ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

វេទិកាសម្ព័ន្ធសង្គមស៊ីវិលអះអាងថា ប្រទេសចំនួន៥២ ប្រកាសចូលរួមសង្កេតការណ៍ បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៦ ឆ្នាំ២០១៨នេះ

AKP ភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨–​វេទិកាសម្ព័ន្ធសង្គមស៊ីវិលបានអះអាងថា ប្រទេសចំនួន៥២នឹងបញ្ជូនអ្នកសង្កេត ការណ៍ចំនួន២២០នាក់ឱ្យមកឃ្លាំមើលការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៦ ឆ្នាំ២០១៨នេះនៅកម្ពុជា ស្របពេលដែលតួលេខនៃអ្នកសង្កេតការណ៍ជាតិ
និងអន្តរជាតិបន្ត កើនឡើងជាបន្តបន្ទាប់។

ថ្លែងក្នុងពិធីបង្ហាញពីការចូលរួមរបស់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលកោះពេជ្រ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងជាប្រធានគណៈកម្មការសម្រប សម្រួលការងារអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិសម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា រហូតមដល់ពេលនេះ មានអ្នកសង្កេតការណ៍ជាតិចំនួន១.០៣៦នាក់ មកពីអង្គការ សមាគម នៅទូទាំង២៥រាជធានី ខេត្ត ដែលជាសមាជិកវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងក្រុមអ្នកសង្កេតការណ៍អន្តរជាតិចំនួន ២២០នាក់ តំណាងឱ្យអង្គការ ស្ថាប័ន និងតំណាងប្រទេសចំនួន៥២ នៅលើពិភពលោក ចូលរួមសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា។

​ឯកឧត្តមបានបន្តថា បេសកកម្មពិសេសរបស់គណៈកម្មការសម្របសម្រួលការងារ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ សម្រាប់ការបោះឆ្នោតក្នុង ឆ្នាំ២០១៨នេះ គឺដើម្បីធានា បាននូវភាពជាម្ចាស់ និងធ្វើជាសាក្សីផ្ទាល់ក្នុងដំណើរការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦នេះ ប្រកបដោយភាពត្រឹមត្រូវ សេរី និងយុត្តិធម៌ ទៅតាមមាគ៌ាដ៏ត្រឹមត្រូវ នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស រដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជា ធរមាននៅកម្ពុជា គឺជាបេសកកម្មចម្បងរបស់គណៈកម្មការ សម្របសម្រួលនេះ។

​យោងតាមសេចក្តីប្រកាសព័ត៌មានរបស់វេទិកាសម្ព័ន្ធសង្គមស៊ីវិលបានឱ្យដឹងថា បន្ទាប់ពីបញ្ចប់ការងារសង្កេតការណ៍បោះឆ្នោត ក្រុមអ្នកសង្កេតការអន្តរជាតិ នឹងធ្វើសន្និសីទសារព័ត៌មាន នៅល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។

ចំណែកក្រុមអ្នកសង្កេតការណ៍ជាតិ គ្រោងនឹងធ្វើសន្និសីទនៅរសៀល ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីបង្ហាញពីការពិតនូវដំណើរការបោះឆ្នោត ក្នុងនាមជាសាក្សី ដែលបានចុះទៅសង្កេតការណ៍ដោយផ្ទាល់ នៅតាមការិយាល័យបោះឆ្នោតនានា។

​ឯកឧត្តមបានបន្ថែមទៀតថា អ្នកសង្កេតការណ៍អន្តរជាតិទាំងនេះ មានឯករាជ្យភាពពេញលេញ ក្នុងការពិនិត្យតាមដានដំណើរការបោះឆ្នោតនៅកម្ពុជា ក៏ដូចជាចេញសេចក្តីថ្លែងការណ៍វាយតម្លៃអំពី ដំណើរការបោះឆ្នោតនៅកម្ពុជា ដោយគ្មានការបង្ខិតបង្ខំពីគណបក្សនយោបាយ ឬ ស្ថាប័នណាមួយនោះ ឡើយ។

ទន្ទឹមនេះ បណ្តាអ្នកសង្កេតការណ៍អន្តរជាតិដែលអញ្ជើញមកសង្កេតការណ៍ សម្រាប់ការបោះឆ្នោត នៅកម្ពុជានេះ គឺតំណាងឱ្យស្ថាប័នអន្តរជាតិធំៗណាស់ ដូចជា CDI ហើយស្ថាប័ននេះ តំណាងឱ្យគណបក្សនយោបាយនៅទ្វីបអឺរ៉ុប នៅទ្វីបអាហ្វ្រិក ទ្វីបអាម៉េ រិកឡាទីន អ្នកស្រឡាញ់ប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ។

សូមបញ្ជាក់ថា បើតាមការបញ្ជាក់របស់ គ.ជ.ប បានឱ្យដឹងថា ភ្នាក់ងារគណបក្សនយោបាយ ដែលគ.ជ.ប អនុញ្ញាតឱ្យចូលរួមសង្កេតមើលការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៦ មានជិត៨ម៉ឺននាក់។

ក្នុងចំណោមគណបក្សនយោបាយទាំង២០ មានគណបក្សនយោបាយចំនួន៦ មិនបាន ដាក់ភ្នាក់ងារគណបក្សនយោបាយ នៅតាមការិយាល័យបោះឆ្នោតនោះទេ៕

ដោយ គង់ សិរីរ័ត្ន