ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

លោក អាសាដ ធ្វើការពិភាក្សាគ្នានូវដំណោះស្រាយស៊ីរីជាមួយគណៈប្រតិភូរុស្ស៊ី

AKP ភ្នំពេញ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨​ –ក្រសួងការបរទេសរុស្ស៊ីបាននិយាយពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីស៊ីរី លោក បាសារអាល់-អាសាដ ( Bashar al- Assad ) កាលពីថ្ងៃពុធ បានធ្វើការពិភាក្សាគ្នាពីដំណោះស្រាយប្រទេសស៊ីរីជាមួយ គណៈប្រតិភូរុស្ស៊ីថ្នាក់ខ្ពស់មួយនៅក្នុងទីក្រុងដាម៉ាស់ ។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គណៈប្រតិភូនោះរួមមានបេសកជនពិសេស ប្រធានាធិបតីរុស្ស៊ីសម្រាប់ស៊ីរី លោក អាឡិចហ្សង់ដឺ ឡាវរ៉េនយ៉េវ ( Aleyander Lavrentyev ) អនុរដ្ឋមន្ត្រី ការបរទេសលោក សែរហ្គេ វែស៊ីនីន ( Seigei Vershinin ) ព្រមទាំងតំណាងក្រសួងការពារប្រទេស ។

ភាគីទាំងពីរបានបញ្ជាក់អះអាង នូវភាពចាំបាច់ក្នុងការបន្តការប្រយុទ្ធដោយគ្មានការសម្របសម្រួល ប្រឆាំងនឹងអំពើភេរវកម្ម ព្រមទាំងធ្វើកិច្ចប្រឹង ប្រែងយ៉ាងសកម្ម ដើម្បីធ្វើឱ្យសម្រេចបាននូវដំណោះស្រាយ នយោបាយរយៈពេលវែងមួយ នៅក្នុងផលប្រយោជន៍របស់ប្រជាជនស៊ីរីទាំងអស់ ដោយគ្មានការលើក លែង ។

សេចក្តីថ្លែងការណ៍នោះនិយាយថា គេបានយកចិត្តទុកដាក់ជាពិសេសភារកិច្ចនៃការកសាងប្រទេសនេះឡើងវិញក្រោយជម្លោះ ដែលរួមមានការ ធានាឱ្យមានការវិលត្រឡប់មកវិញយ៉ាងឆាប់ពួកជនភៀស ខ្លួនស៊ីរីនិងប្រជាជនដែលផ្លាស់ប្តូរទីកន្លែងទៅកាន់កន្លែងលំនៅឋានអចិន្ត្រៃយ៍របស់ពួកគេ ។
លោក អាសាដ បានសំដែងនូវបំណងប្រាថ្នា ដើម្បីបង្កើតនូវស្ថានភាព ដែលចាំបាច់សម្រាប់ការ ទទួលនិងការស្នាក់នៅដោយសុវត្ថិភាព និងសមរម្យដល់ប្រជាជនស៊ីរី ដែលត្រឡប់មកកាន់ប្រទេសកំណើតរបស់ពួកគេវិញ ។

ក្រសួងការពារប្រទេសរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយកាលពីថ្ងៃព្រហស្បតិ៍ថា ពលរដ្ឋស៊ីរី ២៣២.៥៤១នាក់ បានត្រឡប់មកស្រុកវិញពីបរទេស ចាប់តាំងពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០១៥ នៅពេលដែលប្រទេសរុស្ស៊ី បានប្រកាសចាប់ផ្តើមធ្វើប្រតិបត្តិការ មួយប្រឆាំងនឹងអំពើ ភេរវកម្ម នៅក្នុងប្រទេសស៊ីរី ។

សេចក្តីថ្លែងការណ៍បាននិយាយថា បច្ចុប្បន្នជនភៀសខ្លួនស៊ីរី ៦,៩លាននាក់បានចុះបញ្ជីនៅក្នុង ប្រទេសចំនួន៤៥ ហើយ១,៧ លាននាក់នៃពួកគេបានសំដែងនូវចេតនា ដើម្បីត្រឡប់មកស្រុកវិញ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )