ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អាជ្ញាធរជាតិអប្សរាចាប់ផ្តើមជួសជុលកំណាត់ផ្លូវមិត្តភាពកម្ពុជា-កូរ៉េ

AKP សៀមរាប ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨–កំណាត់ផ្លូវមិត្តភាពកម្ពុជា-កូរ៉េ ដែលមានប្រវែងជាង៧៥០ម៉ែត្រ ត្រូវបានអាជ្ញាធរជាតិ អប្សរាចាប់ផ្តើមដំណើរការជួសជុលហើយ នៅរសៀលថ្ងៃព្រហស្បតិ៍១៤កើត ខែទុតិយា សាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨នេះ មន្រ្តីអាជ្ញាធរ ជាតិអប្សរាបានអះអាងថា ការជួសជុលកំណាត់ផ្លូវនេះនឹងធ្វើឡើងជាលក្ខណៈទ្រង់ទ្រាយធំ ដោយសម្រេចឱ្យហើយក្នុងរយៈពេលមួយខែ។

លោក ហេង គឹមឡេង ប្រធាននាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យនៃ អគ្គនាយកដ្ឋានអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ក្រុមការងារនឹងត្រូវចំណាយពេលវេលា អនុវត្តន៍គម្រោងនេះរយៈពេលចំនួន១ខែ។ រីឯការជួសជុលកែលម្អផ្លូវនេះ គឺធ្វើឡើងជាអន្លើៗទៅតាមស្ថានភាពផ្លូវដែលខូចខាតជាក់ស្តែង។ ម្យ៉ាងទៀតដោយសារសងខាងផ្លូវ ប្រព័ន្ធបង្ហូរទឹកត្រូវបានកកស្ទះ ដោយសារការចាក់ដីលុប និងខ្ពស់ជាងផ្លូវនៅតាមមុខផ្ទះរបស់ប្រជាជនមួយចំនួនបណ្តាលឱ្យផ្លូវរងការខូចខាតមួយកម្រិតថែមទៀត ដូច្នេះជាជំហានបន្ទាប់ក្រុមការងារក៏មានគម្រោងស្តារ ប្រព័ន្ធបង្ហូរឡើងវិញដើម្បីរំដោះទឹកនិងរក្សាគុណភាពផ្លូវ។

លោក ហេង គឹមឡេង បានបញ្ជាក់ថា នៅពេលខាងមុខ អាជ្ញាធរជាតិអប្សរានឹង មានវិធាន ការស្តារប្រព័ន្ធបង្ហូរទឹកទាំងអស់នៅតាមផ្លូវដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ អាជ្ញាធរជាតិអប្សរា ក្រោយពីបញ្ចប់ការជួសជុលលើកំណាត់ផ្លូវនេះ។ លោកក៏បាន សំណូមពរដល់ប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវទាំងអស់មានការយោគយល់ និងចូលរួម សហការដើម្បីថែរក្សាផ្លូវឱ្យស្ថិតនៅគង់វង្សយូរអង្វែង។

គួររម្លឹកថា ផ្លូវមួយខ្សែនេះ ដើមឡើយគឺជាផ្លូវដី និងបានកែប្រែជាផ្លូវក្រួសក្រហមតាម រយៈគម្រោងទីភ្នាក់ងារអភិវឌ្ឍន៍ និងសហប្រតិបត្តិការកូរ៉េ ហៅកាត់ថា (KOICA)។ នៅឆ្នាំ២០០៩ ក្រោមជំនួយឥតសំណងរបស់សាធារណរដ្ឋកូរ៉េ តាមរយៈ KOICA ដដែល បានកែប្រែផ្លូវនេះមកជាផ្លូវក្រាលកៅស៊ូវិញ ដើម្បីងាយស្រួលដល់ប្រជាជនធ្វើ ដំណើរឆ្លងកាត់ បានប្រសើរជាងមុន។ ប៉ុន្តែរហូតមកទល់នឹងបច្ចុប្បន្ននេះដោយការធ្វើចរាចរណ៍លើដងផ្លូវ មានការដឹកជញ្ជូនធំៗហួសការកំណត់ បានធ្វើឱ្យផ្លូវនេះទទួលរងការខូចខាតអស់មួយ ចំនួនធំ។ ដោយមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋយ៉ាងដូច្នេះហើយ ទើបអាជ្ញាធរ ជាតិអប្សរាបានចាប់ផ្តើមដំណើរការជួសជុលឡើងវិញ ដើម្បីសម្រួលចរាចរណ៍ដល់ការធ្វើ ដំណើររបស់ប្រជាពលរដ្ឋមូលដ្ឋានឱ្យបានប្រសើរជាងមុន៕

ដោយ ហង្ស សៀក