ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

វាយប្រហារពីអាកាសសម្លាប់ពួក IS ១៥ នាក់ក្នុងប្រទេសអ៊ីរ៉ាក់ភាគខាងកើត

AKP ភ្នំពេញ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ –ប្រភពសន្តិសុខថ្នាក់ខេត្តបាននិយាយថា ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ១៥នាក់ បានស្លាប់កាលពីថ្ងៃអាទិត្យនេះនៅក្នុងការវាយប្រហារពីអាកាសមួយទៅលើកន្លែងលាក់ខ្លួន IS នៅក្នុង ខេត្តឌីយ៉ាឡាប្រទេស អ៊ីរ៉ាក់ភាគខាងកើត ។

ឧត្តមសេនិយ៍ឯក ម៉េសហៀរអាល់-អាហ្សាវី មេបញ្ជាការកងកម្លាំងសន្តិសុខទទួលខុសត្រូវសម្រាប់ ប្រតិបត្តិការ យោធានៅឌីយ៉ាឡា បានប្រាប់ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួថា ដោយធ្វើសកម្មភាពតាមការឱ្យ ការណ៍ខាង ចារកម្មនោះយន្តហោះអ៊ីរ៉ាក់ បានទម្លាក់គ្រាប់បែកលើកន្លែងលាក់ខ្លួនរបស់ IS នៅតំបន់ បាល់កាណាចម្ងាយ ប្រហែល១១០គីឡូម៉ែត្រ ភាគឦសានធានីខេត្តបាគូបា ដែលធ្វើឱ្យពួកសកម្មប្រយុទ្ធ IS ចំនួន១៥នាក់ស្លាប់ដែល រួមមានទាំងពួកមេដឹកនាំក្នុងស្រុករបស់ក្រុមនេះផង ។

ទោះបីជាមានប្រតិបត្តិការយោធាផ្ទួនៗគ្នាក្នុងខេត្តឌីយ៉ាឡា ក៏ដោយ ក៏ពួកនៅសេសសល់នៃពួក សកម្មប្រយុទ្ធ IS នៅតែកំពុងលាក់ខ្លួននៅឡើយ នៅក្នុងតំបន់ដែលរម៉ាំងរមោក ខ្លះក្បែរព្រំដែនជាមួយ ប្រទេសអ៊ីរ៉ង់ ព្រមទាំងនៅ ក្នុងតំបន់ ដែលលាតសន្ធឹងចាប់ពីផ្នែកភាគខាងលិចនៃខេត្តនេះទៅដល់តំបន់ ភ្នំហ៊ីមរីន នៅខាងជើងបាគូបា ចម្ងាយប្រហែល៦៥គីឡូម៉ែត្រភាគឦសានរដ្ឋធានី បាក់ដាដ របស់អ៊ីរ៉ាក់ ។

កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក ហៃដឺរ អាល់-អាបាឌី( Haider al- Abadi )បានប្រកាស ជាផ្លូវការការរំដោះបានទាំងស្រុងប្រទេសអ៊ីរ៉ាក់ពីក្រុមជ្រុលនិយម IS ។

តែយ៉ាងណាក៏ដោយក្រុមតូចៗរបស់ពួកសកម្មប្រយុទ្ធ ISចាប់តាំងពីពេលនោះ មកបានប្រមូលផ្តុំគ្នាឡើងវិញ នៅក្នុងតំបន់ដែលរម៉ាំងរម៉ោកដោយធ្វើការវាយប្រហារមកលើកងកម្លាំងសន្តិសុខព្រមទាំងជន ស៊ីវិល ទោះបីជាមានប្រតិបត្តិការយោធាយូរៗម្តង ដើម្បីតាមប្រមាញ់ពួគគេក៏ដោយ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )