ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

វិស័យជលផលក្នុងឆ្នាំ២០១៧ សម្រេចបាន ៤៧.៤០០តោន និងផលនាំចេញបានចំនួន ២.៦៨០តោន

AKP ព្រះសីហនុ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ -លោក នេន ចំរើន នាយខណ្ឌរដ្ឋបាលជលផលកំពង់សោមបានឱ្យដឹងនៅថ្ងៃអង្គារ ១២កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ​ខែកក្កដា ​ឆ្នាំ២០១៨នេះថា    វិស័យជលផលឆ្នាំ២០១៧ សម្រេចបានផលនេសាទសមុទ្រចំនួន ៤៧.៤០០តោន ក្នុងនោះផលនេសាទសិប្បកម្មសមុទ្រអនុវត្តន៍បាន ៣៩.៨៧០តោន នេសាទជាលក្ខណៈគ្រួសារក្នុងដែននេសាទសមុទ្រអនុវត្តន៍បាន ៧.៥៦០តោន និងផលត្រីទឹកសាបអនុវត្តន៍បាន ៥៧០តោន ។ ផលកែច្នៃអនុវត្តន៍បាន ២.៥៦០តោន  ផលនាំចេញបានចំនួន ២.៦៨០តោន ក្នុងនោះផលស្រស់ ១.៥៨០តោន ផលកែច្នៃ ១.១០០តោន ។

លោកនាយខ័ណ្ឌរដ្ឋបាលជលផលបានឱ្យដឹងទៀតថា ការកែទម្រង់វិស័យជលផលរហូតមកដល់បច្ចុប្បន្ននេះ ខណ្ឌរដ្ឋបាលជលផលកំពង់សោម បានរៀបចំបង្កើតសហគមន៍នេសាទចំនួន ១៦សហគមន៍ ក្នុងនោះសហគមន៍ចំនួន ១៣ បានចុះបញ្ជីទទួលស្គាល់ពីក្រសួងកសិ កម្មរុក្ខាប្រមាញ់ និងនេសាទ  និងសហគមន៍នេសាទចំនួន ០៣ មិនទាន់បានចុះបញ្ជី ។

លោក នេន ចំរើន បានបន្តឱ្យដឹងទៀតថា បរិមាណផលវារីវប្បកម្មអនុវត្តន៍បាន ៧២៨តោន ក្នុងនោះត្រីទឹកសាបចំនួន ២៩២តោន បង្កើតសហគមន៍ស្រះជម្រកត្រីចំនួន ២២កន្លែង ក្នុងនោះ ២០កន្លែងនៅក្នុងស្រុកព្រៃនប់ ដែលមានសក្តានុពលផ្ទៃដីស្រែច្រើនជាងគេក្នុងខេត្ត និង ០២កន្លែងស្ថិតក្នុងស្រុកកំពង់សិលា ។ ដើម្បីឆ្លើយតបទៅនឹងកំណើនភ្ញៀវទេសចរ និងអ្នកវិនិយោគ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានអំពាវនាវ និងស្វែងរកដៃគូ ដោយសហការពីក្រុមហ៊ុន ហេង ហេង អេឃ្វើខលឈ័រ អ៊ិនវេសមិន បង្កើតស្ថានីយភ្ញាស់កូនបង្គាមួយកន្លែងស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បច្ចុប្បន្នក្រុមហ៊ុន ភ្ញាស់បានកូនបង្គាចំនួន ៧លានកូន នឹងដាក់ចិញ្ចឹមបានចំនួន ២.៥០០.០០០កូន ។ រៀបចំបង្កើតកន្លែងអភិរក្សជលផលបានចំនួន ២១កន្លែង មានផ្ទៃដីសរុបចំនួន ២.២១០ហិកតា រួមមានអភិរក្សផ្កាថ្ម ស្មៅសមុទ្រ ព្រៃកោងកាង សេះសមុទ្រ ដែនជម្រកសុវត្ថិភាពក្តាមជ័រ ដែនជម្រកសុវត្ថិភាពគ្រែងឈាម និងតំបន់ការពារសមុទ្រទំហំ ៣.១៩៧ហិកតា ។ បង្កើតធនាគារក្តាមបានចំនួន ៨កន្លែង និងដាក់ក្តាមពងចូលបែរបានចំនួន ១០.៦៨០គីឡូក្រាម ស្មើនឹង ១១.៧៦០ក្បាល ។

លោកបានបញ្ជាក់ថា ក្រៅពីការងារអភិរក្សធនធានមច្ឆជាតិ មន្ត្រីជលផលបានបង្ក្រាបបទល្មើសជលផលគ្រប់ប្រភេទបានចំនួន ៤១ករណី ក្នុងនោះពិន័យចំនួន ៨ករណី និងរឹបអូសបំផ្លាញវត្ថុតាងចំនួន ៣៣ករណី ។

លោក នេន ចំរើន បានឱ្យដឹងថា ខណ្ឌរដ្ឋបាលជលផល បានបង្កើតសួនកោងកាងអាពាហ៍ពិពាហ៍ចំនួនមួយកន្លែង នៅសហគមន៍នេសាទព្រៃនប់២ និងរៀបចំថ្នាលបណ្តុះកូនកោងកាងចំនួន ២កន្លែង បណ្ដុះកូនកោងកាងបានចំនួន ១៧.៥០០ដើម និងដាំបានចំនួន ១១.៨២៧ដើម ៕

ដោយ ងូ សុមុនី