ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

បេក្ខជនបោះឆ្នោតស្លាប់ក្នុងការវាយប្រហារអត្តឃាតក្នុងប្រទេសប៉ាគីស្ថានភាគពាយ័ព្យ

AKP ភ្នំពេញ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ –ប៉ូលិសនិយាយាថា មនុស្សយ៉ាងហោចណាស់ ២នាក់ ដែលរួមមាន បេក្ខជនម្នាក់សម្រាប់ការបោះឆ្នោតទូទៅនាពេលខាងមុខរបស់ប្រទេសប៉ាគីស្ថានផងបានស្លាប់ នឹង៣នាក់ ទៀត របួស ក្នុងការវាយប្រហារអត្តឃាតមួយ នៅឯការប្រមូលផ្តុំគ្នាខាងនយោបាយមួយ នៅក្នុងតំបន់ភាគពាយ័ព្យ របស់ប្រទេសកាលពីថ្ងៃអាទិត្យនេះ ។

នាយប៉ូលិសស្រុកលោក ម៉ាន់ ហ្សូរ អាហ្វ្រ៊ីឌី បាននិយាយថា លោក Ikramullah Khan Gandapur របស់ Tehreek –e –Insaf ( PTI ) និងអ្នកបើករថយន្តរបស់លោក ដែលបានរងរបួសធ្ងន់ក្នុងការវាយប្រហារនោះ បានស្លាប់ដោយ សាររបួសរបស់ពួកគេក្នុងអំឡុងធ្វើការព្យាបាលនៅឯមន្ទីរពេទ្យមួយ ។

លោក អាហ្វ្រ៊ីឌី បាននិយាយថា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បានបំផ្ទុះអាវកាក់ដែលផ្ទុកដោយគ្រឿងផ្ទុះរបស់ គាត់នៅក្បែររថយន្តរបស់លោក Gandapur នៅពេលដែលលោកកំពុងឆ្លងកាត់តាមភូមិកំណើត របស់លោកនៅ ក្នុងតំបន់ Kolachi នៃស្រុក ដេរ៉ាអ៊ីស្មាយខាន់ ជាស្រុកមួយនៅក្នុងខេត្ត Khyber Pakhtunkhwa ភាគពាយ័ព្យ របស់ប្រទេស ។

លោក Gandapur បានស្ថិតនៅក្រោមការវាយប្រហារនៅពេលដែលលោកកំពុងដឹកនាំការប្រមូលផ្តុំគ្នាខាង នយោបាយមួយជាផ្នែកនៃយុទ្ធនាការរបស់លោក ដើម្បីប្រកួតប្រជែងសម្រាប់អាសនៈសភាថ្នាក់ខេត្តមួយ នៅក្នុងការបោះឆ្នោតទូទៅនាពេលខាងមុខរបស់ប្រទេសនៅថ្ងៃទី២៥ ខែកក្កដា នេះ ។

នេះគឺជាបេក្ខជនទីបី ដែលធ្វើការប្រកួតប្រជែងសម្រាប់ការបោះឆ្នោតថ្ងៃទី២៥ ខែកក្កដា របស់ប្រទេសប៉ាគីស្ថាន ដែលបានបាត់បង់អាយុជីវិតរបស់លោកនៅក្នុងការវាយប្រហារអត្តឃាត ។ គ្មានក្រុមណាមួយប្រកាសទទួល ខុសត្រូវចំពោះការវាយប្រហារនេះ នៅឡើយទេ ។

លោក Gandapur បានធ្វើជារដ្ឋមន្ត្រីកសិកម្ម និងបសុសត្វពីឆ្នាំ ២០១៣ដល់ ២០១៨ នៅក្នុង ខេត្ត Khyber Pakhtunkhwa ។

មនុស្សយ៉ាងហោចណាស់ ១៧០នាក់បានស្លាប់ នឹងជាង ២០០នាក់ទៀតរបួសក្នុងការវាយប្រហារ ភេរវកម្ម នៅឯការប្រមូលផ្តុំគ្នាជាសាធារណៈ ក្នុងតំបន់ផ្សេងៗរបស់ប្រទេសនៅក្នុងខែកក្កដា រហូតមកដល់ពេលនេះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )