ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

គិតត្រឹមឆ្នាំ២០១៧កន្លងទៅនេះ រាជរដ្ឋាភិបាលពង្រីកផ្ទៃដីដាំស្រូវ កើនឡើងដល់៣.២១លាន ហិកតា

AKP ភ្នំពេញ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨–ក្នុងរយៈពេល៥ឆ្នាំកន្លងទៅនេះ​ រាជរដ្ឋាភិបាលកម្ពុជាបានពង្រីក ផ្ទៃដីដាំដំណាំស្រូវសម្រេច បានលើផ្ទៃដី៣.០៥លានហិកតានៅក្នុងឆ្នាំ២០១៣ និងបានកើនដល់ ៣.២១លានហិកតានៅ ឆ្នាំ២០១៧ ពោលគឺកើនឡើងប្រមាណ ៥.២៥ភាគរយ។

ចំណែកផលិតកម្មស្រូវបានកើនពី ៩.៣៩លានតោន នៅឆ្នាំ២០១៣
ឡើងដល់១០.៥១លានតោននៅឆ្នាំ២០១៧គឺកើនប្រមាណ ១១.៩២ភាគរយ។

ចំពោះទិន្នផលស្រូវជាមធ្យមទាំងប្រាំងនិងវស្សា បានកើនពី ៣.១៦តោន ក្នុង១ហិកតា ដល់៣.២៩៥តោន ក្នុង១ហិកតា ពីឆ្នាំ២០១៣ ដល់២០១៧ គឺកើនប្រមានជាង ៤.១៧ភាគរយ។ នេះបើតាមរបាយការណ៍ចេញផ្សាយស្ដីពីសមិទ្ធផលសំខាន់ៗ របស់រាជ រដ្ឋាភិបាលក្នុងរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០១៣-២០១៧។

ក្នុងរបាយការណ៍បានបញ្ជាក់ថា គិតត្រឹមឆ្នាំ២០១៧កន្លងទៅនេះ ផ្ទៃដីប្រមូលផលមាន ៣.១៩លានហិកតា ក្នុងនោះ ស្រូវរដូវវស្សាមាន២.៦៤លានហិកតា និងស្រូវរដូវប្រាំងមាន ០.៥៥លានហិកតា ដែលបរិមាណផលសរុបទទួលបាន១០.៥១លានហិកតា ហើយ ស្រួវ រដូវវស្សាមាន៨.០៦លានតោន និងស្រួវរដូវប្រាំងមាន២.៤៥លានតោន អតិរេកស្រូវមាន ៥.៥៥លានតោន គិតជាអង្ករស្មើនឹង ៣.៥៥លានតោន។ សម្រាប់ដំណាំរួមផ្សំ និងដំណាំ ឩស្សាហកម្មសន្ទុះនៃកំណើនផ្ទៃដីដាំដំណាំរួមផ្សំ ដូចជា ពោត ដំឡូងមី ដំឡូងជ្វា បន្លែ សណ្ដែកបាយ កើនឡើងពី៧៧៥ពាន់ហិកតា នៅឆ្នាំ២០១៣ ដល់ជិត៩២៤ពាន់ហិកតា នៅឆ្នាំ២០១៧ គឺកើនឡើងប្រមាណ ១៩.២៣ភាគរយ។ បរិមាណផលកើនពី ៩.៤៣១ពាន់ លានតោន នៅឆ្នាំ២០១៣ និងបានកើនដល់១៥.២០០លានតោន នៅឆ្នាំ២០១៧កើនប្រមាណ ៦១.១៧។ ដំណាំឩស្សាហកម្មសណ្ដែកដី សណ្ដែកសៀង ល្ង អំពៅ ក្រចៅ និងថ្នាំជក់ បានធ្លាក់ចុះ១.៣២ភាគរយ នៅឆ្នាំ២០១៧ ធៀបនឹងឆ្នាំ២០១៦ ហើយបរិមាណផលថយចុះពី ១.១លានតោននៅឆ្នាំ២០១៣ មកត្រឹម ០.៧៥លានតោន នៅឆ្នាំ២០១៧។

