ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អាជ្ញាធរខេត្តឧត្តរមានជ័យ ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដល់ប្រជាពលរដ្ឋចំនួន១៦៩០គ្រួសារ នៅស្រុកអន្លង់វែង

AKP ឧត្តរមានជ័យ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨–ឯកឧត្តម យឹម ធិន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស ថាវី អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន២,៣៨៣ក្បាលដី ជូនប្រជាពលរដ្ឋចំនួន១៦៩០គ្រួសារ មកពីភូមិអូរចិញ្ចៀន ភូមិអភិវឌ្ឍន៍ ថ្នល់ទទឹង និងភូមិកោះថ្មី ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីរសៀលថ្ងៃអង្គារ ១២កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិអូរចិញ្ចៀន។

ឯកឧត្តម ស ថាវី បានថ្លែងកោតសរសើរចំពោះក្រុមការងារចុះបញ្ជីដីធ្លី និងអ្នក ពាក់ព័ន្ធទាំងអស់ដែលខិតខំសម្រេចកិច្ចការនេះដោយការទទួលខុសត្រូវ និងតម្លាភាព។

ក្បាលដីដែលបងប្អូនបានចុះបញ្ជី នៅក្នុងសៀវភៅគោលបញ្ជីដីធ្លី និងទទួលបានជាប័ណ្ណ កម្មសិទ្ធិនាពេលនេះ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំដែលការពារដោយច្បាប់ បងប្អូនអាច យកប័ណ្ណនេះទៅដាក់​នៅធនាគារ ដើម្បីខ្ចីប្រាក់យកមកធ្វើជាដើមទុនសម្រាប់ ប្រកបអាជីវកម្មផ្សេងៗក្នុងការជួយសម្រួលជីវភាពរស់នៅរបស់បងប្អូន ឱ្យបានធូរធារជាងមុន។

ដូច្នេះការចុះបញ្ជីដីធ្លី គឺជាការពង្រឹងសុវត្ថិភាពនៃ ការកាន់កាប់ដីធ្លី ដែល​នឹងជំរុញ ការប្រើប្រាស់ដីធ្លីឱ្យអស់សក្ដានុពល ហើយកត្តានេះពិតជា បានបញ្ចប់​នូវជម្លោះ វិវាទដីធ្លី ជាពិសេសការកាត់បន្ថយភាពក្រីក្រ ដែលជាគោលនយោបាយ​ជំរុញ​ការ​ចុះបញ្ជីដីធ្លីរបស់រាជរដ្ឋាភិបាល។

ឯកឧត្ដមអភិបាល​ខេត្តបានគូសបញ្ជាក់ថា ប័ណ្ណកម្មសិទ្ធិដែលបងប្អូន​ទទួល​បាននៅ ថ្ងៃនេះ គឺជាឯកសារមួយមានសារៈសំខាន់ណាស់ ដែលតំណាងឱ្យទ្រព្យសម្បត្តិរបស់បងប្អូន ជា​ឯកសារតំណាងឱ្យកម្មសិទ្ធិផ្ដាច់មុខរបស់កម្មសិទ្ធិករលើដីធ្លីរបស់ខ្លួន ក្នុងការ​ប្រើ​ប្រាស់ និងអាស្រ័យផល ក្នុងការលក់ដូរ ការផ្ទេរទៅអ្នកដទៃ ការដាក់ធានាខ្ចីប្រាក់ ការផ្ទេរ​ទៅ​ឱ្យកូនចៅ ហើយសូមបងប្អូនថែរក្សាប័ណ្ណនេះឱ្យបានល្អ។

ឯកឧត្តមក៏សូមឱ្យ​ប្រជាពលរដ្ឋ​ទាំង​អស់ ចូលរួមគោរពច្បាប់ចរាចរណ៍ និងការធ្វើ ដំណើរដោយប្រុងប្រយ័ត្ន ដើម្បីភាពសុខសាន្តទាំង​អស់គ្នា ព្រមទាំងអញ្ជើញ ទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីសុខសន្តិភាព ភាពរីកចម្រើន និងការអភិវឌ្ឍ ប្រទេសជាតិ៕

ដោយ ទិត ស្រ៊