ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ចិនផ្ដល់សម្ភារព័ត៌មានវិទ្យា ដែលមាតម្លៃជាង៧ម៉ឺនដុល្លារអាម៉េរិក ដល់វិទ្យាស្ថានការទូត និងទំនាក់ទំនងអន្តរជាតិ របស់ក្រសួងការបរទេស

AKP ភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨–​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បានផ្តល់​សម្ភារអេ​​ឡិច​ត្រូ​និក និង​ព័ត៌​មាន​វិ​ទ្យា ដែលមាន​តម្លៃ​ប្រហែល ៧៥.៥៨៥​ដុល្លារអាម៉េរិក ដល់​វិទ្យាស្ថាន​ការទូត និង​ទំនាក់ទំនង​អន្តរ​ជាតិ នៃក្រសួងការបរទេសកម្ពុជា ដែលពិធីប្រគល់និងទទួលនេះត្រូវបានធ្វើឡើងនា​ព្រឹ​ក​​​​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៨
នៅ​ទីស្តីការ​ក្រសួងការបរទេស ដោយមានការចូលរួមរបស់ ឯ​ក​ឧត្ដម ​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង​ឯក​ឧត្ដ​ម ស្យុ​ង ប៉ូ (Xiong Bo) ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំនៅព្រះរាជាណាចក្រ​កម្ពុជា​។

​​ការផ្ដល់ជំនួយសម្ភារនេះ បានធ្វើ​ឡើង​តាម​សំណើ​របស់​វិទ្យាស្ថាន​ការទូត និង​ទំនាក់​ទំ​នង​​អន្តរជាតិ ទៅ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា ដើម្បី​ជួយ​សម្រួល​ដល់​ដំណើរការ​របស់​វិទ្យាស្ថាន និង​​ការរៀបចំ​វគ្គ​បណ្តុះបណ្តាល​ដល់​មន្ត្រី​ការទូត និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា បន្ទា​ប់​​​ពី​វិទ្យាស្ថាន​នេះ ត្រូវ​បាន​សម្ពោធ​ជា​ផ្លូវការ កាលពី​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៨​។

បើតាម​សេ​ច​​ក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​បាន​ឱ្យ​ដឹងថា អំណោយ​របស់​ប្រទេស​ចិន​នា​ពេ​ល​នេះ ចូលរួម​ចំណែក​ដល់​ការធ្វើ​ឱ្យ​គំនិត​ផ្តួចផ្តើម​របស់​រដ្ឋមន្ត្រីក្រសួង​ការបរទេស និង​សហ​ប្រតិ​បត្តិការ​អន្តរជាតិ មាន​ចីរភាព និង​ពង្រឹងសមត្ថភាព​ដំណើរការ​របស់​វិទ្យាស្ថាន​ការទូត និង​ទំ​នាក់ទំនង​អន្តរជាតិ​។ ការគាំទ្រ​របស់​ប្រទេស​ចិន​នេះ ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​វិទ្យា​ស្ថា​ន​ ក្នុងការ​ពង្រឹងសមត្ថភាព​អ្នកការទូត​អាជីព​របស់​កម្ពុជា លើ​ផ្នែក ICT Digital Economy និង​ការ​ទូត ព្រមទាំង​អនុញ្ញាត​ឱ្យ​វិទ្យាស្ថាន​ពង្រឹង​សកម្មភាព​ទំនាក់ទំនង​សាធារណៈ និង​សកម្ម​ភា​ព​​​​បណ្តុះបណ្តាល​ស្តីពី Communication Skill (​បំ​និ​ន​ខាង​គមនាគមន៍​) ការ​ថ្លែង​ជា​សាធារណ និង​​ភាសាបរទេស​។ ជាងនេះទៀត​ អំណោយ​របស់​ប្រទេស​ចិន​នេះ គឺជា​សក្ខីភាព នៃ​ការគាំទ្រ​រ​ប​ស់​មិត្ត​ចិន នៅ​ក្នុ​ង​ការ​អភិវឌ្ឍ​សង្គម សេដ្ឋកិច្ច របស់​កម្ពុជា ជាពិសេស​ការអភិវឌ្ឍ​ផ្នែក​ធន​ធា​ន​មនុស្ស និង​ហេដ្ឋារចនាសម្ព័ន្ធ​។ ការ​គាំទ្រ​នេះ ចូលរួមចំណែក​ក្នុងការ​ប្រារព្ធ​ខួប​លើក​ទី ៦០​​ឆ្នាំ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ចិន នៅ​ឆ្នាំ​២០១៨ នេះ​។​

