ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អត្តពលកម្ម និងវាយកូនឃ្លីលើតុរបស់កម្ពុជាបញ្ចប់ដោយគ្មានការទទួលបានមេដាយនៅក្នុង ការប្រកួត ASEAN School Games នៅប្រទេសម៉ាឡេស៊ី

AKP ភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨–ការប្រកួតកីឡាសិស្សនិស្សិតអាស៊ាន លើកទី១០ ASEAN School Games នៅប្រទេស ម៉ាឡេស៊ីបានដំណើរការប្រកួតរយៈពេល៦ថ្ងៃហើយ ប៉ុន្ដែក្រុមអត្តពលិកកម្ពុជា លើ៤ប្រភេទ កីឡានៅមិនទាន់ដណ្ដើមបានមេដាយណាមួយនៅឡើយទេ ដោយ២ប្រភេទកីឡារបស់កម្ពុជា គឺអត្តពលកម្ម និងវាយកូនឃ្លីលើតុបានបញ្ចប់ទាំងស្រុងហើយ ខណៈកីឡាហែលទឹកត្រូវ បញ្ចប់ការប្រកួតរបស់ខ្លួនៅថ្ងៃពុធទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះ និងវាយសីកំពុងដំណើរការ ប្រកួតនៅឡើយ។

ចំពោះលទ្ធលលើកីឡាវាយសី ដែលបានបញ្ចប់នោះ គឺប្រកួតចាញ់នៅវគ្គ 1/16 Men’s single ដែល កីឡាករ វ៉ាត់ វ៉ាន់ធន់​បានប្រកួតចាញ់កីឡាករឡាវ​ ដោយលទ្ធផល១សិតទល់២សិត ក្នុងពិន្ទុ 17-21, 21-17, 13-21។ កីឡាករ សុក រីករាយ​ ប្រកួតចាញ់ កីឡាករ ហ្វីលីពីន ២សិត០ ក្នុងពិន្ទុ ១៧ទល់២១ ទាំងពីរសិត ខណៈវិញ្ញាសាវាយគូបុរស កីឡាករ វ៉ាត វ៉ាន់ធន់ និងភា​ សុថៃ ប្រកួត ចាញ់កីឡាករ​មីយ៉ាន់ម៉ា​ ក្នុងលទ្ធផល ១សិតទល់២សិត ក្នុងពិន្ទុ 21-7, 9-21 និងពិន្ទុ 14ទល់21។
មន្ដ្រីគ្រប់គ្រងផ្នែកកីឡាកម្ពុជាបានឱ្យដឹងពីប្រទេសម៉ាឡេស៊ីមកថា គិតមកដល់ពេលនេះ កម្ពុជាមិនមានមេដាយក្នុងដៃនោះឡើយ ដែល២ប្រភេទកីឡាបានបញ្ចប់ រីឯកីឡាហែលទឹក នឹងត្រូវប្រកួត នៅថ្ងៃពុធនេះ ប៉ុន្ដែមិនមានសង្ឃឹមក្នុងការរកមេដាយឡើយ។ ប៉ុន្តែក្រុមកីឡា វាយសីកំពុងយ៉ាងស្វិតស្វាញ ដើម្បីកក់កៅអីទៅវគ្គបន្ដ ហើយកីឡាវាយសីនេះគឺជាក្តី សង្ឃឹមចុងក្រោយក្នុងការដណ្តើមមេដាយ។

ក្រៅពីកម្ពុជាដែលគ្មានមេដាយ ក៏មានឡាវ និងព្រុយណេផងដែរ ស្របពេលដែលម្ចាស់ផ្ទះ ម៉ាឡេស៊ី ឈរនៅលេខរៀងទី១ ដោយមានមេដាយសរុប២៦គ្រឿង ក្នុងនោះមេដាយមាស៨, ប្រាក់១២ និងសំរឹទ្ធិ៦ ខណៈឥណ្ឌូណេស៊ី ឈរលេខ២ ដណ្ដើមបានមេដាយសរុប១៩ គ្រឿងមានមេដាយមាស៧, ប្រាក់៥ និងសំរឹទ្ធិ៧ និងក្រុមអត្តពលិកវៀតណាម ឈរលេខ៣ ដណ្ដើមបានមេដាយសរុប ១០គ្រឿងមានមេដាយមាស៦, ប្រាក់៣ និងសំរឹទ្ធិ១៕

ដោយ ហេង ណាលីន