ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្ដេចតេជោ ហ៊ុន សែន៖ អ្នកដែលមិនចូលរួមការបោះឆ្នោតដោយចេតនា គឺ ជាអ្នកបំផ្លាញ ចោល នូវលទ្ធិប្រជាធិបតេយ្យ

AKP ភ្នំពេញ ថ្ងៃទី២៧​ ខែកក្កដា ឆ្នាំ២០១៨ –ក្នុងខណៈក្រុមចលនាក្រៅច្បាប់កំពុងអំពាវនាវឱ្យប្រជាជនប្រើប្រាស់នូវសិទ្ធិមិនទៅចូល​រួម ការបោះឆ្នោតជ្រើតាំងតំណាងរាស្ត្រនីតិកាលទី៦ ដែលនឹងមកដល់នៅថ្ងៃទី ២៩ ខែកក្ក​ដា​ឆ្នាំ២០១៨នោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាអនាគតបេក្ខភាព​នា​យក​រដ្ឋមន្ត្រី របស់គណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា អ្នកដែលចូលរួមបោះឆ្នោត​ទើប​ជាអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ ឯអ្នកដែលមិនចូលរួមការបោះឆ្នោតដោយចេតនា គឺជា​អ្នក​ដែលបំផ្លាញចោលនូវលទ្ធិប្រជាធិបតេយ្យ តាមការញុះញង់របស់ពួកចលនាក្រៅច្បាប់នៅ​ក្រៅ​ប្រទេស។

ក្នុងពិធីដង្ហែក្បួនបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណារាស្ត្រ នីតិកាល​ទី​៦ ដែលប្រារព្ធធ្វើឡើងនាព្រឹក ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០១៨ នៅខាមុខ​សាល​មហោ​ស្រ​ព​កោះ​ពេជ្រ ដែលមានអ្នកចូលរួមប្រមាណជា២៥ម៉ឺននាក់ ព្រមទាំងអ្នកសង្កេតការណ៍ជាតិ និង​អន្តរជាតិ ជាច្រើនផងនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន​ស្នើ​ឱ្យអាជ្ញាធរ នៅគ្រប់​ទីកន្លែង​ពិនិ​ត្យមើលអំពីចលនានំបញ្ចុកថ្ងៃទី២៨ និងថ្ងៃទី២៩ ខែកក្ក​ដា​ ឆ្នាំ២០១៨ របស់ក្រុម​ចល​នា​ក្រៅ​ច្បាប់ ហើយសង្ឃឹមថាប្រជាពលរដ្ឋដ៏ច្រើនលើសលុប នឹង​​ទៅចូលរួម បោះឆ្នោត​បំពេញកា​ត​ព្វ​កិច្ច ក្នុងរយៈពេល៥ឆ្នាំម្ដង ព្រោះប្រទេសកម្ពុជា គឺជា​ប្រ​ទេសដែល បានអនុវត្តន៍នូវ​លទ្ធិ​ប្រ​ជា​ធិបតេយ្យយ៉ាងទៀងទាត់ បើប្រៀបធៀបជាមួយប្រទេស​ផ្សេងៗក្នុង តំបន់។ ដូច្នេះ ៥ឆ្នាំម្ដង គឺជាថ្ងៃបុណ្យនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

សម្ដេចតេ​ជោ​បានគូសបញ្ជាក់ប្រាប់​ប្រជា​ព​ល​​រដ្ឋត្រូវចងចាំថា មានតែអ្នកចូលរួមបោះឆ្នោត​តែប៉ុ​ណ្ណោះ ដែលជាអ្នកគាំទ្រលទ្ធិប្រជាធិប​តេ​យ្យ​​ អ្នកដែលប្រឆាំងនឹងការបោះឆ្នោត គឺជាអ្នក​បំផ្លា​ញ​ជាតិ និងបំផ្លាញលទ្ធិប្រជាធិបតេយ្យ​ដែ​ល​មិន​ត្រូវអត់ឱននោះទេ។ សម្ដេចបានលើក ឡើងទៀតថា ក​ន្លង​ទៅនេះ មានការឃោសនា​អ​កុ​សលថា ការបោះឆ្នោត នឹងធ្វើឡើងរយៈ ពេល៣ថ្ងៃ គឺនៅ​ថ្ងៃ​ទី២៩ ថ្ងៃ៣០ និងថ្ងៃទី៣១ ខែកក្កដា ក្នុងគោលដៅទាក់ទាញធ្វើយ៉ាងណា​ឱ្យប្រជាពល​រដ្ឋ​រង់​ចាំថ្ងៃទី៣០ ឬថ្ងៃទី៣១ ដើ​ម្បី​​ទៅបោះឆ្នោត នេះគឺជាការបំផ្លិចបំផ្លាញនៃ ពួកថោកទាប។ ក៏​ប៉ុ​ន្តែសូមបងប្អូន​ជនរួមជាតិ​ត្រូវ​ចាំថា ការបោះឆ្នោតមានត្រឹមតែថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ចាប់ពីម៉ោង ៧ព្រឹក ដល់​ម៉ោង​៣ រសៀលតែប៉ុណ្ណោះ។