ក្នុងរបាយការណ៍បានបន្ដថា ការនាំចេញផលិតផលកសិកម្មមាននិន្នាការកើនឡើង ជាលំដាប់ ហើយមានសន្ទុះខ្លាំងក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។ ជាក់ស្ដែង នៅឆ្នាំ២០១៣ ការនាំចេញផលិតផលកសិកម្មសម្រេចបាន ៣.៦៥៩.៩០៨តោនឆ្នាំ២០១៤ សម្រេចបាន ៣ ៤៤៥.១៣២តោន ឆ្នាំ២០១៥ សម្រេចបាន ៤.១៥៧.២៤៦តោន ឆ្នាំ២០១៦ សម្រេចបាន ៤ .៧០៩.៤៥៣តោន និងឆ្នាំ២០១៧ សម្រេចបាន ៥.១៣៥ ០៨៤.៤៦តោន។ ជារួមកំណើន នៃការនាំចេញក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះប្រមាណជា៧ភាគរយ ក្នុងមួយឆ្នាំ នៅពេល​ដែលការនាំចេញឆ្នាំ២០១៧ កើនលើសឆ្នាំ២០១៦ចំនួន៩ភាគរយ។

ដោយឡែក ការនាំចេញផលិតផលកសិកម្មសំខាន់ៗដូចជា អង្ករ ចំណិតដំឡូងមី ដំឡូងមីស្រស់ ម្សៅដំឡូងមី ពោតក្រហម ល្ង ម្រេច ផ្លែស្វាយស្រស់ និងដូងប្រេងឆៅមានការកើនឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពី២០១៣មក ពិសេសដំឡូងមីស្រស់ ម្សៅដំឡូងមី ពោតក្រហម ល្ង ម្រេច ផ្លែស្វាយស្រស់ និងដូងប្រេងឆៅ។

របាយការណ៍បានបន្ថែមថា សហគមន៍កសិកម្ម ការចងក្រងបង្កើត និងចុះបញ្ជី សហគមន៍បានចាប់ផ្ដើមពីឆ្នាំ២០០៣ រហូតដល់ឆ្នាំ២០១៧មានសហគមន៍ ៨៨០សហគមន៍ បានចងក្រង និងចុះបញ្ជីសហគមន៍កសិកម្ម មានសមាជិកសរុប៨៩.៤៧៤នាក់ ស្រី ៥៣.៨៤១នាក់ ស្មើនឹង ៦០.១៧ភាគរយ ដែលមានតម្លៃភាគហ៊ុន ២៤.៦៥៦.៧៨៥.៦៥០រៀល និងដើមទុនសរុប៣៩.៤៥៩.៤៥៨.២០០រៀល។

ដោយឡែក គិតពីឆ្នាំ២០១៣ ដែលច្បាប់ស្ដីពី សហគមន៍កសិកម្មបានចូលជាធរមានរហូតដល់ឆ្មាំ២០១៧ សហគមន៍កសិកម្ម សរុបមាន ៦០២ ត្រូវបានចងក្រង និងចុះបញ្ជីមានសមាជិកសរុប៥៦.៩៤១នាក់ ឬគ្រួសារ ក្នុងនោះ នារីមាន ៣៤.៧៤៥នាក់ តម្លៃភាគហ៊ុនសរុប ១៥.៥០១.៩៥០.០០០រៀលៃ និងដើមទុនសរុប ២២.៦៣៦.៤៦០.៤៨២រៀល។ ជាមួយគ្នានេះដែរ មុខរបរ៤យ៉ាងនៅក្នុងសហគមន៍កសិកម្ម គឺ១-មុខរបរទីផ្សារ ២-មុខរបរផ្គត់ផ្គង់ ៣-សេវាកម្ម និង៤- ឥណទាន។

