ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សង្កាត់២ក្នុងខណ្ឌដង្កោ ទទួលបានការស្ថាបនាផ្លូវ លូ ឡើងវិញ ក្រោយជំនន់ទឹកភ្លៀង(មានវីដេអូ)

វិទ្យុជាតិកម្ពុជា៖ អត្ថបទ លោក អ៊ួង វុធ រូបភាព លោក ចន ណារិទ្ធ៖

រាជធានីភ្នំពេញ៖ សង្កាត់ចំនួនពីរ នៅខណ្ឌដង្កោ គឺសង្កាត់ព្រៃស និងសង្កាត់សាក់សំពៅ ត្រូវ​បាន​​​​ស្ថាបនាផ្លូវជូនប្រជាពលរដ្ឋឡើងវិញ ក្រោយពីជំនន់ទឹកភ្លៀងស្រកអស់។ ពិសេស ប្រជា​ពលរដ្ឋរស់​នៅសហគមន៏អន្លង់គងថ្មីសង្កាត់ព្រៃស ទទួលបានផ្លូវ៣ខ្សែ និងដាក់លូ សង្កាត់​សាក់​សំពៅ ត្រូវ​ស្ថាបនាផ្លូវឡើងវិញចំនួន២ខ្សែ ដែលរងការខូចខាតដោយសារទឹក​ហូរផ្តាច់ផ្លូវនា​ពេល​​កន្លងមក។

ក្នុងដំណើរចុះសួរសុខទុក្ខ ប្រជាពលរដ្ឋនៅសហគមន៏អន្លង់គងថ្មី ក្នុងសង្កាត់ព្រៃស និង​សង្កាត់​​​​សាក់សំពៅក្នុងខណ្ឌដង្កោ ដែលទទួលរងការលិចលង់ដោយទឹកជំនន់ នៅព្រឹកថ្ងៃទី២៧ កក្តដា  ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសន្យាថា នឹងស្ថាបនាផ្លូវ​បេតុង​ចំនួន៣ខ្សែ និង ដាក់លូជូនបងប្អូនឡើងវិញ ខណៈដែលផ្លូវ៣ខ្សែនេះ កំពុងឈូសឆាយចាក់ថ្ម ។ឯកឧត្តមអភិបាល បញ្ជាក់ថា ក្នុងនាមថ្នាក់ដឹកនាំ ក្នុងនាមជាអាជ្ញាធរដែនដី មានភារកិច្ច មួយ​ទៀត គឺសុំឲ្យប្រជាពល​រដ្ឋអញ្ជើញទៅ បោះឆ្នោតនៅថ្ងៃទៅ២៩ កក្កដា ខាងមុខនេះ ឲ្យបាន​គ្រប់ៗគ្នា។

លោក សៀង សុផាត និងលោកថាច សាឡន ប្រជាពលរដ្ឋរស់នៅសហគមនអន្លង់គងថ្មីសង្កាត់​​​​​​ព្រៃស បានលើកឡើងស្រដៀងគ្នាថា ពួកគាត់ពិតជារីករាយណាស់ ដែលបានថ្នាក់ដឹកនាំ​រាជធា​នី យកចិត្តទុកដាក់ គិតគូរពីសុខទុក្ខប្រជាពលរដ្ឋ និងបានកសាងផ្លូវ លូបន្ថែមឲ្យពួកគាត់ទៀត ដែល​ទាំងនេះ គឺជាការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំមកលើប្រជាពលរដ្ឋ នៅពេល​មានទុក្ខ​លំបាក​។

ពួកគាត់បញ្ជាក់ថា កន្លងមកសហគមន៏នេះ ទទួលរងការលិចលង់ ដោយជំនន់ទឹក​ភ្លៀង​ជារៀង​រាល់​ឆ្នាំ តែនៅពេលនេះមិនត្រឹមតែ អភិបាលរាជធានី ធ្វើផ្លូវជូនប៉ុណ្ណោះទេ គឺបានដាក់ប្រព័ន្ធលូ​ឲ្យទៀត​ផង។ ប្រជាពលរដ្ឋបានសន្យាថា ពួកគាត់នឹងទៅបោះឆ្នោតនៅថ្ងៃទី២៩ កក្លដា២០១៨​ទាំងអស់គ្នា ដើម្បីបំពេញសិទ្ធជាពលរដ្ឋ។

ក្រោយពីបញ្ចប់ ការចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅសហគមន៏អន្លង់គងថ្មីនេះរួច ឯកឧត្តម អភិ​បាលរាជធានី ក៏បានបន្តដំណើរទៅសួរសុខទុក្ខប្រជាពលរដ្ឋ ដែលទទួលរងការលិចលង់​ដោយ​​ទឹក​ជំនន់នៅសង្កាត់សាក់ សំពៅ ខណ្ឌដង្កោ ដើម្បី ចង់ដឹងពីទុក្ខកង្វល់ និងតម្រូវ​ការ​របស់​បង​ប្អូន​ចង់​បាន។

ឯកឧត្តម អភិបាលក៏បាន ណែនាំឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ​ចាប់​ផ្តើម​ស្ថាបនាផ្លូវចំនួន២ខ្សែឡើងវិញ ក្រោយពីផ្លូវទាំង២ខ្សែ នៅសង្កាត់សាក់សំពៅ ត្រូវបាន ទទួល​រង​ការ​ខូចខាតដោយសារទឹកហូរកាត់ផ្តាច់កាលពីពេលកន្លងមកប៉ុន្មានថ្ងៃមុននេះ ហើយ​មន្ទីរសុខាភិបាល ក៏ត្រូវ ប្រញ៉ាប់ យកថ្នាំអាប៉ែតមកបាញ់ ដើម្បី បង្ការការពារនូវជម្ងី​ដង្កាត់ជូន​បងប្អូនដែរ។

សូមបញ្ជាក់ថា៖ ក្នុងសប្តាហ៏ជាប់ៗគ្នានេះ ឯកឧត្តម អភិបាលរាជធានីភ្នំពេញ តែងតែចុះពិនិត្យ អំពីសកម្មភាពជំនន់លិចលង់លំនៅដ្ឋានប្រជពលរដ្ឋ ដែលរស់នៅតាមសន្តរស្ទឹងព្រែកត្នោត ក្នុង​ភូមិ​សាស្រ្តរាជធានីភ្នំពេញនៅតាមខណ្ឌដង្កោ និងខណ្ដពោធិ៍សែនជ័យ  ៕