ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អភិបាលខេត្ដឧត្ដរមានជ័យ បើកការដ្ឋាន​សាងសង់​ផ្លូវក្រាល​ក្រួសក្រហម​ប្រវែង​១៦.៦០៧ម៉ែត្រ​ និង​សម្ពោធ​ស្ពាន​បេឡេ​១កន្លែង នៅ​ស្រុកអន្លង់វែង

AKP ឧត្តរមានជ័យ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ -ឯកឧត្តម ស ថាវី អភិបាល​ខេត្ត​ឧត្តរមានជ័យ បានអញ្ជើញចូលរួម បើកការដា្ឋនសាងសង់ផ្លូវ ក្រាល​ក្រួសក្រហម​របស់​ក្រុមហ៊ុន ហានសេងហ្គូលម៉ាញ ប្រវែង១៦.៦០៧ម៉ែត្រ និង សម្ពោធដាក់ឱ្យ​ប្រើប្រាស់​ស្ពានបេឡេ១កន្លែងប្រវែង ២៥ ម៉ែត្រ ស្ថិតនៅក្នុងភូមិស្រឡៅ​ស្រោង ឃុំលំទង ស្រុក​អន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃអង្គារ ១២កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨។ ។

ឯកឧត្តម ​ស ថាវី បានមានប្រ​សាសន៍កោត​សរសើរដល់ក្រុមហ៊ុន ហានសេងហ្គូល​ម៉ាញ ​ ដែលបានយកចិត្តទុក្ខដាក់ ឃើញពីការលំបាករបស់ប្រជាពលរដ្ឋ​ នៅទីនេះ ហើយ​បាន​កសាងផ្លូវ ស្ពាន សម្រាប់ឱ្យពួកគាត់ធ្វើដំណើរ​បានស្រួលទៅកាន់​តំបន់​ដទៃទៀត។​ ឯកឧត្តម បានបន្ដថា នេះជាការរួមចំណែកក្នុងការអភិវឌ្ឍមូលដ្ឋាន ជាមួយ​រាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយ​ភាពក្រីក្រជូន​ប្រជាពលរដ្ឋ ។

ឯកឧត្តម​បានក្រើនរម្លឹកដល់បងប្អូន​ប្រ​ជាពលរដ្ឋទាំងអស់ ត្រូវរៀបចំឯកសារ​ឱ្យបាន​រួចរាល់ សម្រាប់យកទៅបោះឆ្នោតជ្រើស​តាំងតំណាងរាស្រ្ត នីតិ​កាល​ទី៦ នៅថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ២០១៨​ឱ្យបានគ្រប់ៗគ្នា​ ដើម្បីបន្តថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងបន្តអភិវឌ្ឍន៍ ប្រទេសឱ្យកាន់តែរីកចម្រើនបន្ថែមទៀត​៕

ដោយ ទិត ស្រ៊