ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ព្រឹត្តិការណ៍ម៉ារ៉ាតុងអន្តរជាតិ ចក្រភពខ្មែរ ខេត្តសៀមរាបទាក់ទាញបានអ្នកចុះឈ្មោះចូលរួម កើនឡើង២.៥០០នាក់

AKP ភ្នំពេញ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨–គិតមកដល់ថ្ងៃសុក្រ ទី២៧ ខែកក្កដា ឆ្នាំ២០១៨ មានអ្នកចុះឈ្មោះ ចូលរួមប្រកួតទិវារត់ ប្រណាំងសប្បុរសធម៌ ម៉ារ៉ាតុងអន្តរជាតិ ចក្រភពខ្មែរ លើកទី៥ ដែលនឹងចូលដល់នាថ្ងៃ អាទិត្យ ទី០៥ ខែសីហា ឆ្នាំ២០១៨ នៅតំបន់អង្គរ ខេត្តសៀមរាប ចុងសប្តាហ៍ខាងមុខ ឆាប់ៗ នេះ គណៈកម្មការទទួលបានការចុះឈ្មោះពីអត្តពលិកជាតិ និងអន្តរជាតិកើនឡើង បាន​៥០០នាក់បន្ថែម ពោលគឺបានចំនួន២.៥០០នាក់ហើយ ខណៈការរំពឹងទុកអាចឈានដល់ ៣.០០០នាក់។

លោក សែម ផល្លា នាយកប្រតិបត្តិទិវាម៉ារ៉ាតុងចក្រភពខ្មែរថ្លែងប្រាប់ ទីភ្នាក់ងារសារពត៌មាន កម្ពុជាAKP នៅថ្ងៃសុក្រ ទី២៧ ខែកក្កដានេះថា នៅសល់ពេលតែ១សប្តាហ៍ទៀតប៉ុណ្ណោះ ទិវារត់ប្រណាំង Full Marathon នៅតំបន់អង្គរ នឹងចូលមកដល់ ហើយការអ្នកចូលរួមក៏សម្រុក មកចុះឈ្មោះកាន់តែច្រើនដែរ ពោលក្នុង១សប្តាហ៍នេះបានចំនួន៥០០នាក់បន្ថែម សរុប ២.៥០០នាក់ ក្នុងនោះអ្នករត់អន្តរជាតិបានជាង១.០០០នាក់មកពី៤៨ប្រទេស ដែល អ្នករត់​ជនជាតិចិន ច្រើនជាងគេជាងរហូត៦០០នាក់ បន្ទាប់មកជប៉ុន និងម៉ាឡេស៊ី និងអ្នករត់ខ្មែរ បានជាង១.០០០នាក់។ សម្រាប់វិញ្ញាសាដែលដាក់ឱ្យប្រកួត មានវិញ្ញាសារត់ម៉ារ៉ាតុង​ចម្ងាយ ៤២គីឡូម៉ែត្រ, រត់ពាក់កណ្តាលម៉ារ៉ាតុង ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ និងវិញ្ញាសារត់កម្សាន្ត ៣គីឡូម៉ែត្រ។

នាយកប្រតិបត្តិទិវារត់ម៉ារ៉ាតុងអន្តរជាតិនៅកម្ពុជារូបនេះ បានសំណូមយ៉ាងទទូចឱ្យអ្នកដែល មានបំណង ចូលរួមរត់ក្នុងព្រឹត្តិការណ៍នេះសូមចុះឈ្មោះឱ្យបានទាន់ពេលវេលា និងឱ្យបាន ច្រើនកុះករដើម្បីរួមគ្នាធ្វើឱ្យទិវា រត់ប្រណាំងសប្បុរសធម៌អន្តរជាតិមួយនេះទទួលបានជោគ ជ័យ។ ចំពោះថវិកាដែលបានពីការចុះឈ្មោះ និងក្រៅពីចំណាយលើការរៀបចំ ត្រូវបាន បរិច្ចាគទៅកាន់កិច្ចការសង្គម និងសប្បុរសធម៌ ជាពិសេសមន្ទីរពេទ្យអង្គរ ខេត្តសៀមរាប ជាដើម។

អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន បានឱ្យដឹងដែរថា ក្នុងឆ្នាំនេះ នឹងទាក់ទាញ់អ្នកចូលរួមរត់កើនឡើងច្រើនជាងឆ្នាំមុនៗប្រមាណ១០ ទៅ១៥ ភាគរយ ដោយគោលដៅចម្បងៗនៃទិវាអន្តរជាតិមួយនេះ ដើម្បីគោលដៅទេសចរណ៍ និង ស្វែងរកថវិកាជួយដល់វិស័យសប្បុរសធម៌។

គួរបញ្ជាក់ថា ទិវាម៉ារ៉ាតុងអន្តរជាតិ ចក្រភពខ្មែរ នឹងប្រើប្រាស់មន្ត្រីគណៈកម្មការបច្ចេកទេស កងកម្លាំងសមត្ថកិច្ច យុវជនស្ម័គ្រចិត្ត និងបណ្តាអ្នកពាក់ព័ន្ធមួយចំនួនទៀត ប្រមាណ ៨០០នាក់ ដើម្បីធ្វើឱ្យទិវានេះ ទទួលបានជោគជ័យជាជំហានៗផងដែរ៕


ដោយ ហេង ណាលីន