ក្នុងរយៈពេលនេះដែរ សម្រាប់ការងារស្រាវជ្រាវនិងអភិវឌ្ឍន៏កសិកម្មកម្ពុជា រយៈពេល ៥ឆ្នាំកលន្លងមកនេះក្នុងមួយឆ្នាំៗវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជាបានធ្វើពិសោធន៍ជាមធ្យម៩០ប្រភេទ នៅ៥៣៦កន្លែង និងអង្កេត៩ប្រភេទលើកសិកម្មប្រមាណ៣ .៧៥៥នាក់ ព្រមទាំងការងារស្រាវជ្រាវផ្សេងៗទៀត ហើយដែលសម្រេចផលសំខាន់ៗដូចជា ការអភិរក្សពូជដំណាំ បានបន្តធ្វើការប្រមូលពូជដំណាំក្នុងស្រុក៣៨ប្រភេទ បាន២.២០៥​បញ្ជឹកក្នុង១សំណាក យកមកអភិរក្សបន្ថែមទៀតនៅធនាគារពន្ធុ ហើយដែលជាសរុបមកដល់ ដំណាច់ឆ្នាំ២០១៧នេះ មានពូជ៣៧៦បញ្ជឹកក្នុង១សំណាក នៃដំណាច៣៨ ប្រភេទ​ក្នុងឆ្នាំ២០១២មានតែ៣០ប្រភេទត្រូវបានរក្សាទុកជាធនធានពន្ធុការសម្រាប់ប្រើប្រាស់នាពេលអនាគត។

ទន្ទឹមនេះដែរ ពូជស្រូវ ២១៤បញ្ជឹក ក៏ត្រូវបានយកទៅរក្សាទុកក្នុងរយៈពេលយូរ ក្នុងធនាគារពន្ធុនៅប្រទេសកូរ៉េផងដែរ។

ការផ្សព្វផ្សាយបច្ចេកទេស បានធ្វើទិវាស្រែបង្ហាញ និងបណ្តុះបណ្តាលកសិករសរុប១៦៨លើក ដែលមានកសិករចូលរួមសរុប ៨.៥៨០នាក់ ព្រមទាំងបានចែកគ្រប់ពូជស្រូវជូនដល់ប្រជាកសិករ ១.២៣៥គ្រួសារ ដោយមូយគ្រួសារ បាន៥គីឡូក្រាម ហើយដែលកសិករទាំងនោះផលិតជាគ្រាប់ពូជបានប្រមោណ២៥៥តោន ទុកសម្រាប់ប្រើប្រាស់នាបណ្តាឆ្នាំក្រោយៗទៀត។ ទន្ទឹមនឹងនេះ បានបែងចែកឯកសារ និងសៀវភៅ បច្ចេកទេសគ្រប់ប្រភេទចំនួន១២៧.៥៥០ ច្បាប់ និងសរសេរបោះពុម្ពអត្ថ បទវិទ្យាសាស្រ្ត៣៣អត្ថបទ។

ចំពោះការអភិវឌ្ឍដំណាំកៅស៊ូ កៅស៊ូធម្មជាតិដាំជាលើកដំបូងនៅកម្ពុជានាឆ្នាំ១៩១០ នៅស្រុកព្រៃនប់ រហូតមកដល់ឆ្នាំ ១៩២១ ទើមមានការដាំជាលក្ខណៈឧស្សាហកម្មទ្រង់ ទ្រាយធំដោយក្រមហ៊ុនវិនិយោគរបស់បារាំងធំៗនៅក្នុងខេត្តកំពង់ចាម និងខេត្តក្រចេះ។ មកដល់ឆ្នាំ១៩៦៩ ដំណាំកៅស៊ូនៅកម្ពុជាត្រូវបានពង្រឹកផ្ទៃដីជាង៦៤ពាន់ហិកតា ក្នុងនោះ ផ្ទៃដីចៀរមានជាង៣៩ពាន់ហិកតា ដោយទទួលបានផលកៅស៊ូបានជាង៥០ពាន់តោន សម្រោប់ប្រើប្រាស់នៅក្នុងស្រុក និងនាំចេញទៅបរទេស។

ផ្ទៃដីកៅស៊ូកម្ពុជាសរុបបានកើនពី ៣២៨.៧៧ពាន់ហិកតានៅឆ្នាំ២០១៣ ដល់៤៣៦.៣៤ពាន់ហិកតានៅឆ្នាំ២០១៧នេះ កើន ប្រមាណ ៣២.៧១ភាគរយ។

