ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្នុងរយៈពេល៥ឆ្នាំ ចាប់២០១៣-២០១៧ ចំណូលប្រមូលបានពីវិស័យរ៉ែ សរុបជាង១០.៣០៥.១៧០.០០០រៀល

AKP ភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨–​ក្នុងរយៈពេល៥ឆ្នាំ ចាប់ពី២០១៣-២០១៧ ចំណូលដែលប្រមូលបានពីវិស័យរ៉ែលើ ថ្លៃចុះបញ្ជីធនធានរ៉ែ កម្រៃអាជ្ញាប័ណ្ណ ថ្លៃផ្ទេរសិទ្ធិអាជ្ញាប័ណ្ណធនធានរ៉ែ ចំណូលពីការទទួលស្គាល់សមាសភាពភាគហ៊ុន ចំណូលចេញលិខិតបញ្ជាក់សំណាករ៉ែ និងធនធានរ៉ែ ចំណូលពីសេវាពិនិត្យរៀបចំ និងដំណើរការឯកសារ លិខិតអនុញ្ញាតបុរេសនា ប្រាក់ពិន័យ កម្រៃឈ្នួលដី សួយសារដីសរុបរួមចំនួន ១០ .៣០៥.១៧០. ០០០រៀល និង៣១.១៤៣.១១៦ ដុល្លារអាម៉េរិក។

នេះបើយោងតាមរបាយការណ៍ស្ដីពីសមិទ្ធផលសំខាន់ៗរបស់រាជរដ្ឋាភិបាល ក្នុងរយៈពេល៥ឆ្នាំ ចាប់ពី២០១៣ ដល់ឆ្នាំ២០១៧។

​ក្នុងរបាយការណ៍បានឱ្យដឹងថា ក្រៅពីចំណូលពីវិស័យរ៉ែ ក៏មានចំណូលថវិការដ្ឋ ដែលប្រមូលបានពីវិស័យប្រេងកាត មានដូចជាពីថ្លៃឈ្នួលផ្ទៃក្រឡា កម្រៃអាជ្ញាប័ណ្ណ លិខិតអនុញ្ញាត ប្រាក់រង្វាន់ចុះហត្ថលេខា កម្រៃរដ្ឋបាល និងថវិកាបណ្តុះបណ្តាល បានចំនួនប្រមាណ ១៧លានដុល្លារបន្ថែមទៀត។

​ជាមួយគ្នានេះ កន្លងមកក្រសួងរ៉ែ និងថាមពល បានខិតខំអភិវឌ្ឍន៍វិស័យប្រេងកាត ដោយទទួលបានលទ្ធផលការងារមួយចំនួនដូចជាជំរុញដល់ស្ថានីយប្រេង និងឧស្ម័នឥន្ធនៈ ដំណើការតាម បច្ចេកទេសសុវត្ថិភាព និងនីតិវិធីនៃការគ្រប់គ្រងរបស់ក្រសួងរ៉ែ និងថាមពល និងតម្លៃលក់រាយប្រេងឥន្ធនៈ ត្រូវបានលក់ប្រែប្រួលតាមតម្លៃទីផ្សារអន្តរជាតិ ដោយមានរូបមន្តជាក់លាក់។ បានសិក្សា និងចងក្រងស្ថិតិ និងតុល្យភាពថាមពល ប្រចាំឆ្នាំរបស់កម្ពុជាដែលជាមូលដ្ឋានរួមចំណែកក្នុងការងាររៀបចំផែនការអភិវឌ្ឍន៍ថាមពល។

