ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

មន្រ្តីអាមេរិកនឹងធ្វើទស្សនកិច្ចនៅក្រុងសេអ៊ូលសម្រាប់ កិច្ចពិគ្រោះយោបល់ស្តីពីកូរ៉េខាងជើង

AKP ភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ — មន្រ្តីរដ្ឋាភិបាលមួយរូបនៅទីក្រុងសេអ៊ូលបាននិយាយនៅថ្ងៃអង្គារនេះថា មន្រ្តីក្រសួង​ការ​​បរទេស​អាមេរិកមួយរូបទទួលបន្ទុកកិច្ចការកូរ៉េ នឹងចេញដំណើរទៅកាន់ប្រទេសកូរ៉េ​ខាង​ត្បូង​​នាសប្តាហ៍នេះ សម្រាប់កិច្ចពិគ្រោះយោបល់ស្តីអំពីកូរ៉េខាងជើង និងការដោះស្រាយបញ្ហា​មួយចំនួនទៀតដែលនៅសេសសល់របស់សម្ព័ន្ធមិត្តនេះ។

លោក ម៉ាក ឡាំប៊ឺត (Mark Lambert) ប្រធានការិយាល័យកិច្ចការកូរ៉េរបស់ក្រសួង​ការបរទេស និងជាអនុប្រធានលេខាធិការស្តីទី គ្រោងនឹងទៅដល់ទីក្រុងសេអ៊ូលនាថ្ងៃពុធ​ស្អែកនេះ ហើយនឹងជួបប្រជុំជាមួយពួកមន្រ្តីក្រសួងការបរទេស។ ពួកគេទាំងនោះ ដោយរួម​មានទាំង លោក Kim Tae-jin ប្រធានការិយាល័យទទួលកិច្ចការអាមេរិកខាងជើង​ និងលោក Jeong Yeon-doo អគ្គនាយកទទួលបន្ទុកបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង​។

លោក ឡាំប៊ឺត បានគ្រោងនឹងធ្វើកិច្ចប្រជុំតុមូលផងដែរជាមួយ​ពួកពាណិជ្ជករ​ដែលជាប់​ទាក់ទងទៅនឹងគម្រោងសេដ្ឋកិច្ចនានានៅអន្តរកូរ៉េ។​ ដំណើរទស្សនកិច្ចរបស់លោកនេះ បាន​ធ្វើឡើងចំពេលមានការព្រួយបារម្ភណ៍ អំពីដំណើរការដែលបានគ្រោងទុកកាន់តែយឺតទៅៗ​នៅក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើមិនឱ្យមាននុយក្លេអ៊ែរនៅកូរ៉េខាងជើងនោះ។

រដ្ឋមន្រ្តីការបរទេសលោក ម៉ិក ពុំពីអូ​ បានសម្រេចនូវកាលបរិច្ឆេទមួយសម្រាប់​ការធ្វើ​មិន​ឱ្យមាននុយក្លេអ៊ែររបស់ប្រទេសកុំមុយនីស្តមួយនេះ ក្នុងអំឡុងពេលដំណើរទស្សនកិច្ច​របស់​លោកកាលពីពេលថ្មីៗ ទៅកាន់ទីក្រុងព្យុងយ៉ាង​កាលពីដើមខែនេះ៕

( ប្រភព យន់ហាប់ បកប្រែដោយលោក មាស សំអុល )