ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អាជ្ញាធរជាតិអប្សរាជួសជុលផ្លូវមួយខ្សែជូនប្រជាពលរដ្ឋ នៅឃុំបាគង ស្រុកប្រាសាទបាគង

AKP សៀមរាប ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨–​អាជ្ញាធរជាតិអប្សរាបានជួសជុលផ្លូវមួយខ្សែ ជូនប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុង ភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលផ្លូវលំនេះមាន ប្រវែង ២៨០០ម៉ែត្រ ដែលបច្ចុប្បន្នបានទទួលរងនូវការខូចខាតដោយអន្លើៗ ដោយកន្លែងខ្លះបាន បាក់ដីកើតជាជង្ហុកតូចធំ និងកន្លែងខ្លះទៀតតូចចង្អៀតដែលនាំឱ្យប្រជាពលរដ្ឋ ជួបការលំបាកច្រើនក្នុងការធ្វើដំណើរ។

​លោក ធិននី វិធូ អភិបាលរងស្រុកប្រាសាទបាគង បានឱ្យដឹងនៅក្នុងពិធីបើកការ ដ្ឋានជួសជុលផ្លូវលំកាលពីថ្ងៃពុធ ១៣កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែខែកក្កដា ឆ្នាំ២០១៨ថា ក្នុងនាមជាអាជ្ញាធរស្រុកក៏ដូចជាអាជ្ញាធរមូលដ្ឋាន ពិតជារីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរជាតិអប្សរា ដែលបាន សម្រេចជួសជុលផ្លូវមួយខ្សែនេះជូនប្រជាពលរដ្ឋនាពេលនេះ។

ក្នុងឱកាសនោះ ឯកឧត្តម សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា បានថ្លែង ថា ផ្លូវភូមិមួយខ្សែនេះស្ថិតនៅលើខ្នងបារាយណ៍ដែលជាតំបន់បុរាណ ប៉ុន្តែជាតម្រូវ ការចាំបាច់របស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរប្រចាំថ្ងៃ ទើបអាជ្ញាធរជាតិអប្សរា ក្រោយទទួលបានសំណើសុំជួសជុលពីប្រជាពលរដ្ឋហើយ ក៏បានបញ្ជូនមន្ត្រីជំនាញ ដើម្បីសិក្សាអំពីលទ្ធភាពនៃការជួសជុលក្នុងកម្រិតមួយ ដែលមិនប៉ះពាល់ដល់បុរាណដ្ឋាន។

​ឯកឧត្តម សុខ សង្វារ បានឱ្យដឹងទៀតថា ក្រោយការសិក្សារបស់មន្ត្រី ជំនាញ ឃើញថាការជួសជុលផ្លូវនេះ គឺត្រូវធ្វើឡើងដោយគ្រាន់តែអាចបំពេញដី ត្រង់ជង្ហុកតូចធំ ឈូសពង្រាបទីទួល និងសម្អាតមែកឈើខ្លះៗដែលទេរមកលើផ្លូវប៉ុណ្ណោះ មិនអាច ឈូសឆាយទ្រង់ទ្រាយធំ ឬពង្រីកបន្ថែមលើសពីផ្លូវបច្ចុប្បន្ននេះបានឡើយ។

ការអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធនានាក្នុងរមណីយដ្ឋានអង្គរ គឺត្រូវគិតគូរខ្លាំង ចៀសវាងការអភិវឌ្ឍ ដែលនាំឱ្យប៉ះពាល់ដល់បុរាណដ្ឋាន ឬទីតាំងប្រវត្តិសាស្ត្ររបស់អង្គរ។

​ឯកឧត្តម សុខ សង្វារ បានឱ្យដឹងទៀតថា ទោះជាយ៉ាងនេះក្តី ឯកឧត្តមពិត ជារីករាយដែលបានរួមចំណែកជួយដោះស្រាយទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ។ ជា មួយគ្នានេះដែរឯកឧត្តមក៏បានសំណូមពរដល់ប្រជាពលរដ្ឋឱ្យជួយថែទាំសមិទ្ធផលដែលសម្រេចបាននេះឱ្យបានល្អ និងប្រើប្រាស់បានយូរតទៅទៀត ជាពិសេសត្រូវរួមគ្នាថែរក្សា នូវបេតិកភណ្ឌអង្គរ ដោយមិនធ្វើអ្វីដែលនាំឱ្យប៉ះពាល់ដល់ប្រាង្គប្រាសាទឬបុរាណដ្ឋាននានា និងរួមគ្នាគោរពច្បាប់និងគោលការណ៍នានា ដែលពាក់ព័ន្ធនឹងការអភិរក្ស បេតិកភណ្ឌជាដើម៕

ដោយ ហង្ស សៀក