បានបញ្ចប់សេចក្តី ព្រាងច្បាប់ស្តីពីការគ្រប់គ្រងវិស័យប្រេងកាត និងកិច្ចប្រតិបត្តិការប្រេងកាតបានឈានដល់ ដំណាក់កាលធ្វើផលិតកម្មនៅក្នុងប្លុក A ដែលរំពឹងថានឹងអាចផលិតប្រេងនាឆ្នាំ២០២០ ដោយក្រុមហ៊ុន ឯកជន។ ទន្ទឹមនេះ ក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិវិស័យប្រេងកាត យើងបានទទួល កិត្តិយសធ្វើជាម្ចាស់ផ្ទះ ដឹកនាំកិច្ចប្រជុំប្រធានគណៈកម្មាធិការលើកទី៨២ កិច្ចប្រជុំក្រុមប្រឹក្សាប្រេងកាតអាស៊ាន (ASCOPE) លើកទី៤២ និងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលកម្មវិធីវិទ្យាសាស្ត្រភូគព្ភសាស្ត្រ (CCOP) លើកទី៦៦។

​របាយការណ៍បានបន្ថែមថា ការស្រាវជ្រាវ និងវាយតម្លៃសក្តានុពលធនធានរ៉ែ គឺជាការវិនិយោគមួយដែលទាមទារអ្នកវិនិយោគិនឱ្យមានសមត្ថភាពទាំងហិរញ្ញវត្ថុ និងបច្ចេក ទេសពិតប្រាកដ និងច្បាស់លាស់ ដោយសារការវិនិយោគនេះ មានហានិភ័យខ្ពស់ណាស់ ពីព្រោះធនធានរ៉ែដែលបានរកឃើញមិនប្រាកដ ថាអាចធ្វើអាជីវកម្មបានចំណេញ និងមិនប៉ះ ពាល់បរិស្ថានទេ ដូច្នេះយើងត្រូវធ្វើការថ្លឹងថ្លែងទៅលើទិដ្ឋភាពទាំងអស់ ដែលរួមមានផល ប្រយោជន៍សេដ្ឋកិច្ចរបស់គូភាគីពាក់ព័ន្ធ រដ្ឋ និងក្រុមហ៊ុនឯកជន សេដ្ឋកិច្ចសង្គម អត្ថប្រយោជន៍ ដែលប្រជាពលរដ្ឋទទួលបានពីគម្រោងធ្វើអាជីវកម្មរ៉ែ ផលប៉ះពាល់បរិស្ថានចំពោះមុខ និងទៅអនាគត ការតម្រូវឱ្យស្តារបរិស្ថាននៅក្នុងការដ្ឋាន និងផលប៉ះពាល់ផ្សេងៗដល់សុខុមាលភាពដល់ប្រជាពលរដ្ឋដែលអាចកើតមានឡើងនៅពេលអនាគត បន្ទាប់ពីការដ្ឋានអណ្តូងរ៉ែត្រូវបានបិទជាស្ថាពរ។

​តែទោះបីយ៉ាងណាក៏ដោយ ដើម្បីពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យរ៉ែនៅឆ្នាំ២០១៦ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យស្តីពីការគ្រប់គ្រងអាជ្ញាប័ណ្ណស្វែងរុករករ៉ែលោហៈ និងអាជ្ញាប័ណ្ណឧស្សាហកម្មអាជីវកម្មរ៉ែលោហៈ លេខ៧២ អនក្របក. ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាលត្រូវបានអនុម័ត និងចូលជាធរមាន។

ដូច្នេះរាល់កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាកន្លងមក នៅតែមានគតិយុត្តិនៅក្នុងការអនុវត្តរហូតរយៈពេលស្វែង រុករករ៉ែដែលបានកំណត់មិនលើសពី៨ឆ្នាំ ត្រូវផុតសុពលភាព។

ចំណែករាល់សំណើសុំអាជ្ញា ប័ណ្ណស្វែងរុករករ៉ែលោហៈ និងអាជ្ញាប័ណ្ណឧស្សាហកម្មអាជីវកម្មរ៉ែលោហៈនៅតំបន់សម្បទានថ្មី ត្រូវអនុវត្តន៍តាមគោលការណ៍ និងលក្ខខណ្ឌដែលបានកំណត់ក្នុងអនុក្រឹត្យនេះ៕

ដោយ ទេស ច័ន្ទសុធារី