ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

នាយករដ្ឋមន្រ្តីវៀតណាមស្នើឱ្យមានកិច្ចខិតខំបន្ថែមទៀត ក្នុងការលើកកម្ពស់ប្រសិទ្ធិភាពយន្តការច្រកចេញចូលតែមួយ

AKP ភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានស្នើដល់ក្រសួងហិរញ្ញវត្ថុឱ្យបញ្ជូនសេចក្តីព្រាងផែនការសកម្មភាពស្តីពីការលើកកម្ពស់ច្រកចេញចូលតែមួយអាស៊ាន ( ASW )ច្រកចេញចូលតែមួយជាតិ ( NSW )និងកិច្ចសម្របសម្រួលពាណិជ្ជកម្ម នៅចុងខែសីហានេះ ព្រមទាំងសេចក្តីព្រាងច្បាប់ស្តីពីការងរ នៅចុងខែកញ្ញា ឆ្នាំនេះ។


ថ្លែងនៅក្នុងសន្និសីទថ្នាក់ជាតិស្តីពីការជំរុញកិច្ចសហការ ASW, NSW និងកិច្ចសម្របសម្រួលពាណិជ្ជកម្ម ដែលធ្វើនៅទីក្រុងហាណូយកាលពីថ្ងៃទី ២៤ ខែកក្កដា នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ទៅលើតម្រូវការក្នុងការបន្តបង្កើតបរិយាកាសធុរកិច្ចឱ្យមានភាពប្រសើរជាងមុន សម្រាប់គ្រប់វិស័យសេដ្ឋកិច្ច ដោយមានបំណងចូលក្នុងក្រុមឈានមុខនៃអាស៊ាន និងដើម្បីបំពេញតាមស្តង់ដាររបស់អង្គការ កិច្ចសហ-ប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ( OECD )។

នាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ផែនការសកម្មភាព និងច្បាប់នេះ គួររួមបញ្ចូលទាំងដំណោះស្រាយដែលមានប្រសិទ្ធភាព និងដែលជាការអនុវត្ត ជាពិសេសការគ្រប់គ្រងការនាំចេញ – នាំចូលទំនិញ ដោយដោះស្រាយបញ្ហា និងពង្រឹងទាំងសកម្មភាពនាំចេញនាំចូល ព្រមទាំងពាណិជ្ជកម្មក្នុងតំបន់ និងអន្តរជាតិផងដែរ។ ដោយសង្កត់ធ្ងន់ទៅលើតម្រូវការដើម្បីគ្រប់គ្រង និងទប់ស្កាត់ការក្លែងបន្លំពាណិជ្ជកម្ម និងការរត់ពន្ធ នាយករដ្ឋមន្ត្រីជឿជាក់ថា វាជាការចាំបាច់ដែលត្រូវរៀបចំវិធានការឱ្យមានភាពតឹងរ៉ឹង ដើម្បីរារាំង ស្ថាប័ន និងបុគ្គល ពីការរំលោភបំពានបទបញ្ជាលើសុវត្ថិភាពចំណីអាហារ ឬការធ្វើពាណិជ្ជកម្មក្លែងបន្លំ។

លោកបានសម្តែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការគ្រប់គ្រងថ្នាក់ជាតិ សម្រាប់ ASW, NSW និងកិច្ចសម្របសម្រួលពាណិជ្ជកម្ម (គ្រប់គ្រង ១៨៩៩ )ក៏ដូចជាក្រសួង និង វិស័យពាក់ព័ន្ធនានា ជាពិសេសសហគមន៍អាជីវកម្ម ក្នុងការអនុវត្តភារកិច្ចដែលបានផ្តល់ដោយនាយករដ្ឋ មន្ត្រី និងរដ្ឋាភិបាលក្នុងវិស័យនេះ។
លោកបានស្នើដល់គ្រប់ក្រសួង និងវិស័យនានា ឱ្យខិតខំធ្វើការងារឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច ដែលនឹងបង្កើនការប្រកួតប្រជែងថ្នាក់ជាតិ និងគាំទ្រដល់ការរីកចម្រើនប្រកបដោយចីរភាព៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)