ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ទឹកទន្លេសេសានជន់លិច ៤ស្រុក នៅខេត្តរតនគិរី

AKP រតនគិរី ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ -រហូតដល់​ព្រឹកថ្ងៃអង្គារ ១២កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស​ ២៥៦២ ត្រូវនឹង​ថ្ងៃ​ទី២៤ ខែ​កក្កដា ឆ្នាំ​២០១៨នេះ កម្ពស់​ទឹក​ទន្លេ​សេសានបានឡើងដល់ ៩,៣៤ម៉ែត្រ គឺលើសកម្រិតប្រកាសអាសន្ន ចំនួន ១,៣៤ម៉ែត្រ ធ្វើឱ្យ​តំបន់​មួយ​ចំនួន​នៅ​ក្នុង​ស្រុក​ចំនួន ​៤ នៅក្នុងខេត្តរតនគិរី បាន​ជន់លិច។

នេះបើតាមការជូនដំណឹងរបស់សាលាខេត្ត​រតនគិរី ​ស្រុក​ចំនួន​៤ ដែលកំពុងលិចលង់នោះរួមមាន ៖ ស្រុក​តាវែង ស្រុក​អូរយ៉ាដាវ ស្រុក​អណ្តូងមាស និង​ស្រុក​វើនសៃ។ ពេលនេះ កម្ពស់​ទឹក​ទន្លេ​សេសាន​បាន​ឡើង​ហួស​កម្រិត​ត្រូវ​ប្រកាស​អាសន្ន​បណ្ដាលឱ្យ​លិចលង់​ផ្ទះ​ប្រជា​ពលរដ្ឋ ហើយអា​ជ្ញាធរ​បាន​ជម្លៀស​ទៅ​រកទីទួល​សុវត្ថិភាព។ ក្នុងនោះទឹក​ជំនន់​បាន​លិច​ភូមិ​ចំនួន​២ខ្លាំងជាងគេ គឺ​ភូមិ​យ៉ន ឃុំតាវែង​ក្រោម និង ​ភូមិ​អូរតាបូក ឃុំតាវែងលើ ស្រុក​តាវែង ដែលអាជ្ញាធរត្រូវជួយសង្គ្រោះមុនគេ ។

តាមការជូនដំណឹងរបស់សាលាខេត្តបានបន្តឱ្យដឹងថា ពេលនេះអាជ្ញាធរ​ខេត្ត​គ្រប់​ជាន់​ថ្នាក់​បាន​ត្រៀម​រួច​រាល់​ក្នុង​ការ​ជួយ​សង្គ្រោះ​ប្រជា​ពលរដ្ឋ ហើយបាន​អំពាវនាវដល់​ប្រជា​ពល រដ្ឋ​រស់​នៅ​តាម​តំបន់​ដែល​មាន​ទឹក​ជំនន់ ត្រូវ​មាន​ការប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ក្មេងតូចៗ ត្រូវ​ផឹក​ទឹក​ស្អាត និង ​ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ជា​មួយ​សត្វ​មាន​ពិស៕

ដោយ ណយនឿន