិការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តក្វាងស៊ី បានរៀបចំបើកកម្មវិធីផ្សព្វផ្សាយនៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨។

លោក ប្រាក់ វុទ្ធី អនុប្រធាននាយកដ្ឋានសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស នៃក្រសួងទេសចរណ៍កម្ពុជា មានប្រសាសន៍ថា តាមរយៈមជ្ឈមណ្ឌលនេះ នឹងជួយជំរុញកំណើនទេសចរចិនមកកាន់កម្ពុជាតាមផែនការគ្រោងទុក។ លោកថា «នេះគឺជាសញ្ញាដ៏សំខាន់ដែលប្រជាពលរដ្ឋកម្ពុជាអាចស្វែងយល់កាន់តែច្បាស់អំពីវិស័យទេសចរណ៍វប្បធម៌របស់ខេត្តក្វាងស៊ី»។ លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជា កំពុងត្រៀមលក្ខណៈទទួលទេសចរពីប្រទេស តាមរយៈការពង្រឹងគុណភាពផ្នែកបដិសណ្ឋារកិច្ច ការយកចិត្តទុក​ដាក់​​​របស់ផ្នែកភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ និងកន្លែងកំសាន្ត ក្នុងការផ្តល់សេវាជូនភ្ញៀវ​ប្រកប​ដោយភាពញញឹមរាក់ទាក់ និងឆ្លើយតបនឹងតម្រូវការរបស់ភ្ញៀវ។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមគមទីភ្នាក់ងារទេសចរណ៍កម្ពុជា សង្ឃឹមថា មជ្ឈមណ្ឌលលើកកម្ពស់ទេសចរណ៍អាស៊ាន-ក្វាងស៊ីប្រទេសចិន ដែលត្រូវបានបង្កើតស្នាក់ការនៅកម្ពុជានេះ នឹងផ្តល់នូវសារសំខាន់ក្នុងការចូលរួមផ្សព្វផ្សាយផលិតផល សេវាកម្ម និង​គោល​ដៅទេសចរណ៍រវាងប្រទេសកម្ពុជា និងខេត្តក្វាងស៊ី ដើម្បីជួយជំរុញចលនាទេសចរណ៍ពីគ្នាទៅវិញទៅមក។

កាលពីឆ្នាំ២០១៧ កម្ពុជាទទួលបានទេសចរចិនជាង១,២លាននាក់ ក្នុងចំណោមទេសចរអន្តរជាតិសរុបជាង៥នាក់ ខណៈរាជរដ្ឋាភិបាលកម្ពុជាមាន​ផែនការ​យុទ្ធ​សាស្ត្រទាក់​ទាញទេសចរអន្តរជាតិឲ្យបានជាង៧លាននាក់ នៅ​​ត្រឹម​ឆ្នាំ​២០២០ ក្នុងនោះទេសចរពីប្រទេសចិនចំនួន២​លាន​នាក់។

គោលដៅទេសចរណ៍ ដ៏ធំបំផុតដែល​​កម្ពុជា​​អាចទាក់ទាញប្រជាជនក្នុងប្រទេសមហាយក្សនៅតំបន់អាស៊ីមួយនេះ គឺប្រាសាទ្ធ​​វប្បធម៌​​បុរាណ​ដូចជា​​​អង្គរវត្តនេះ តំបន់ឆ្នេរសមុទ្រ ជាដើម៕