ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងអភិបាលខេត្តកំពត ចុះពិនិត្យស្ថានភាព ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ផ្លូវ ក្រោយពីរងការខូចខាតដោយទឹកជំនន់ភ្លៀងនៅស្រុកទឹកឈូ

AKP កំពត ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨–​ឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត ព្រមទាំងមន្ត្រីនៃមន្ទីរពាក់ព័ន្ធក្នុងខេត្តបានចុះពិនិត្យ ឈ្វេងយល់នូវស្ថានភាពហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ដែលរងផលប៉ះពាល់ខូចខាតដោយ ទឹកជំនន់ភ្លៀងវាយប្រហារកាលពីពាក់កណ្ដាលខែកក្កដាថ្មីៗនេះ ស្ថិតនៅក្នុងឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត ពិសេសស្ពានចំនួន២ ដែលរងការខូចខាតនៅក្នុងឃុំស្ទឹងកែវ នេះតែម្តង។ការចុះពិនិត្យនេះបានធ្វើឡើងកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨។

តាមការបញ្ជាក់ពីអាជ្ញាធរឃុំបានឱ្យដឹងថា ស្ពានទាំងពីរខាងលើនេះ ទី១-គឺហៅថាស្ពាន ស្ទឹងកែវ ដោយស្ថិតនៅនឹងឆ្លងកាត់ភូមិដូងនិងភូមិអន្លង់ម៉ាក់ប្រាង្គ មានប្រវែង ជាង៩០ម៉ែត្រ និងមាន មាត់ស្ទឹងប្រមាណជាង៥០ម៉ែត្រ ស្ពានទី២ មានប្រវែងប្រហាក់ ប្រហែលគ្នាស្ថិត នៅភូមិម៉ាក់ ប្រាង្គដដែល និងឆ្លងទៅភូមិម្លេចគល់។

នៅរយៈពេលកន្លងមក ស្ពានទាំងពីរ នេះធ្វើពីឈើកម្រាលបន្ទះក្ដារ តែងបានជួយសម្រួលនិងបម្រើប្រយោជន៍ ដល់ប្រជាពលរដ្ឋក្នុង មូលដ្ឋានក៏ដូចប្រជាពលរដ្ឋទូទៅឆ្លងកាត់ទាំងការចេញចូលទៅធ្វើ ស្រែចម្ការនិងដឹកកសិផល ពិសេសស្ពានស្ទឹងកែវអាចឆ្លងកាត់ធ្វើដំណើរបានរហ័សទៅ ដល់តំបន់មជ្ឈមណ្ឌលអភិវឌ្ឍន៍ ៣១៧កោះស្លា រហូតដល់ផ្លូវជាតិលេខ៤ថែមទៀតផងដែរ។

​ឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍ថា ហេដ្ឋារចនា សម្ព័ន្ធជនបទ ពិសេសស្ពាន ផ្លូវ គឺជាការងារអាទិភាពមួយ ដែលរាជរដ្ឋាភិបាលកម្ពុជា តែងតែបានយកចិត្តទុកដាក់ អភិវឌ្ឍន៍យ៉ាងខ្លាំងក្លានៅទូទាំង ប្រទេស ដើម្បីសម្រួលដល់ការធ្វើដំណើរក៏ដូចជាការដឹកជញ្ជូនកសិផលផ្សេងៗ របស់ប្រជាពលរដ្ឋទៅកាន់ទីផ្សារនានា។

ឯកឧត្ដមបានបន្ដថា ក្រសួងនឹងចាត់បញ្ជូនមន្ត្រីជំនាញឱ្យចុះមកសិក្សាវាយ តម្លៃគម្រោង ដើម្បីដាក់សំណើជូនប្រមុខរាជរដ្ឋាភិបាលសម្រេចឱ្យបានឆាប់ សម្រាប់ដំណើរ ការសាងសង់នៅពេលខ្លីខាងមុខនេះ។

​ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានលើកឡើងថា
បើទោះបី នៅក្នុងដំណាក់កាលនេះស្ពានស្ទឹងកែវមិនទាន់បានដំណើរសាងសង់ នៅឡើយ ក៏ពិតមែន ប៉ុន្តែ អាជ្ញាធរខេត្តនឹងខិតខំជំរុញធ្វើឱ្យមានការជួសជុល ស្ពាននេះឡើងវិញ ឱ្យបានឆាប់ដើម្បីសម្រួលដល់ការឆ្លងកាត់បណ្ដោះអាសន្នរបស់ប្រជាពលរដ្ឋ ដែលជាការចាំបាច់ផងដែរ៕

ដោយ ប្រាក់ លាង