ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ចាប់ពីឆ្នាំ២០១៣-២០១៧ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុញ្ញាតឱ្យក្រុមហ៊ុនក្នុងស្រុក និងក្រៅ ប្រទេសធ្វើការវិនិយោគ៩៧០គម្រោង និងមានទុនវិនិយោគ ២៣.​៤៨០លានដុល្លារ

AKP ភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ –ក្នុងរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០១៣២០១៧ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តាមរយៈគណៈ កម្មាធិការវិនិយោគកម្ពុជា និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា បានសម្រេច អនុញ្ញាតឱ្យក្រុមហ៊ុនមក​ពី​​ក្នុងស្រុក និងក្រៅប្រទេសធ្វើការវិនិយោគលើគម្រោងថ្មី និង គម្រោងពង្រីកផលិតកម្មសរុបចំនួន​៩៧០គម្រោង ដែលមានទុនវិនិយោគ២៣.​៤៨០លានដុល្លារអាម៉េរិក ពោលគឺប្រមាណជាង​៤.០០០លានដុល្លារក្នុងមួយឆ្នាំ ហើយការវិនិយោគមាន សក្តានុពលបង្កើតការងារថ្មីៗជូនប្រជាពលរដ្ឋនេះបើយោងតាមរបាយការណ៍ស្ដីពីសមិទ្ធ ផលសំខាន់ៗរបស់រាជរដ្ឋាភិបាលក្នុងរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧។

ក្នុងរបាយការណ៍បានបញ្ជាក់ថា ក្នុងបណ្ដាគម្រោង​វិនិយោគទាំង៩៧០គម្រោង វិស័យឧស្សាហកម្ម និងកម្មន្តសាល មាន៨១១គម្រោងបានបោះទុនវិនិយោគ ៧.៣១៦,៧០ លានដុល្លារ ៣១ភាគរយនៃទុនវិនិយោគសរុប វិស័យកសិកម្ម និងកសិឧស្សាហកម្ម មាន៧៨ គម្រោង បានបោះទុនវិនិយោគ.៧៥០,៤៧លានដុល្លារ ១២ភាគរយនៃទុនវិនិយោគសរុប វិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យ​ផ្សេងៗ មាន៤៤គម្រោង បោះទុនវិនិយោគ ៨.​ ១៤៧.៩៥ លានដុល្លារ ៣៥ភាគរយនៃទុន​វិនិយោគសរុប និងវិស័យទេសចរណ៍មាន ៣៧គម្រោង បាន បោះទុនវិនិយោគ ៥.២៦៤,៨៦លានដុល្លារ ២២ភាគរយ នៃទុនវិនិយោគសរុប

របាយការណ៍បានបន្ដថា ក្នុងរយៈពេល៥ឆ្នាំនេះ រាជរដ្ឋាភិបាលបានឯកភាពឱ្យមាន ការបង្កើតតំបន់​សេដ្ឋ​កិច្ចពិសេសចំនួន២២ ដែលធ្វើឱ្យចំនួនតំបន់សេដ្ឋកិច្ចពិសេសសរុបបាន កើនដល់៤៧ ហើយតំបន់សេដ្ឋកិច្ចពិសេសដែលបានដំណើរការមាន១៨ ដែលក្នុងនោះមាន រោងចក្រ៣៣០​ កំពុងមានសកម្មភាពផលិតដោយប្រើប្រាស់កម្លាំងពលកម្ម ៩៦.៨០៩នាក់។ ជាការកត់​សម្គាល់នៅតាមបណ្ដាលតំបន់សេដ្ឋកិច្ចពិសេសទាំងនោះ មានការបណ្ដាក់ទុនទៅ​លើ​គម្រោងវិនិយោគតាមមុខសញ្ញាផលិតកម្មថ្មីៗជាច្រើនក្រៅពីផ្នែកឧស្សាហកម្មកាត់ដេរ មាន​ជាអាទិ៍ ការដំឡើងរថយន្ត ម៉ូតូ កង់ ការផលិតគ្រឿងបង្គុំរថយន្តគ្រឿងបន្លាស់បរិក្ខាពេទ្យ ម៉ូទ័រខ្នាតតូច ម៉ាស៊ីនក្រឡឹងគ្រប់ប្រភេទ ឧបករណ៍អគ្គិសនី សម្ភារក្មេងលេង សម្ភារកីឡា​សម្ភារប្រើប្រាស់ក្នុងផ្ទះ និងអាហារបំប៉ន៕

ដោយ ម៉ៅ ចរិយា