ផ្ទៃដីកៅស៊ូទាំងនេះ ត្រូវបានបែងចែកជា២ផ្នែកគឺ ផ្ទៃដីកៅស៊ូ កសិឧស្សាហកម្ម(ផ្ទៃដីរបស់អតីតចម្ការកៅស៊ូរដ្ឋ ផ្ទៃដីវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា និងផ្ទៃដីក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច) សរុបមាន ២៨០.២៣ពាន់ហិកតា សើ្មនឹង ៦៤.២២ ភាគរយ និងកៅស៊ូគ្រួសារមាន១៥៦.១១ពាន់ហិកតា សើ្មនឹង៣៥.៧៨ភាគរយ នៃផ្ទៃដី កៅស៊ូសរុបក្នុងឆ្នាំ២០១៧។ ចំណែកផ្ទៃដីកៅស៊ូគ្រួសារបានកើនឡើងពី ១៣៧.៤២ពាន់ ហិកតា នៅឆ្នាំ២០១៣ ដល់១៥៦.១១ពាន់ហិកតា នៅឆ្នាំ២០១៧ កើនប្រមាណ១៣.៦០ ភាគរយ ពីចនោ្លះឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧។

រីឯផ្ទៃដីកៅស៊ូកសិឧស្សាហកម្មក៏មានការរីក ចម្រើនគួរឱ្យកត់សម្គោល់ផងដែរពោលគឺបានកើនពី១៩១.៣៥ពាន់ហិកតា នៅឆ្នាំ២០១៣ ដល់២៨០.២៣ពាន់ហិកតា នៅឆ្នាំ២០១៧ កើនប្រមាណ៤៦.៤៥ភាគរយ ពីចន្លោះឆ្នាំ២០១៣ ដល់២៨០.២៣ពាន់ហិកតា នៅឆ្នាំ២០១៧ កើនប្រមាណ៤៦.៤៥ភាគរយ ពីចនោ្លះឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧។

តាមការប៉ាន់ស្មានរបស់អគ្គនាយកដ្ឋានកៅស៊ូ ការនាំចេញកៅស៊ូឆ្នាំ២០១៧ មាន១៨៨.៨៣២តោន សើ្មនឹងទឹកប្រាក់ប្រមាណ២៩៩.៤០លានដុល្លារអាម៉េរិក បើធៀបនឹង ឆ្នាំ២០១៣ ដែលការនាំចេញមាន៨៦.០៥២តោន ស្មើនឹងទឹកប្រាក់ ១៨៩.៤១លានដុល្លារ អាម៉េរិក ហើយផលិតផលកៅស៊ូនាំចេញឆ្នាំ២០១៧ កើនឡើង១០២.៧៨០តោន ត្រូវនឹង អត្រាកំណើនប្រចាំឆ្នាំ ២១.៧១ភាគរយ។ ចំពោះទឹកប្រាក់ដែលបានពីការនាំចេញ អត្រាកំណើន ប្រចាំឆ្នាំស្មើនឹង១២.១៣ភាគរយ។

បើធៀបនឹងឆ្នាំ២០១៦ ដែលការ នាំចេញមាន ១៤៥.១០តោន សើ្មនឹងទឹកប្រាក់ចំនួន ១៨៧,១៦លានដុល្លារអាម៉េរិក ផលិតផល កៅស៊ូនាំចេញនៅកម្ពុជា តម្លៃជាមធ្យម ១.៥៨៥ដុល្លារ ក្នុង១តោន។ បើធៀបនឹងឆ្នាំ ២០១៦ ដែលតម្លៃមធ្យម១.២៩០ដុល្លារ ក្នុង១តោនឃើញថាមានការកើនឡើង ២៩៥ដុល្លារ ក្នុង១តោន ស្មើនឹង២២.៨៧ភាគរយ។

ដោយឡែកចំពោះការជំរុញផលិតកម្មសត្វ និងសុខភាពសត្វ ការចិញ្ចឹមសត្វ ដូចជា ជ្រូក និងសត្វស្លាប ជាលក្ខណៈគ្រួសារនិងកសិដ្ឋានក្នុងរយៈពេល៥ឆ្នាំ ពីឆ្នាំ២០១៣-២០១៧ មាននិន្នាការកើនឡើងគួរឱ្យកត់សម្គាល់។ ចំពោះការចិញ្ចឹមគោមានការប្រែប្រួលថយ ចុះ ប្រមាណពី៣.៤៣លានក្បាលនាឆ្នាំ២០១៣ មកត្រឹមតែ២.៩៧លានក្បាលនាឆ្នាំ២០១៧។

