ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រថយន្តសង្គ្រោះចល័តនឹងត្រូវដាក់ពង្រាយនៅតាមការិយាល័យបោះឆ្នោត

វិទ្យុជាតិកម្ពុជា៖ ដោយ លោក វ៉ាង ភក្តី៖

មន្ត្រីក្រសួងសុខាភិបាល បានឱ្យដឹងថា រថយន្តសង្គ្រោះចល័ត នឹងត្រូវដាក់ពង្រាយនៅតាមការិយាល័យបោះឆ្នោត ដើម្បីត្រៀមក្នុងករណីមានអ្នកបោះឆ្នោតជួបបញ្ហាសុខភាព។

ថ្លែងប្រាប់ឱ្យដឹងនៅថ្ងៃទី២៦ ខែកក្កដានេះ លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្រុមគ្រូពេទ្យ ជាមួយនឹងរថយន្តសង្គ្រោះ ឱសថ និងបរិក្ខាពេទ្យ នឹងដាក់ពង្រាយក្រុមគ្រូពេទ្យនៅតាមការិយាល័យបោះឆ្នោតនៅតំបន់ដាច់ស្រយាល ដើម្បីត្រៀមជួយសង្គ្រោះបឋមដល់ប្រជាពលរដ្ឋដែលទៅបោះឆ្នោតក្នុងពេលជួបបញ្ហាសុខភាព ពិសេស ចាស់ជរា ជនពិការនិងស្រ្តីមានផ្ទៃពោះ។ លោកជំទាវបន្តថា ក្រសួងបានណែនាំដល់មន្ទីរសុខាភិបាលរាជធានីខេត្តទាំងអស់ ឱ្យសហការជាមួយអាជ្ញាដែនដី និងគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត ដើម្បីដាក់រថយន្តសង្គ្រោះនៅតាមការិយាល័យបោះឆ្នោតទៅតាមតម្រូវការជាក់ស្តែង។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ឱ្យដឹងថា រថយន្តសង្គ្រោះ១២គ្រឿង ជាមួយនឹងបញ្ជរតង់សុខភាពចំនួន៨កន្លែង និងក្រុមគ្រូពេទ្យចល័ត៥០ក្រុម ក៏នឹងត្រូវដាក់ពង្រាយនៅមណ្ឌលបោះឆ្នោតក្នុងរាជភ្នំពេញ។

ឯ.ឧ ហង្ស ពុទ្ធា សមាជិក និងអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានឱ្យដឹងដែរថា គ.ជ.ប បានសុំគោលការណ៍ដាក់ពង្រាយក្រុមគ្រូពេទ្យ តែនៅតាមការិយាល័យបោះឆ្នោតដែលមានទីតាំងនៅឆ្ងាយដាច់ស្រយាលប៉ុណ្ណោះ។ លោកថា «ការត្រៀមនេះ គឺដើម្បីចាំជួយសង្គ្រោះដល់អ្នកទៅបោះឆ្នោតណាដែលជួបបញ្ហាសុខភាពដូចជា៖ វិលមុខ ឈឺក្បាល រាគរូស និងជំងឺស្រាលៗតែប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់ការិយាល័យបោះឆ្នោតនៅទីប្រជុំជន និងទីក្រុងមានមណ្ឌលសុខភាព ឬមន្ទីរពេទ្យនៅក្បែរ គឺ គ.ជ.ប មិនបានធ្វើការចល័តក្រុមគ្រូពេទ្យនោះទេ»។

តាមបញ្ជីផ្លូវការរបស់ គ.ជ.ប គឺមានប្រជាពលរដ្ឋកម្ពុជាសរុប៨.៣៨០.២១៧នាក់ នឹងចេញទៅ ចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដាខាងមុខនេះ ដើម្បីជ្រើសតំណាងរបស់ខ្លួន មកពីគណបក្សនយោបាយចំនួន២០ ដែលបានចូលរួមប្រកួតប្រជែងដណ្តើមអាសនៈរដ្ឋសភាចំនួន១២៥អាសនៈ៕