ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

កម្ពុជា និងថៃ ជួបពិភាក្សាគ្នាពង្រឹងការប្រើប្រាស់រូបិយវត្ថុជាតិ ប្រាក់រៀលខ្មែរនិងប្រាក់បាតថៃសម្រាប់គម្រោងតភ្ជាប់ប្រព័ន្ធ ទូទាត់តាមរយៈ QR Codeរវាងប្រទេសទាំងពីរ

AKP ភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨–​លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេស បានជួបពិភាក្សាជាមួយក្រុមការងាររបស់ ធនាគារកណ្តាលថៃដឹកនាំដោយលោកជំទាវ Chantavarn Sucharitakul ឧបការីទេសាភិបាល ស្តីពីគម្រោងពង្រឹងការប្រើប្រាស់រូបិយវត្ថុជាតិ
ប្រាក់រៀលខ្មែរ និងប្រាក់បាតថៃ ចំពោះប្រតិបត្តិការ ឆ្លងព្រំដែនតាមរយៈគម្រោងតភ្ជាប់ប្រព័ន្ធទូទាត់ QR Code រវាងប្រទេសទាំងពីរ។

នេះបើ យោងតាមការចេញផ្សាយរបស់ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃអង្គារ ១២កើត ខែទុតិយា សាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨។

​លោកជំទាវ ជា សិរី បានបញ្ជាក់ថា គម្រោងរួមគ្នានេះមានគោលបំណងដាក់ឱ្យប្រើ ប្រាស់នូវប្រព័ន្ធ QR Code ដែលជាជំហានដំបូងសម្រាប់ទូទាត់ជាទូទៅ ដូចជា ការទូទាត់ របស់ភ្ញៀវទេសចររបស់ប្រទេសទាំងពីរ និងបន្ទាប់មកនឹងបង្កើនវិសាលភាពដល់ការផ្ទេរ ប្រាក់របស់កម្មករដែលកំពុងបម្រើការងារនៅប្រទេសថៃ និងការទូទាត់បែបពាណិជ្ជកម្ម និងវិនិយោគ។

​លោកជំទាវបានលើកឡើងថា ការប្រើប្រាស់ QR Code នឹងអនុញ្ញាតឱ្យប្រជាជន កម្ពុជាដែលមានគណនីជាប្រាក់រៀលទទួលបានផលចំណេញជាច្រើន ដូចជាអាចធ្វើការទូទាត់ចេញពីគណនីជាប្រាក់រៀលរបស់ខ្លួនសម្រាប់ចំណាយទិញទំនិញ ឬទូទាត់ចំណាយនានាដូចជា សេវាព្យាបាលជាដើម នៅលើទឹកដីថៃដោយងាយស្រួល សុវត្ថិភាព និងចំណាយ តិចបំផុត បើធៀបទៅនឹងការប្តូរនិងការកាន់សាច់ប្រាក់បាតទៅចាយលើទឹកដីថៃ។

ទន្ទឹមនេះ ប្រជាជនកម្ពុជា នឹងមិនចាំបាច់ខ្វល់ខ្វាយពីការប្តូរប្រាក់ ដែលពេលខ្លះអាចទទួលរងនូវការខាតបង់ពីការប្តូរប្រាក់ ពេលធ្វើដំណើរទៅកាន់ប្រទេសថៃ ហើយអាចធ្វើការ ចំណាយដោយមិនចាំ បាច់ព្រួយបារម្ភពីការបាត់បង់និងខ្វះខាត ប្រាក់បាតថៃនៅពេល ដែលមានគណនីជាប្រាក់រៀលនៅកម្ពុជា។

លោកជំទាវបន្តទៀតថា លើសពីនេះទៀត ការប្រើប្រាស់ QR Code ក៏នឹងអាច អនុញ្ញាតឱ្យពាណិជ្ជករទូទាត់ថ្លៃទំនិញឱ្យគ្នាដោយផ្ទាល់ ចំណែកឯកម្មករកម្ពុជាដែលធ្វើការ នៅប្រទេសថៃក៏នឹងអាចផ្ទេរប្រាក់ទៅគ្រួសាររបស់ខ្លួនតាមរយៈប្រព័ន្ធនេះជាមួយនឹងការចំណាយទាប និងមានសុវត្ថិភាពបំផុត។
ជាមួយគ្នានេះ គម្រោងតភ្ជាប់ប្រព័ន្ធទូទាត់តាមរយៈ QR Code នឹងក្លាយជាកម្លាំង ចលករមួយទៀត ចំពោះការលើកទឹកចិត្តឱ្យប្រជាជនកម្ពុជា មានគណនីជាប្រាក់រៀល ដោយទទួលបាននូវអត្ថប្រយោជន៍ជាច្រើនទាំងក្នុងស្រុក និងនៅក្រៅប្រទេសស្របតាម គោលនយោបាយជំរុញការប្រើប្រាស់ប្រាក់រៀលរបស់ធនាគារជាតិនៃកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា។

ម៉្យាងទៀត ការប្រើប្រាស់ QR Code ជាមួយនឹង គណនីជាប្រាក់រៀល នឹងជួយបង្កើនការប្រើប្រាស់ប្រព័ន្ធទូទាត់ផ្លូវការ ដែលធ្វើឱ្យការចំណាយលើប្រតិបត្តិការមានតម្លៃទាប ងាយស្រួលនិងមានសុវត្ថិភាព ជាពិសេសចំពោះប្រតិបត្តិការ តូចៗរបស់ប្រជាជនក្រីក្រនិងថ្នាក់កណ្តាល។

យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា គិតត្រឹមតែរយៈ ពេល៦ខែ ឆ្នាំ២០១៨ អត្រានៃការប្រើប្រាស់ប្រាក់រៀល បានកើនឡើងគួរឱ្យកត់សម្គាល់ គឺកើន២២ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧ ដែលមានត្រឹមតែ ១៨ភាគរយ តែប៉ុណ្ណោះ។

ការកើនឡើងនៃប្រាក់រៀលយ៉ាងឆាប់រហ័សនេះ គឺមកពីប្រជាពលរដ្ឋមានការជឿទុកចិត្តលើប្រាក់រៀល នឹងបន្ដចាយប្រាក់រៀល ហើយបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ប្រកបដោយបរិយាបន្ន៕

ដោយ ទូច វលក្ខណ៍