រីឯក្របីក៏មានការប្រែប្រួលថយចុះប្រមាណពី៦១៩ពាន់ក្បាល នាឆ្នាំ២០១៣ មកត្រឹមតែ៥០៩ ពាន់ក្បាល នាឆ្នាំ២០១៧។ ការថយចុះចំពោះផលិតកម្មចិញ្ចឹមសត្វគោ ក្របីនេះ គឺជាការថយ ចុះបណ្តាលមកពីកសិករកាន់តែច្រើនឡើងៗបោះបង់ការភ្ជួររាស់ដោយគោ ក្របីមកប្រើប្រាស់ សេវាគ្រឿងយន្តកសិកម្ម ជាង៨៥ភាគរយ នៃផ្ទៃដីដាំដុះដំណាំស្រូវត្រូវបានអនុវត្តន៍ ដោយគ្រឿងយន្ត កសិកម្ម កង្វះកម្លាំងពលកម្មនៅជនបទ ចំណាកស្រុក មានការលំបាក ក្នុងការស្វែងរកតំបន់មានទឹក និងចំណីគ្រប់គ្រាន់សម្រាប់ការចិញ្ចឹមសត្វគោ ក្របី។

ទន្ទឹមនឹង ការថយចុះការអូសទាញនេះកសិករ បានងាកមកចិញ្ចឹមគោមេ និងគោយកសាច់ហើយ ជាមួយគ្នានោះ ក៏មានការចាប់ផ្តើមការវិនិយោគឯកជនចិញ្ចឹមគោសាច់វិញផងដែរ។

ដោយមានការអភិវឌ្ឍវិស័យចិញ្ចឹមសត្វការគ្រប់គ្រងកាកសំណល់ពីសត្វក៏ត្រូវបានយកចិត្តទុកដាក់ខ្ពស់តាមរយៈការអប់រំណែនាំ ផ្សព្វផ្សាយការអនុវត្តល្អប្រសើរលើការចិញ្ចឹមសត្វ ការសាង សង់ឡជីវឧស្ម័ននៅកសិដ្ឋានចិញ្ចឹមសត្វនិងនៅតាមគ្រួសារកសិករចិញ្ចឹមសត្វ។ការសាងសង់ឡជីវឧស្ម័នថ្នាក់ជាតិ បាននិងកំពុងអនុវត្តន៍យ៉ាងសកម្មផុសផុល ដែលមកទល់ឆ្នាំ២០១៧ ឡជីវឧស័្មនសរុបចំនួនជាង២៦.៥០ពាន់ឡ ត្រូវបានសាងសង់នៅតាមបណ្តាខេត្តគោល ដៅចំនួន១៣។

ទន្ទឹមនេះ ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ សមិទ្ធផលសំខានៗក្នុងផ្នែកជលផល ត្រី ជាអាហារប្រចាំថ្ងៃយ៉ាងសំខាន់របស់ប្រជាជនកម្ពុជាតាំងពីដើមរៀងមកព្រោះត្រីផ្ដល់នូវសារជាតិប្រូតេអ៊ីនប្រមាណជាង៨១ភាគរយនៃប្រូតេអ៊ីនសាច់ដែលប្រជាជនកម្ពុជាបរិភោគ។

វិស័យជលផលក៏បានចូលរួមចំណែតផ្តល់មុខរបរដល់ប្រជាពលរដ្ឋប្រមាណ៦លាននាក់ បង្កើនប្រាក់ចំណូលដល់ប្រជាជន ដើម្បីជួយកាត់បន្ថយភាពក្រីក្រ និងជួយអភិវឌ្ឍន៍ សេដ្ឋកិច្ចជាតិផងដែរ។

