ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រដ្ឋមន្រ្តីការបរទេស និងការពារជាតិរុស្ស៊ី និងជប៉ុន ពិភាក្សាគ្នាអំពីបញ្ហាសន្តិសុខ

AKP ភ្នំពេញ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០១៨ ​ឥឥឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅទីក្រុងតូក្យូ លោក Mikhail Galuzin បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយទីភ្នាក់ងារសារព័ត៌មាន TASS ថា រដ្ឋមន្ត្រីការបរទេស និងការពារ​ជាតិនៃប្រទេសរុស្ស៊ី និងជប៉ុន នឹងពិភាក្សាគ្នាអំពីស្ថានភាពសន្តិសុខនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនៅក្នុងកិច្ចប្រជុំ ២ បូក ២ ដែលគ្រោងនឹងធ្វើនៅទីក្រុងមូស្គូនៅថ្ងៃទី៣១ ខែកក្កដា ខាងមុខនេះ។

យោងតាមអ្នកការទូតរូបនេះបានឱ្យដឹងថា កិច្ចសន្ទនានយោបាយរវាងប្រទេសទាំងពីរនេះ ឆ្លុះបញ្ចាំងអំពី «និរន្តភាពជាទូទៅ និងធម្មជាតិ នៃទំនាក់ទំនងរវាងរុស្ស៊ី និងជប៉ុន»។

ឯកអគ្គរដ្ឋទូតរូបនេះបាននិយាយថា «កិច្ចប្រជុំទ្វេភាគីរវាងរដ្ឋមន្ត្រីការបរទេស និងការពារជាតិនៃប្រទេសរុស្ស៊ី និងជប៉ុន នឹងផ្តោតទៅលើវិធានការកសាងទំនុកចិត្ត និងនយោបាយ»។ លោក Galuzin បានកត់សម្គាល់ថា «ចេញពីទស្សនៈនេះ នឹងមានការផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសន្តិសុខនៅក្នុងតំបន់អាស៊ី – ប៉ាស៊ីហ្វិកផងដែរ» ដោយលោកបាននិយាយបន្ថែមថា រដ្ឋមន្រ្តីទាំងបួនរូបនឹង «ប្រៀបធៀបតួនាទីរបស់ពួកគេ​ទៅនឹងបញ្ហាសន្តិសុខ​ដែលទាក់ទងនឹងសកលលោក និងតំបន់»។

ឯកអគ្គរដ្ឋទូត​ រុស្ស៊ីក៏បានចង្អុលបង្ហាញផងដែរថា ប្រធានសភាជាន់ខ្ពស់ជប៉ុន លោក Chuichi Date នឹងធ្វើ ទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូនៅសប្តាហ៍ក្រោយ។ លោក Galuzin បាននិយាយបន្ថែមថា «យើងរំពឹងថា នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe នឹងចូលរួមវេទិកាសេដ្ឋកិច្ចតំបន់ខាងកើត ដែលបានកំណត់ ធ្វើនៅក្នុងខែកញ្ញាខាងមុខនេះ»៕

(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)