សម្ដេចតេជោនាយករដ្ឋមន្រ្ដីអំពាវនាវឱ្យជនរួមជាតិ​ទាំ​ង​អ​ស់ ដែលបាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត ទៅចូលរួមបោះឆ្នោត ឱ្យបានគ្រប់ៗគ្នា និងគោរពឱ្យ​បាន​ម៉ឺ​ង​ម៉ាត់ នូវនីតិវិធីនៃ​ការ​បោះ​ឆ្នោត របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត រហូត​ដ​ល់​ការ​​បោះឆ្នោត ត្រូវបាន​បញ្ច​ប់ ពិសេសកុំពិសារ និងលក់គ្រឿងស្រវឹង នៅមុនមួយថ្ងៃ និង​ថ្ងៃ​បោះ​​ឆ្នោត ព្រម​ទាំង​ពិនិ​ត្យ​ និង​ត្រៀមឯកសារ ឱ្យបានគ្រប់គ្រាន់ ដើម្បីទៅបោះឆ្នោត  ដូចជា អត្ត​សញ្ញាណ​បណ្ណ ជា​ដើ​ម​។

គួរបញ្ជាក់ដែរថា បើយោងតាមរបាយការណ៍របស់គណៈកម្មាការរៀបចំការបោះឆ្នោត​រាជ​ធានីភ្នំពេញ បានបង្ហាញឱ្យដឹងថា នៅថ្ងៃទី២៧ ខែកក្កដានេះ ដែលជាថ្ងៃបិទបញ្ចប់ នៃ​យុទ្ធ​នា​ការ​ឃោសនាបោះឆ្នោត គឺនៅរាជធានីភ្នំពេញ មានគណបក្សនយោបាយចំនួន០៦ ហែ​ក្បួន​ឃោ​សនា ក្នុងនោះមានដូចជា ទី១. គណបក្សប្រជាជនកម្ពុជា ហែក្បួនចេញពីកោះពេជ្រ និង​ប​ញ្ច​​ប់នៅកោះពេជ្រ ដោយមានអ្នកចូលរួមចំនួន២៥០.០០០នាក់ មានរថយន្តចំនួន៣.០​០០​គ្រឿ​ង និងម៉ូតូមានចំនួន ៥៨.០០០គ្រឿង។ ទី២. គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ទីតាំ​ង​ទី​១​. ហែក្បួនចេញពីផ្លូវសម្តេចតេជោ (ផ្លូវ៦០ម៉ែត្រ) និងបញ្ចប់នៅផ្លូវលីយ៉ុងផាត់។ ទីតាំងទី២. ហែ​ក្បួន​ផ្លូវលីយ៉ុងផាត់ និងបញ្ចប់នៅទីស្នាក់ការគណបក្សនៅលើផ្លូវ៣១៥។ ដោយមាន​អ្នក​ចូល​រួមចំនួន៥០.០០០នាក់ រថយន្តមានចំនួន ៥០០គ្រឿង ម៉ូតូកង់បីចំនួន៨០០គ្រឿង និង​ម៉ូតូចំនួន ២០.០០០គ្រឿង។ ទី៣. គណបក្សសញ្ជាតិកម្ពុជា ហែក្បួនចេញពីទីលាន​ប្រជា​ធិប​តេ​យ្យ​ បញ្ចប់នៅវត្តសំពៅមាស ជិតពហុកីឡាដ្ឋានជាតិអូរឡាំពិក ដោយមានអ្នកចូលរួមចំនួន ២០.​០០០នាក់ រថយន្តចំនួន១០០គ្រឿង ម៉ូតូកង់បីចំនួន១០០គ្រឿង និងម៉ូតូចំនួន៥.០​០​០​គ្រឿង​។ទី៤. គណបក្សហ៊្វុនស៊ិនប៉ិច ហែក្បួនចេញពីទីស្នាក់ការកណ្តាលគណបក្ស នៅសង្កា​ត់​ ជ្រោ​យចង្វារ (មាត់ទន្លេត្រើយខាងកើត) បញ្ចប់នៅទីវាលការីឡាចុងខាងត្បូងសូនវត្តបទុមវតី ដោយ​មានអ្នក១.៥០០នាក់ មានរថយយន្តតូច ៣០គ្រឿង រថយន្តកូរ៉េ ២០គ្រឿង ម៉ូតូកង់​បី  ​ចំនួ​ន​ ២០គ្រឿង និងម៉ូតូចំនួន ៥០០គ្រឿង។ ទី៥. គណបក្សខ្មែរក្រោក ហែក្បួនចេញពីរង្វង់​មូល​កាំ​កូ​ស៊ីធី សម្រាកទទួលទានថ្ងៃត្រង់ផ្លូវលីយ៉ុងផាត់ បញ្ចប់នៅផ្លូវវ៉េងស្រេង ដោយមាន អ្នក​ចូល​រួម​ចំនួន៣៨០នាក់ រថយន្តចំនួន២០គ្រឿង ម៉ូតូកង់បីចំនួន៣០គ្រឿង និងម៉ូតូ ៨០គ្រឿង។ ទី៦. គ​ណ​បក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ហែក្បួនចេញពីទីស្នាក់ការ នៅជិតទូរទស្សន៍អាស៊ីអាគ្នេយ៍ ស​ង្កាត់​អូរបែកក្អម ខណ្ឌសែនសុខ បញ្ចប់នៅទីស្នាក់ការ ដោយមានអ្នកចូលរួមចំនួន១០០​នា​ក់​រថយន្តចំនួន២០គ្រឿង ម៉ូតូកង់បីចំនួន៥០គ្រឿង៕

ដោយ ជឹមណារី