ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ព្រះរាជតំណាងព្រះមហាក្សត្រ នាំយកព្រះរាជអំណោយចែកជូនប្រជារាស្រ្តរងគ្រោះ ដោយ ជំនន់ទឹកភ្លៀងចំនួន៥៧៨គ្រួសារ នៅក្នុងស្រុកស្រែអំបិល ខេត្ដកោះកុង

AKP កោះកុង ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ -សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ៍ គង់ សំអុល ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្តីក្រសួង ព្រះបរមរាជវាំង និងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទ សម្ដេចព្រះបរម នាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេច ព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ អមដំណើរដោយ ឯកឧត្តម គុយ សុផល ទេសរដ្ឋមន្រ្ដី ទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង ព្រមទាំងមន្រ្តី ក្រោមឱវាទ បានអញ្ជើញជួបសំណេះសំណាល និងនាំយកព្រះរាជអំណោយព្រះមហាក្សត្រ និងសម្ដេចម៉ែជូន ប្រជារាស្រ្តរងគ្រោះ ដោយជំនន់ទឹកភ្លៀង ចំនួន៥៧៨គ្រួសារ     កាលពីថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅក្នុងឃុំដងពែង ឃុំស្រែអំ​បិល និងឃុំជីខលើ       ស្រុកស្រែ អំបិល ខេត្ដកោះកុង។

សម្ដេចចៅហ្វាវាំង គង់ សំអុល ព្រះរាជតំណាងព្រះមហាក្សត្រ ក៏បានពាំនាំយក   ព្រះ រាជបណ្ដាំសាកសួរសុខទុក្ខ និងព្រះរាជហឬទ័យអាណិតស្រលាញ់ និងសេចក្ដីនឹករលឹកគ្រប់ ពេលវេលាយ៉ាងជ្រាលជ្រៅបំផុតរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្រត្រី  ព្រះវររាជ មាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះបងប្អូន កូនចៅ ចៅទូតនៅទូទាំង ប្រទេស ពិសេសព្រះរាជហឬទ័យយកចិត្ដទុកដាក់ ចំពោះជីវភាពរស់នៅរបស់បងប្អូនប្រជា រាស្រ្ដរបស់ព្រះអង្គ។

សម្ដេចចៅហ្វាវាំងក៏បានលើកឡើងផងដែរ នូវការសាកសួរសុខទុក្ខនិងផ្ដាំផ្ញើពី សំណាក់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តកោះកុង ក៏ដូចជានៅទូទាំងប្រទេស ដែលសម្ដេចបានដឹកនាំប្រទេសជាតិនាំមកនូវ សុខសន្តិភាព ស្ថិរភាពនយោបាយ ព្រមទាំងបានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ រីកចម្រើន លើគ្រប់វិស័យ ជាពិសេសបានធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើងពីមួយ ថ្ងៃទៅមួយថ្ងៃ ដែលទទួលបានការកោតសរសើរពីសំណាក់មជ្ឈដ្ឋានអន្តរជាតិ។ ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក បាទក្រហមកម្ពុជា ជាប្រមុខដឹកនាំ តែងតែយកចិត្តទុកដាក់ និងមានវិធានការបាន ទាន់ពេល វេលាក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗបានទាន់ ពេលវេលា នៅគ្រប់ទីកន្លែងដោយមិនប្រកាន់និន្នាការនយោបាយ ពណ៌សម្បុរ ជាតិសាសន៍ ណាមួយឡើយ។

សូមបញ្ជាក់ថា ព្រះរាជអំណោយព្រះមហាក្សត្រ និងសម្ដេចម៉ែដែលបានព្រះរាជទាន ជូនដល់ប្រជារាស្រ្តរងគ្រោះដោយជំនន់ទឹកភ្លៀង បណ្តាលឱ្យលំនៅឋានរបស់ប្រជាពលរដ្ឋ លេចទឹកចំនួន៥៧៨គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករ៥០គីឡូក្រាម ឃីត២ កញ្ចប់ មានមុង២ ភួយ២ សារុង២ និងក្រមា២ មី២កេស ត្រីខ២០កំប៉ុង កៅស៊ូតង់ចំនួន២ផ្ទាំង អាវយឺត មានស្លាកព្រះរាជអំណោយព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាចំនួន២ និងទទួលបានថវិកាចំនួន ៤០០.០០០រៀល ក្នុងមួយគ្រួសារ៕

ដោយ សោម ឬទ្ធី