តែទោះយ៉ាងណា ការអភិវឌ្ឍសហគមន៍នេសាទ មកដល់ដំណាច់ ឆ្នាំ២០១៧ រដ្ឋបាលជលផលបានបង្កើតសហគន៍នេសាទសរុបចំនួន៥១៦សហគមន៍ នៅតាម បណ្តាលខេត្តនានា ដោយមានសមាជិកចូលរួមសរុប១៤៧.៥១គ្រួសារ ស្មើនឹង៣៣២.១៦៨ នាក់ ដែលមានទីតាំងក្នុងដែននេសាទទឹកសាប៤៧៥សហគមន៍ និងតំបន់ឆ្នេរសមុទ្រ៤១ សហគន៍នេសាទ៤០៨បានចុះបញ្ជីទទួលស្គាល់ជាផ្លូវការនៅក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទរួចហើយ។ នៅក្នុងដែននេសាទសហគន៍នេះ បានបង្កើតតំបន់អភិរក្ស៤៩៦ កន្លែង ដោយមានការបោះបង្គោលព្រំប្រទល់ កន្លែងអភិរក្សចំនួន៤.៩៨៨ដើម និងស្លាកសញ្ញា កន្លែងអភិរក្សបាន២៤២ស្លាកសម្រាប់សម្គាល់ទីតាំងកន្លែងអភិរក្សនៃកន្លែងនេសាទសហ គមន៍នីមួយៗដែលត្រូវការពារ និងគ្រប់គ្រង។ ការគ្រប់គ្រងសហគមន៍នេសាទ គឺជាប្រព័ន្ធ គ្រប់គ្រងតាមបែបវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលក្នុងការផ្តល់សិទ្ធិគ្រប់គ្រាន់ដល់ប្រជានេសាទនៅក្នុងមូលដ្ឋានដើម្បីគ្រប់គ្រងកន្លែងនេសាទរបស់ពួកគាត់។

ចំពោះការងារអភិរក្សជល ផល គឺការងារអភិរក្សត្រូវបានយកចិត្តទុកដាក់បំផុត ដើម្បីចូលរួមចំណែកធានាផល ប្រកប ដោយនិរន្តរភាព។ ក្រោយការរំសាយឡូត៍នេសាទឆ្នាំ២០១២មក មានកន្លែងអភិរក្សដែល បានបង្កើតថ្មីចំនួន៥០កន្លែង ដែលមានទំហំសរុប៩.៧៥៨ហិកតា។

បើគិតរួមទាំងកន្លែង អភិរក្សជលផលនៅតាមដែនសហគមន៍នេសាទ និងកន្លែងអភិរក្សសម្រាប់ប្រភេទធនធាន ជលផលដែលកំពុងរគ្រោះថ្នាក់ និងកន្លែងអភិរក្សនៅតាមតំន់ឆ្នេរ គឺមានរហូតដល់៦៤៤ កន្លែង។

ជារួមគិតចាប់ពីឆ្នាំ២០១៣មក បានសាងសង់បង្គោលកំណត់ព្រំប្រទល់ កន្លែង អភិរក្សជលផលកម្ពស់៨ម៉ែត្របាន១៦១បង្គោល និងកម្ពស់១២ម៉ែត្របាន ៧២បង្គោល ស្នាក់ការល្បាតបណ្តែតទឹក២៥ខ្នង ស្នាក់ការបេតុង៨ខ្នង និងស្នាក់ការធំសាឡង់៤។

ដោយឡែកសម្រាប់សកម្មភាពអភិរក្សជលផលផ្សេងៗទៀតរួមមាន អភិរក្សផ្កាថ្ម ស្មៅសមុទ្រ ៤.០៥០ហិកតា នៅតាមតំន់ឆ្នេរ ដាំព្រៃលិចទឹក និងព្រៃកោងកាង ៣.០៩២ហិកតា បោះ បង្គោលកំណត់ព្រំប្រទល់ព្រៃកោងកាង១០៩បង្គោល រៀបចំអន្លង់ត្រីមេពូជ ៩៧កន្លែង នៅតំបន់មេគង្គលើក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង លែងកូនត្រី និងកូនបង្កងជាង៥លាន ក្បាលទៅក្នុងបឹងធម្មជាតិ និងបានអភិរក្សធនធានជលផល កំពុងរងគ្រោះថ្នាក់ដូចជា អណ្តើកសរសៃ អណ្តើកសមុទ្រ កន្ធាយក្បាលកង្កែប ក្រពើ ត្រីផ្សោតទឹកសាប ផ្សោតទឹកប្រៃ និងសេះសមុទ្រ។ល។ ដែលធ្វើឱ្យចំនួនកើនឡើងចន្លោះពី១០-១៥ភាគរយ។

