ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

មេបញ្ជាការកំពូលអ៊ីរ៉ង់ព្រមាន ស.រ.អា លើការគំរាមកំហែងប្រឆាំងនឹងអ៊ីរ៉ង់

AKP ភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ — នាយសេនាធិការកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង លោក ម៉ូហាម៉ាដ បានកេរី ( Mohammad Baqeri ) បានប្តេជ្ញាកាលពីថ្ងៃអង្គារថា កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់បានរៀបចំយ៉ាងខ្លាំងក្លា ដើម្បីផ្តល់ការឆ្លើយតប ចំពោះការគំរាមកំហែងណាមួយ ក្នុងកម្រិតណាមួយមកលើសាធារណរដ្ឋអ៊ីស្លាមនេះ ។

Press TV បានដកស្រង់សម្តី លោក បាកេរី ដែលនិយាយថា ប្រទេសអ៊ីរ៉ង់បានថែរក្សានូវការរួបរួម គ្នារបស់ខ្លួនក្នុងពេលជាង ៤ ទសវត្សកន្លងទៅនេះ ក្នុងការដោះស្រាយជាមួយសត្រូវជាពិសេស « ឧក្រិដ្ឋជន ស.រ.អា » និងរបបហ្សូនិស្តអ៊ីស្រាអែល។

លោកបាននិយាយថា ប្រជាជនអ៊ីរ៉ង់បានទទួលជោគជ័យធ្វើមិនឱ្យបានសម្រេចរាល់អំពើអាក្រក់ ទាំងអស់របស់សត្រូវ ព្រមទាំងសម្រេចបានជោគជ័យជាស្ថាពរមួយលើពួកទាំងនោះ ។

លោក បាកេរី បាននិយាយថា អ៊ីរ៉ង់មិនដែលធ្វើសង្គ្រាមណាមួយប្រឆាំងនឹងប្រទេសណាមួយឡើយ ហើយការសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់ដោយលោកនិយាយបន្ថែមថា សាធារណរដ្ឋអ៊ីស្លាមនេះ បានថែរក្សានូវទំនាក់ទំនងយ៉ាងរាក់ទាក់ជាមួយបណ្តារដ្ឋ ដែលនៅជិតខាងខ្លួន ព្រមទាំងបានជួយជំរុញ សន្តិភាពថ្នាក់តំបន់ ។

លោក បាកេរី បាននិយាយថា ក្នុងឋានៈជាកម្លាំងដែលលេចចេញជាងគេនៅក្នុងឈូងសមុទ្រពែក្ស និងច្រកសមុទ្រពីរមូសនោះ អ៊ីរ៉ង់តែងតែធ្វើជាអ្នកធានាសន្តិសុខជានិច្ចដល់ការដឹកជញ្ជូន និងសេដ្ឋកិច្ច សកលនៅក្នុងផ្លូវទឹកយ៉ាងសំខាន់នេះ ព្រមទាំងមានអំណាច ដើម្បីចាត់ការប្រឆាំងនឹងគម្រោងការណ៍ណាមួយនៅក្នុងតំបន់នេះ ។

ការកត់សម្គាល់របស់លោក បាកេរី នេះធ្វើឡើងនៅពេលមានសង្គ្រាមពាក្យសម្តីមួយរវាងមេដឹនាំ អាម៉េរិក និងអ៊ីរ៉ង់ ។ លោក ត្រាំ កាលពីថ្ងៃអាទិត្យ បានព្រមានអ៊ីរ៉ង់នៅក្នុង Tweet មួយប្រឆាំងនឹងការគំរាមកំហែង ស.រ.អា ជាថ្មីថា នឹងទទួលរងនូវផលវិបាក ដែលប្រវត្តិសាស្ត្រមិនដែលបានទទួលរងពីមុនមក ។ Tweet ដែលសរសេរជាអក្សរធំៗរបស់លោក ត្រាំ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអ៊ីរ៉ង់ លោក ហាស្សាន រូហានី បានព្រមានក្រុងវ៉ាស៊ីងតោនកុំឱ្យប្រឡែងលេងជា មួយកន្ទុយតោពីព្រោះសង្គ្រាមជាមួយ អ៊ីរ៉ង់នឹងជាមាតានៃសង្គ្រាមទាំងអស់ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )