ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

គ.ជ.ប និងបណ្តាញព័ត៌មានរួមគ្នាទប់ស្កាត់ព័ត៌មានក្លែងបន្លំដែលធ្វើឱ្យប៉ះពាល់ដល់ ការបោះឆ្នោត

វិទ្យុជាតិកម្ពុជា៖ អត្ថបទ និងរូបភាព លោក វ៉ាង ភក្តី

គ.ជ.ប និងបណ្តាញព័ត៌មានអាជីពរួមគ្នាទប់ស្កាត់ការផ្តល់ព័ត៌មានក្លែងបន្លំដែលធ្វើឱ្យប៉ះពាល់ដល់ការបោះឆ្នោត ខណៈនៅសល់តែ៦ថ្ងៃទៀត ការបោះឆ្នោតសកលនឹងចូលមកដល់។

ឯកឧត្តម ឌឹម សុវណ្ណរុំ សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប មានប្រសាសន៍ថា គ.ជ.ប កំពុងខិតខំទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិតដែលធ្វើឱ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតដូចជា ការបន្ទុចបង្អាក់ប្រជាពលរដ្ឋមិនឱ្យទៅចូលរួមបោះឆ្នោត និងការបំប៉ោងពេលវេលានៃការបោះឆ្នោត និងលទ្ធផលបោះឆ្នោត ជាដើម។

ថ្លែងក្នុងកិច្ចពិភាក្សាជុំវិញព័ត៌មានក្លែងបន្លំ និងដំណើរការនៃការបោះឆ្នោតជាតិឆ្នាំ២០១៨ ដែលធ្វើឡើងក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ខែកក្កដានេះ ឯកឧត្តម បានព្រមានផ្លូវច្បាប់ចំពោះការផ្សាយព័ត៌មានទាំងឡាយណា ដែលធ្វើឱ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតជាតិខាងមុខនេះ ដោយនឹងត្រូវពិន័យជាប្រាក់ពី៥លានរៀល ទៅ២០លានរៀល ដោយគ.ជ.ប ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត។

ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយក ដ្ឋានព័ត៌មាន និងសោតទស្សន៍ របស់ក្រសួងព័ត៌មាន មានប្រសាសន៍ថា ក្រសួងបាននឹងកំពុងតាមដានចំពោះប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ដែលអនុវត្តការងារអាជីពដោយរំលោភធ្ងន់ធ្ងរខាងផ្នែកវិជ្ជាជីវៈអ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន។ ឯកឧត្តមបានបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ត្រូវតែអនុវត្តនូវវិជ្ជាជីវៈ និងក្រមសីលធម៌ចំពោះការផ្សព្វផ្សាយព័ត៌មាន ដែលនាំឱ្យមានការភ័ន្តច្រឡំឬនាំឱ្យសាធារណជនបាត់ទំនុកចិត្តលើការបោះឆ្នោត។

លោក ប៉ែន បូណា ប្រធានក្លឹមអ្នកកាសែតកម្ពុជា មានប្រសាសន៍ថា ការផ្សាយព័ត៌មានមិនពិត ឬការផ្សព្វផ្សាយព័ត៌មានដោយសំអាងលើពាក្យចចាមអារ៉ាម អាចបង្កឱ្យសង្គមគ្មានសណ្តាប់ធ្នាប់ និងអាចនាំឱ្យមានហិង្សា ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ ស្ថិរភាពនយោបាយ និងស្ថិរភាពសង្គម ជាដើម។ ជាមួយគ្នានេះ ក៏ធ្វើឱ្យបាត់បង់នូវតម្លៃនៃវិស័យសារព័ត៌មាន និងបាត់បង់ទំនុកចិត្តពីប្រជាពលរដ្ឋ។

គ.ជ.ប ស្នើសុំឱ្យក្រសួងមហាផ្ទៃចាត់វិធានការស្របតាមមាត្រា៤១នៃរដ្ឋធម្មនុញ្ញ ចំពោះការអំពាវនាវឱ្យប្រជាពលលរដ្ឋធ្វើពហិការក្នុងការបោះឆ្នោត តាមរយៈចេតនាជំរុញឱ្យមានការចែកខិតប័ណ្ណ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិ៕