ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្នុងរយៈពេល៥ឆ្នាំ រាជរដ្ឋាភិបាលផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋបានចំនួនជាង៩.៧៤៤.២៩៨សន្លឹក

AKP ភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨–​ក្នុងរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧ រាជរដ្ឋាភិបាលបានផ្តល់ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនដល់ប្រជាពលរដ្ឋបានចំនួនជាង៩.៧៤៤.២៩៨សន្លឹក និងបានផ្តល់ជូន ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ដើម្បីចែកជូនដល់ប្រជាពលរដ្ឋគឺ បានចំនួន ៩.៧២៩. ៤៩៩សន្លឹក។

ចំណែកការផ្តល់សៀវភៅស្នាក់នៅប្រភេទ (ក២) ចំនួន ៣.០១០.៥២៦ ក្បាល ហើយសៀវភៅគ្រួសារប្រភេទ (ក៤) ចំនួន ២.៨៥៥.៨៥២ ក្បាល។

នេះបើយោងតាមរបាយ ការណ៍ស្ដីពីសមិទ្ធផលសំខាន់ៗរបស់រាជរដ្ឋាភិបាល ក្នុងរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០១៣ ដល់ ឆ្នាំ២០១៧។

​យោងតាមរបាយការណ៍បានឱ្យដឹងថា បច្ចុប្បន្ននេះ ដើម្បីធ្វើឱ្យការងារផ្តល់អត្តសញ្ញាណប័ណ្ណនេះកាន់តែមានភាពលឿនរហ័សនោះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានរៀបចំផ្តល់ សេវាធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ នៅក្នុងផ្សារទំនើប ដែលធ្វើឱ្យប្រជាពលរដ្ឋកាន់ តែមានភាពងាយស្រួលក្នុងការទទួលយក សេវាធ្វើអត្តសញ្ញាណប័ណ្ណបានលឿន និងឆាប់រហ័សដោយប្រើប្រាស់នូវបច្ចេកវិទ្យាទំនើប។

ចំពោះបញ្ហាអន្តោប្រវេសន៍វិញ ត្រូវបានរាជរដ្ឋាភិ បាលមានការយកចិត្តទុក យ៉ាងខ្លាំងដោយសារថា នេះគឺជាបញ្ហាសន្តិសុខជាតិដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សង្គម ជាតិទាំងមូលប្រសិនបើគ្មានការគ្រប់គ្រង និងធ្វើការដោះស្រាយឱ្យមាន ប្រសិទ្ធភាពទេនោះ។

​ជាក់ស្តែងក្នុងពេលបច្ចុប្បន្ននេះ សកម្មភាពចុះធ្វើការត្រួតពិនិត្យជនបរទេសអន្តោ ប្រវេសន៍ដែលកំពុងមកស្នាក់នៅ ឬធ្វើការនៅក្នុងប្រទេសកម្ពុជា គឺមានភាពសកម្មយ៉ាង ខ្លាំងក្លាក្នុងអាណត្តិទី៥នេះ។

ជនបរទេសអន្តោប្រវេសន៍ខុសច្បាប់ មិនមានឯកសារត្រឹមត្រូវតាមច្បាប់របស់កម្ពុជា ត្រូវបានចាប់បញ្ជូនត្រឡប់ទៅប្រទេសកំណើតវិញ។

ដោយឡែក ជនបរទេសដែលមក ធ្វើការនៅកម្ពុជាមិនមានប័ណ្ណការងារនោះ គឺត្រូវឱ្យធ្វើប័ណ្ណការងារត្រឹមត្រូវ ប្រសិនបើពួកគេ ចង់ធ្វើការងារនៅក្នុងប្រទេសកម្ពុជា។

របាយការណ៍បានបន្ដថា ការងារអនុវត្តន៍ជនបរទេស អន្តោប្រវេសន៍នេះ គឺរាជរដ្ឋាភិ បាលកម្ពុជាបានអនុវត្តន៍គ្រប់ជាតិ សាសន៍ទាំងអស់ដោយមិនប្រកាន់ជាតិសាសន៍ណាជាជាតិ សាសន៍ណានោះទេ ប្រសិនបើជនអន្តោប្រវេសន៍ទាំងនោះមកធ្វើការងារ ឬមករស់នៅលើ ទឹកដីកម្ពុជា គឺត្រូវគោរពច្បាប់របស់ប្រទេសកម្ពុជា ជាពិសេសច្បាប់ស្តីពីអន្តោប្រវេសន៍ ដែល
ជាច្បាប់គោលដែល ត្រូវបានប្រើប្រាស់សម្រាប់អនុវត្តន៍លើជនបរទេស។

​ជាមួយគ្នានេះ ក្រសួងមហាផ្ទៃដែលមានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ជាសេនាធិការ បានរៀបចំនូវតាក់ តែងនូវលិខិតបទដ្ឋានគតិយុត្តជាច្រើនដើម្បីធ្វើយ៉ាងណាពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងជនបរទេសអន្តោប្រវេសន៍ដែលមកធ្វើការងារ ឬស្នាក់នៅរកស៊ី នៅក្នុងប្រទេសកម្ពុជាគោរពទៅតាមច្បាប់របស់ប្រទេសកម្ពុជា។

​យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃ ក្រសួងមហាផ្ទៃ បានឱ្យដឹង ថា គិតចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧ កម្លាំងមានសមត្ថកិច្ចបានអនុវត្តន៍នីតិវិធីឃាត់ខ្លួន និងបណ្តេញជនបរទេសដែលរស់នៅកម្ពុជាខុសច្បាប់បានចំនួន១៣.៧០១នាក់ មាន៨៥ សញ្ជាតិ។

ក្នុងនោះការជំរឿនជនអន្តោប្រវេសន៍បានសរុបចំនួន ៤៦.៧៧៦គ្រួសារ ស្មើនឹង ចំនួន ១៧៦. ៨១២នាក់ ក្នុងនោះស្រីមានចំនួន ៧៩.៧២៨នាក់។

ជនបរទេសបែបអន្តោ ប្រវេសន៍កាន់កាប់ការប្រើប្រាស់ឯកសារកម្ពុជាមិនប្រក្រតីមានចំនួន២០.២១៨គ្រួសារ ស្មើនឹងចំនួន ៧៣.៣៩៧ នាក់ ក្នុងនោះស្រីមានចំនួន ៣៥.៨៨៨នាក់ មាន៥សញ្ជាតិ ដែលកំពុងដំណើរការដកហូតតាម អនុក្រឹត្យរបស់រាជរដ្ឋាភិបាលចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧។

ទន្ទឹមនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានសហការជាមួយក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះធ្វើអធិការកិច្ចពលករបរទេសនៅតាមរោង ចក្រ សហគ្រាស គ្រឹះស្ថាននានា តាមរាជធានី ខេត្ត សំដៅពិនិត្យភាពស្របច្បាប់របស់ពលករ ដែលជាលទ្ធផល រកឃើញ ពលករបរទេសប្រកបមុខរបរខុសច្បាប់ចំនួន ៧.៣៤២នាក់ នឹងបានធ្វើការផាកពិន័យគិតជាប្រាក់ស្មើនឹង ៣.៦៤០.៩០០.០០០រៀល។

តាមរយៈការត្រួតពិនិត្យនេះ បានជំរុញ ឱ្យពលករបរទេសជាច្រើនបានអនុវត្តន៍ច្បាប់របស់កម្ពុជា ដោយបានធ្វើប័ណ្ណការងារនៅ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ៕

ដោយ ចាន់ សុធីវង្ស