របាយការណ៍ក៏បានលើកឡើងទៀតថា ការអភិវឌ្ឍវារីវប្បកម្ម ជាគោលនយោបាយ ដ៏ចម្បងរបស់រាជរដ្ឋាភិបាលក្នុងការធានាសន្តិសុខស្បៀងជូនប្រជាពលរដ្ឋ និង ការកាត់បន្ថយ ការដាក់សំពាធលើធនធានជលផលក្នុងដែនទឹកធម្មជាតិ ការអភិវឌ្ឍវារីវប្បកម្ម ក៏ត្រូវ អនុវត្ថន៍តាមគ្រប់រូបភាព និងគ្រប់ទីកន្លែងរួមទាំងការបង្កើតស្រះជម្រកដីសហគមន៍ផងដែរ ដ្បើម្បី ធ្វើឱ្យផលវារីវប្បកម្មមានការកើនឡើងប្រមាណ២០ភាគរយជារៀងរាល់ឆ្នាំ។

ការ អភិវឌ្ឍវារីវប្បកម្មរួមមានការចិញ្ចឹមត្រី-បង្គាឆ្នាំ២០១៧ អនុវត្តន៍បាន២០៧.៤៤៣តោន កើន លើសឆ្នាំមុន៣៤.៩៤៣តោន ការចិញ្ចឹមក្រពើអនុវត្តន៍បាន ៣៩២.០០០ក្បាល កើន លើសឆ្នាំមុន៨៥.៧៧៧ក្បាល និងភ្ញាស់កូនត្រីពូជអនុវត្តន៍បាន ២០៥លានក្បាល កើន លើសឆ្នាំមុន ១១លានក្បាល។ ទន្ទឹមនឹងនេះ ក្រសួងកសិកម្ម បានបង្កើតកន្លែងភ្ញាស់ត្រី នៅទូទាំងប្រទេស៣០៩កន្លែង ជារបស់កសិករដែលអនុវត្តន៍តាមរយៈការផ្តល់បច្ចេកទេសពី រដ្ឋបាលជលផល និងបានបង្កើតសហគមន៍ស្រះជម្រកត្រី៨៦៤កន្លែង ព្រមជាមួយគ្នានោះ កន្លែងដែលបានរៀបចំធ្វើឱ្យផលត្រីតាមវាលស្រែកើនឡើង។ ការអភិវឌ្ឍបច្ចេក វិទ្យាកែច្នៃ និងគុណភាព ក្នុងឆ្នាំ២០១៧កន្លងទៅនេះ រដ្ឋបាលជលផលសម្រេចបាន នូវការរៀបចំ ប្រកាសស្តីពីការដាក់ឱ្យប្រើ និមិត្តសញ្ញាគុណភាពផលិតផលជលផល សៀវភៅណែនាំស្តីពី ការនាំចេញផលិតផលជលផល គោលការណ៍បច្ចេកទេស ស្តីពីការអនុវត្តស្តង់ដារអនាម័យ ល្អ ស្តង់ដារផលិតល្អ គោលការណ៍ AHCCP ក្រុមអនុវត្តន៍សម្រាប់ការកែច្នៃបង្គារ បង្កង បង្គារក្រៀម សាច់ក្តាម និងការកែច្នៃទឹកត្រី។

រដ្ឋបាលជលផលបាន ខិតខំពង្រឹងសមត្ថភាព មន្រី្តជំនាញតាមរយៈការផ្តល់នូវវគ្គបណ្តុះបណ្តាលស្តីពីវិធីសាស្រ្តវិភាគ និងយកសំណាក សម្រាប់វិភាគគុណភាព ខ្សែចង្វាក់តម្លៃជលផល និងបានពង្រឹងការ យល់ដឹងរបស់អ្នកកែច្នៃ និងអ្នកពាក់ព័ន្ធដទៃទៀតអំពីការអនុវត្តអនាម័យល្អ និងការអនុវត្ត ផលិតល្អ និងបានពង្រឹង ប្រព័ន្ធទីផ្សារតាមរយៈការបង្កើតសមាគមអ្នកកែច្នៃបាន២១សមាគម និងពង្រឹងការអនុវត្តនូវ គោលនយោបាយច្រកចេញចូលតែមួយតាមរយៈការផ្តល់សេវាសាធារណៈឱ្យកាន់តែ មាន ប្រសិទ្ធភាពសម្រាប់ជួយសម្រួលដល់វិស័យឯកជន៕

ដោយ ទូច វលក្ខណ៍