​គួរបញ្ជាក់ដែរថា ​ការបង្កើត​វិទ្យាស្ថាន​ការទូត និង​ទំនាក់​ទំ​នង​​អន្តរជាតិ​នេះ គឺជា​ផ្នែក​ដ៏​សំ​ខាន់​នៃ​ការធ្វើ​ការកែទម្រង់​ផ្ទៃក្នុង​ក្រសួង​ការ​បរ​ទស ក្នុងនោះ​មានការ​កែសម្រួល​រចនា​សម្ព័​ន្ធ​​​គ្រប់គ្រង​របស់​ក្រសួង​ឡើងវិញ ដើម្បី​ឱ្យ​ក្រសួង​អាចឆ្លើយតប​ទៅនឹង​ការត្រៀម​លក្ខណៈ​ស​ម្ប​​ត្តិ​ថ្មី​របស់​រាជរដ្ឋាភិបាល​កម្ពុជា លើ​វិស័យ​ការបរទេស ដែលមាន​ការប្រែប្រួល​ឥត​ឈប់ឈរ និង​​មិនអាច​ប្រមើមើល​ជាមុន​បាន ទាំង​ក្នុង​តំបន់​និង​ពិភពលោក​។ ​

វិទ្យាស្ថាន​នេះ គឺជា​ស្ថាប័ន​បណ្តុះបណ្ដាល​អ្នកការទូត​ដំបូង​គេ នៅក្នុង​ប្រវត្តិ​វិស័យ​ការទូត​របស់​ប្រទេស​កម្ពុជា ហើយ​ដែ​ល​​ត្រូវបាន​ដាក់​ឱ្យ​ដំណើរការ​ក្នុង​រយៈពេល​តែ​ពីរ​ឆ្នាំ​ប៉ុណ្ណោះ​។ គោលបំណង​សំខាន់​របស់​វិទ្យា​ស្ថា​ន គឺ​កសាង​សមត្ថភាព​វិជ្ជាជីវៈ​ក្នុង​ជួរ​មន្ត្រីការទូត​កម្ពុជា​ឱ្យ​ក្លាយជា​យុទ្ធជន​ដ៏​មុត​ស្រួច ដើ​ម្បី​​ឆ្លើយតប​ទៅនឹង​តម្រូវ​ការ នៃ​ការងារ​ការទូត​ពិភពលោក ដែលមាន​លក្ខណៈ​កាន់តែ​ស្មុ​គ្រ​ស្មាញ​ឡើង ជាពិសេស​ដើម្បី​លើកកម្ពស់​ភាពជា​ម្ចាស់ការ និង​តួនាទី​ដ៏​សំខាន់​និង​សកម្ម​របស់​កម្ពុ​ជា​ក្នុង​កិច្ចការ​តំបន់ និង​ពិភពលោក​ដើម្បី​បម្រើ​ផល​ប្រយោជន៍​ជាតិ ប្រជាជន និង​កិ​ត្យា​នុ​ភាព​​ជាតិ ដើម្បី​ឱ្យ​បាន​ស្មើភាព​និង​ស្មើ​សិទ្ធិ​នៅលើ​វេទិកា​អន្តរជាតិ​៕

ដោយ ជឹម ណារី